អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក បៃ​ឌិន ជួយ​ឃោសនា​ឲ្យ​បក្ស​ប្រ​ធានា​ធិបតេយ្យ​ក្នុង​សមរភូមិ​កាន់កាប់​ព្រឹទ្ធសភា​
16, Dec 2020 , 3:59 pm        
រូបភាព
ប្រធានាធិបតីជាប់ឆ្នោតអាមេរិក ចូ បៃឌិន កំពុងឃោសនានៅទីក្រុង Atlanta រដ្ឋ Georgia នៅថ្ងៃទី ១៥ ខែធ្នូ ដើម្បីរកសំឡេងគាំទ្រឲ្យបេក្ខជនបក្សប្រជាធិបតេយ្យ២នាក់ ដែលប្រជែងយកកៅអីព្រឹទ្ធសភា។ រូបភាព​ AFP
ប្រធានាធិបតីជាប់ឆ្នោតអាមេរិក ចូ បៃឌិន កំពុងឃោសនានៅទីក្រុង Atlanta រដ្ឋ Georgia នៅថ្ងៃទី ១៥ ខែធ្នូ ដើម្បីរកសំឡេងគាំទ្រឲ្យបេក្ខជនបក្សប្រជាធិបតេយ្យ២នាក់ ដែលប្រជែងយកកៅអីព្រឹទ្ធសភា។ រូបភាព​ AFP
ដោយ:
​ប្រធានាធិបតី​ជាប់ឆ្នោត ចូ បៃ​ឌិន ញាប់ដៃ​ញាប់ជើង​ធ្វើ​ឃោសនា​ឲ្យ​បក្ស​ប្រជាធិបតេយ្យ​ក្នុង​សមរភូមិ​រដ្ឋ Georgia ដែល​នឹង​កំណត់ថា បក្ស​ណា​នឹង​គ្រប់គ្រង​ព្រឹទ្ធសភា​អាមេរិក​។ យុទ្ធនាការ​របស់លោក បៃ​ឌិន ធ្វើឡើង​ក្រោយ​ជ័យជម្នះ​របស់លោក ត្រូវបាន​ទទួលស្គាល់​ពី​សំណាក់​មន្ត្រីជាន់ខ្ពស់​ម្នាក់​របស់​បក្ស​សាធារណរដ្ឋ គឺ​លោក Mitch McConnell ដែលជា​មេដឹកនាំ​មតិ​ភាគច្រើន​នៅ​ព្រឹទ្ធសភា​អាមេរិក​បច្ចុប្បន្ន​។

 
 
​មួយថ្ងៃ​ក្រោយ​ប្រតិភូ​បោះឆ្នោត​ទទួលស្គាល់​ជា​ផ្លូវការ​ជ័យជម្នះ​លោក ចូ បៃ​ឌិន ការចាប់អារម្មណ៍ បាន​បង្វែរ​ទៅកាន់​សមរភូមិ​ដ៏​ក្តៅគគុក​ដើម្បី​ដណ្ដើម​ការកាន់កាប់​ព្រឹទ្ធសភា​អាមេរិក​វិញ ដែល​នឹង​ជះឥទ្ធិពល​ដល់​គោលនយោបាយ​ក្នុងស្រុក​របស់​រដ្ឋបាល​អាណត្តិ​ថ្មី ។ លោក បៃ​ឌិន បានធ្វើ​ដំណើរ​ទៅកាន់​រដ្ឋ Georgia ដើម្បី​ជួយ​រក​សំឡេងឆ្នោត​ឲ្យ​បេក្ខជន​បក្ស​ប្រជាធិបតេយ្យ​២​នាក់ ក្នុងការ​ប្រណាំងប្រជែង​លើក​ទី​២ ដែល​នឹង​កំណត់​តុល្យភាព​អំណាច​របស់​ព្រឹទ្ធសភា​អាមេរិក​។ 
 
«​ចុច​ស៊ី​ផ្លេ​សម្រាប់​អនាគត​សមាជិក​ព្រឹទ្ធសភា​អាមេរិក​របស់​អ្នក គឺ​លោក Jon Ossoff និង​លោក Raphael Warnock»​។ លោក បៃ​ឌិន ប្រាប់​អ្នកគាំទ្រ​លោក​បែបនេះ​ដែល​អង្គុយ​ស្ដាប់​លោក​ពី​ក្នុង​រថយន្ត ក្នុង​ទីក្រុង Atlanta ហើយក៏​ទទូច​ឲ្យ​អ្នកគាំទ្រ​ចេញទៅ​បោះឆ្នោត​នា​ថ្ងៃទី នា​ថ្ងៃទី ៥ ខែមករា ឆ្នាំ​២០២១​។ តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក​បៃ​ឌិន​សង្កត់ធ្ងន់ថា​៖«​បញ្ចូល​បុរស​ទាំងនេះ​ឲ្យ​លោក ហើយ​យើង​នឹង​គ្រប់គ្រង​ព្រឹទ្ធសភា​»​។ 
 
​ខណៈ​លោក ត្រាំ នៅតែ​បដិសេធ​ទទួលស្គាល់​លទ្ធផល​ឆ្នោត នៅ​ទីបំផុត មន្ត្រីជាន់ខ្ពស់​បក្ស​សាធារណរដ្ឋ​លោក Mitch McConnell ឈប់​សម្ងំស្ងៀម ហើយក៏​ផ្ញើ​សារ​ប្រា​ប់លោក​ប្រធានាធិបតី​ជិត​ផុត​អាណត្តិ​ផងដែរ​ថា វា​ដល់ពេល​ត្រូវ​បញ្ចប់​ហើយ​។ 
 
«​ប្រតិភូ​បោះឆ្នោត បានប្រកាស​ហើយ​។ ដូច្នេះ ថ្ងៃនេះ ខ្ញុំ​ចង់​អបអរ​ប្រធានាធិបតី​ជាប់ឆ្នោត ចូ បៃ​ឌិន »​។ លោក McConnell បញ្ជាក់​បែបនេះ​នៅមុខ​អង្គ​ព្រឹទ្ធសភា មុននឹង​បន្ថែម ពលរដ្ឋ​អាមេរិក ក៏​គួរ​មាន​មោទកភាព​ដែល​ពួកគេ​នឹងមាន​អនុ​ប្រធានាធិបតី​ជា​ស្ត្រី​ដំបូង​ផងដែរ គឺ​អ្នកស្រី កា​ម៉ា​ឡា ហារី​ស​។ 
 
​ជាមួយគ្នានេះ លោក បៃ​ឌិន ក៏បាន​ប្រាប់​អ្នកសារព័ត៌មាន មុន​ធ្វើដំណើរ​រដ្ឋ Georgia ថា លោក​មាន​កិច្ចសន្ទនា​តាម​ទូរ​សព្ទ​ល្អជា​មួយ​លោក McConnell ។ «​ខ្ញុំ​ប្រាប់​គាត់​ថា ខណៈ​យើង​ខ្វែងគំនិត​លើ​រឿង​ច្រើន​មែន វា​ក៏​មានរឿង​ដែល​យើង​អាចធ្វើ​ការរួម​គ្នា​ផងដែរ​»​។ លោក បៃ​ឌិន បញ្ជាក់​បែបនេះ​។​
 
​សូមបញ្ជាក់ថា បក្ស​ប្រជាធិបតេយ្យ ដែល​គ្រប់គ្រង​សភា​តំណាង​រួចហើយ ត្រូវការ​យកឈ្នះ​កៅអី​ព្រឹទ្ធសភា​ទាំងពីរ​របស់​រដ្ឋ Georgia តែម្ដង ដើម្បី​អាច​ក្ដោប​ក្ដាប់​ស្ថាប័ន​នីតិបញ្ញត្តិ​មួយ​នេះ ខណៈ​ខាង​បក្ស​សាធារណរដ្ឋ ត្រូវការ​ឈ្នះ​តែមួយ​ប៉ុណ្ណោះ​ដើម្បី​រក្សា​សំឡេង​ភាគច្រើន​របស់​ពួកគេ​។ តាម​លទ្ធផល​ជុំទីមួយ បក្ស​ប្រជាធិបតេយ្យ​ឈ្នះ​បាន​៤៨​កៅអី ឯ​បក្ស​សាធារណរដ្ឋ​មាន​៥០​កៅអី​។  
 
​យ៉ាងណាមិញ បើ​បក្ស​សាធារណរដ្ឋ រក្សាបាន​មែន​នោះ រដ្ឋបាល​លោក បៃ​ឌិន ទំនង​ជួប​ប្ហា​លំបាក​ច្រើន​រាប់​ពី​ការអនុម័ត​បេក្ខភាព​រដ្ឋមន្ត្រី និង​គោលនយោបាយ​សំខាន់ៗ ខណៈ​លោក McConnell នឹង​នៅតែ​ធ្វើជា​មេដឹកនាំ​សំឡេង​ភាគច្រើន​ក្នុង​ព្រឹទ្ធសភា​អាមេរិក​៕
 
 

Tag:
 ចូ បៃ​ឌិន​
  ព្រឹទ្ធសភា​
  បក្ស​ប្រជាធិបតេយ្យ
© រក្សាសិទ្ធិដោយ thmeythmey.com