ជាតិ
ឧបករណ៍​វាស់​ស្ទង់ Echosounder អាច​ប្រាប់​ពី​ពេលវេលា នៃ​ការធ្វើ​ចរាចរ​របស់​ត្រី ដែល​ចាក​ចេញពី​បឹង​ទន្លេសាប ត្រឡប់​ចូលទៅក្នុង​ទៅក្នុង​ទន្លេមេគង្គ​វិញ​
16, Dec 2020 , 9:29 pm        
រូបភាព
  រូបភាព​ពីលើ​អាកាស​បង្ហាញ​ពី​ទិដ្ឋភាព នៃ​ឧក​រណ៍​នេសាទ​ត្រី​ឧស្សាហកម្ម «​ដាយ​ត្រី​» តាម​បណ្តោយ​ដង​ទន្លេសាប នៅក្នុង​ឃុំ​កោះ​ចិន ស្រុក​ពញាឮ ខេត្តកណ្តាល​
រូបភាព​ពីលើ​អាកាស​បង្ហាញ​ពី​ទិដ្ឋភាព នៃ​ឧក​រណ៍​នេសាទ​ត្រី​ឧស្សាហកម្ម «​ដាយ​ត្រី​» តាម​បណ្តោយ​ដង​ទន្លេសាប នៅក្នុង​ឃុំ​កោះ​ចិន ស្រុក​ពញាឮ ខេត្តកណ្តាល​
ដោយ:
​កាលពី​ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅនេះ គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ សហការ​ជាមួយ វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ជលផល​ទឹកសាប នៃ​រដ្ឋា​បាល​ជលផល ដឹកនាំ​ដោយ​លោក​បណ្ឌិត ង៉ោ ប៉េង​ប៊ុន ដោយមាន​ការចូលរួម​ពី​សកល​វិទ្យាល័យ វ៉ា​ស៊ិន​តោន សហរដ្ឋអាមេរិក ដែលមាន លោក ជេ​កសិន អេ ស្វន Jackson A. Swan បាន​យក​ឧបករណ៍​វាស់​ស្ទង់ Echosounder ទៅ​ដាក់​ភ្ជាប់​ជាមួយ​ឧក​រណ៍​នេសាទ​ត្រី​ឧស្សាហកម្ម «​ដាយ​ត្រី​» តាម​បណ្តោយ​ដង​ទន្លេសាប នៅ​ជូរ​លេខ​១៥ នៅក្នុង​ឃុំ​កោះ​ចិន ស្រុក​ពញាឮ ខេត្តកណ្តាល និង មួយគ្រឿង​ទៀត នៅ «​ដាយ​ត្រី​» ជួរ​លេខ​៣ ម្តុំ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។

 

លោក​បណ្ឌិត ង៉ោ ប៉េង​ប៊ុន និង​លោក ជេ​កសិន អេ ស្វន Jackson A. Swan ក្នុងពេល​ដំឡើង​ឧបករណ៍​វាស់​ស្ទង់ Echosounder នៅលើ​ឧក​រណ៍​នេសាទ​ត្រី​ឧស្សាហកម្ម «​ដាយ​ត្រី​» តាម​បណ្តោយ​ដង​ទន្លេសាប នៅក្នុង​ឃុំ​កោះ​ចិន ស្រុក​ពញាឮ ខេត្តកណ្តាល​
 
​អ្នកស្រាវជ្រាវ​អេកូឡូស៊ី ជលផល​ទឹកសាប​ក្នុងប្រទេស លោក​បណ្ឌិត ង៉ោ ប៉េង​ប៊ុន បញ្ជាក់ថា​៖ «​ការដាក់​ឧបករណ៍​វាស់​ស្ទង់ Echosounder នេះ គឺ​ដើម្បី​សិក្សា​ពី​ពេលវេលា​ធ្វើចរាចរ និង​ដង់ស៊ីតេ​របស់​ត្រី​ដែល​ចាក​ចេញពី​បឹង​ទន្លេសាប​នា​រដូវប្រាំង ត្រឡប់​ចូលទៅក្នុង ទន្លេមេគង្គ​វិញ​»​។ លោក​បណ្ឌិត បាន​បន្តទៀតថា​៖ «​ក្រៅពី​ដាក់​ឧបករណ៍​វាស់​ស្ទង់​នេះ ក្រុមការងារ​របស់​យើង ក៏បាន​ប្រមូល​ទិន្នន័យ​ជាក់ស្តែង ដោយ​ធ្វើ​ការយក​សំណាក​ត្រី​ដើម្បី​សិក្សា​ពី​សមាសភាព​ប្រភេទ​ត្រី ប្រវែង និង​ទម្ងន់​របស់​ត្រី​ដែល​នេសាទ​បាន​ផងដែរ ដើម្បី​យកទៅ​ផ្ទៀងផ្ទាត់​ជាមួយ​ទិន្នន័យ​ដែល​ប្រមូលបាន ដោយ​ឧបករណ៍​វាស់​ស្ទង់ Echosounder»​។ 
 


 ក្រុមការងារ​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ កំពុង​ប្រមូល​ទិន្នន័យ​ជាក់ស្តែង ដើម្បី​យកទៅ​ផ្ទៀងផ្ទាត់​ជាមួយ​ទិន្នន័យ​ដែល​ប្រមូលបាន​ដោយ​ឧបករណ៍​វាស់​ស្ទង់ Echosounder
 
​បច្ចុប្បន្ន ឧបករណ៍​វាស់​ស្ទង់ Echosounder នេះ គឺជា​ប្រព័ន្ធ​ថ្មី​មួយ ដែល​ពុំទាន់​មានប្រើ​ប្រាស់​នៅឡើយ​ទេ ក្នុងការ​ប្រមូល​ទិន្នន័យ​ជលផល​ទឹកសាប​នៅក្នុង​ប្រទេស​កម្ពុជា​។ នេះ​គឺជា​កា​ដំឡើង​សាកល្បង ដែល​អាច​ឈានទៅរក​ការកត់ត្រា​ទិន្នន័យ​ជាក់លាក់​មួយ​នៅពេល​ខាងមុខ​។  លោក​បណ្ឌិត ង៉ោ ប៉េង​ប៊ុន សង្ឃឹមថា បន្ទាប់​ពីនេះ​ទៅ យើង​នឹង​បាន​បទពិសោធន៍​ពី​ការប្រើប្រាស់​ឧបករណ៍​ថ្មី​នេះ ដើម្បី​សិក្សា​ពី​ការធ្វើ​ចរាចរ និង​ការប៉ាន់ប្រមាណ​ដង់ស៊ីតេ​របស់​ត្រី​នៅ​ទន្លេសាប ដែលជា​ប្រយោជន៍​ដើម្បី​ទំនើបកម្ម​ការងារ​សិក្សា​ជ្រាវ​ជ្រាវ​ជលផល​ទឹកសាប​ឲ្យ​មាន​ភាព​សុក្រឹត និង​ការងារ​ប្រមូល​ទិន្នន័យ ដែល​បម្រើ​ឲ្យ​ការងារ​គ្រប់គ្រង​ធនធាន​ជលផល ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។ ការសិក្សា​ស្រាវជ្រាវ​នេះ ក៏មាន​ការចូលរួម​ពី​និស្សិត​ថ្នាក់បណ្ឌិត​ក្នុងស្រុក​ចំនួន​ពីររូប​ផងដែរ ដែល​នឹងត្រូវ​ទទួល​ការបណ្តុះបណ្តាល​ពី​ការប្រើប្រាស់ ឧបករណ៍​នេះ ដើម្បី​និរន្ត​ភាព​ការងារ​ស្រាវជ្រាវ​នេះ​ទៅ​ថ្ងៃ​អនាគត​។​
 
​លោក ជេ​កសិន អេ ស្វន Jackson A. Swan អ្នកជំនាញ ប្រើប្រាស់​ឧបករណ៍​វាស់​ស្ទង់ Echosounder មកពី​សាកលវិទ្យាល័យ វ៉ា​ស៊ិន​តោន សហរដ្ឋអាមេរិក បញ្ជាក់ថា​៖ «​យើង​ដាក់​ឧបករណ៍​វាស់​ស្ទង់​នេះ ក្នុង​គោលបំណង គឺ​ដើម្បី​ជា​ជំនួយ​បច្ចេកទេស​ដល់​រដ្ឋបាល​ជលផល ដែល​ពីមុនមក​ពុំ​ធ្លាប់មាន​ប្រើប្រាស់​នៅឡើយ ក្នុងការ​គ្រប់គ្រង​វិស័យ​ជលផល ដើម្បី​ឲ្យ​មាន​និរន្ត​ភាព​នោះ​»​។ 
 
​លោក ជេ​កសិន​បញ្ជាក់​បន្ថែមទៀត​ថា​៖ «​ខ្ញុំ​គិតថា​ធម្មតា និង​ជា​អកុសល អ្នកស្រាវជ្រាវ​លោកខាងលិច ដែល​បានមក​ប្រទេស​កម្ពុជា ដើម្បី​សុំ​ការសហការ​ស្រាវជ្រាវ​អ្វីមួយ ពួកគេ​បាន​នាំយកមក​នូវ​ឧបករណ៍​ទំនើបៗ មក​ទីនេះ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​។ បន្ទាប់ពី​ចប់​កិច្ចការ​ស្រាវជ្រាវ​ហើយ ពួកគេ​ទុក​ឧបករណ៍​ទាំងនោះ​ឲ្យ​ម្ចាស់​ប្រទេស ប៉ុន្តែ ពួកគេ​មិនបាន​បង្រៀន​ពី​របៀប​ប្រើប្រាស់​ឲ្យ​បានច្បាស់លាស់​ឡើយ​។ ប៉ុន្តែ ផ្ទុយ​ពី​ពួកគេ ខ្ញុំ​នឹង​បង្រៀន​ពី​របៀប​ប្រើប្រាស់​ឧបករណ៍​ទាំងនេះ ដល់​និស្សិត​ថ្នាក់បណ្ឌិត​ជនជាតិខ្មែរ​ពីរ​នាក់ ដែល​ទទួលបាន​អាហារូបករណ៍​ពី​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ ពី​របៀប​ប្រើប្រាស់​ទាំងអស់​។ ដូច្នេះ ពេល​គម្រោង​នេះ​ចប់​ទៅ ពួកគេ​អាច​បន្ត​ប្រើប្រាស់​ឧបករណ៍​ទាំងនោះ​ជា​បន្តទៀត​បាន​ដោយ​រលូន​»​។​
 

​ក្រុមការងារ​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ រូប​ទី​១​រាប់​ពីឆ្វេង និស្សិត​អាហារូបករណ៍ ឈួ​យ សំអុល​, អ៊ុយ សោ​ភ័​ណ្ឌ​, ពិន កក្កដា​, លោក​បណ្ឌិត ង៉ោ ប៉េង​ប៊ុន និង​លោក ជេ​កសិន អេ ស្វន Jackson A. Swan
 
​ក្នុងពេល​រៀបចំ​ដំឡើង​គ្រឿង​បង្គំ​សំខាន់ៗ នៃ​ឧបករណ៍ Echosounder និស្សិត​អាហា​រូបកណ៍​ថ្នាក់បណ្ឌិត អ៊ុយ សោ​ភ័​ណ្ឌ និង ពិន កក្កដា ក៏បាន​ចូលរួម​ដោយផ្ទាល់​ក្នុង​ការងារ​នេះដែរ​។ ពួកគេ​បាន​ជួយ​ផ្គុំ​ឧបករណ៍ Transducer ទៅនឹង​ឧបករណ៍ Transceiver ក៏ដូចជា​ប្រព័ន្ធ​កុំព្យូទ័រ Raspberry Pi សម្រាប់​ញ្ជូ​ន​ទិន្នន័យ​ទៅ Savers និង​រៀន​ពី​របៀប​ទាញយក ទិន្នន័យ​ពី Savers វិញ​ផងដែរ​។ ពួកគេ​បានបញ្ជាក់​ដូចគ្នា​ថា ការសិក្សា​ពី​របៀប​ប្រើប្រាស់​ឧបករណ៍ Echosounder នេះ គឺជា​ចំណេះដឹង​ថ្មី​មួយ​សម្រាប់​ពូកគេ​។ ពីមុនមក ពូកគេ​ធ្លាប់តែ​ឮ​គេ​និយាយ​អំពី​វា តែ​មិនបាន​ជួប​ផ្ទាល់​ឡើយ​។ ឥឡូវនេះ ពួកគេ​បាន​ជួប និង​កំពុង​សិក្សា​អំពី​វា​។ ដូច្នេះ ពួកគេ​ប្តេជ្ញាចិត្ត​ថា នឹង​ខិតខំ​ឲ្យ​អស់ពី​សមត្ថភាព​សិក្សា​ពី​វា  ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ជា​ជំនួយ​ក្នុងការ​គ្រប់គ្រង​វិស័យ​ជលផល​ទៅ​ថ្ងៃ​អនាគត​»​។ 
 
​គួរ​បញ្ជាក់ថា ការដាក់​ឧបករណ៍​វាស់​ស្ទង់ Echosounder នេះ ប្រព្រឹត្តទៅ ២៤​ម៉ោង លើ​២៤​ម៉ោង មាន​រយៈពេល ប្រហែល ៤​ទៅ ៥ ខែ ( គឺ​ចាប់ពី​ខែវិច្ឆិកា រហូតដល់​ខែកុម្ភៈ ឬ​មិនា អាស្រ័យ​ទៅតាម​ការនេសាទ​នៃ​ដាយ​ត្រី ដើម្បី​ប្រមូល​ព័ត៌មាន​ពី​ដុង​ស៊ី​តេ​នៃ​ការធ្វើ​ចរាចរណ៍​ត្រី​ចេញពី​ទន្លេ​បឹង​ទន្លេសាប​។​
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com