ជាតិ
សេដ្ឋកិច្ច
ធនាគារ​វិនិយោគ​អឺរ៉ុប បោះទុន​ជិត​១០០​លាន​ដុល្លារ លើ​គម្រោង​កែលម្អ​ប្រព័ន្ធធារាសាស្ត្រ​កសិកម្ម​នៅ​កម្ពុជា​
16, Dec 2020 , 10:29 pm        
រូបភាព
រូបថត៖ ទំព័រហ្វេសប៊ុក European Union in Cambodia
រូបថត៖ ទំព័រហ្វេសប៊ុក European Union in Cambodia
ភ្នំពេញ​៖ ធនាគារ​វិនិយោគ​អឺរ៉ុប​(EIB) នឹង​បោះទុន​វិនិយោគទុន​នៅ​កម្ពុជា​ចំនួន​៨០​លាន​អឺរ៉ូ ឬ​ជិត​១០០​លាន​ដុល្លារ​អាមេរិក លើ​គម្រោង​កែលម្អ​ប្រព័ន្ធធារាសាស្ត្រ​កសិក​កម្ម​(IAIP)​។ បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ធនាគារ​EIB កាលពី​ថ្ងៃទី​១៤​ធ្នូ ឆ្នាំ​២០២០ ការវិនិយោគ​លើ​គម្រោង​កែលម្អ​ប្រព័ន្ធធារាសាស្ត្រ​កសិក​កម្មនេះ ដើម្បី​ពង្រីក​បណ្ដាញ​ផ្គត់ផ្គង់​ទឹក​និង​ប្រព័ន្ធធារាសាស្ត្រ ក្នុង​ខេត្ត​ចំនួន​៥ នៅ​កម្ពុជា​។

 
​តាម​គម្រោង​វិនិយោគ​នេះ  មាន​ពលរដ្ឋ​ប្រមាណ​២០​ម៉ឺន​នាក់ នៅក្នុង​ខេត្ត​ចំនួន​៥ រួមទាំង​ផ្ទៃដី​ដាំ​ដំណាំ​៥,១​ម៉ឺន​ហិកតា នឹង​ទទួលបាន​ផលប្រយោជន៍​ពី​ការគាំទ្រ​របស់​ធន​គារ​EIB​។ សេចក្តីប្រកាស​ព័ត៌មាន​លើ​ខាងលើ​បាន​បញ្ជាក់ថា គម្រោង​កែលម្អ​ប្រព័ន្ធធារាសាស្ត្រ​កសិក​កម្ម ផ្តល់​លទ្ធភាព​ឱ្យ​កម្ពុជា​អាចបង្កើត​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​ទិន្នន័យ​ធនធានទឹក ដែលមាន​សារៈសំខាន់​ក្នុង​រយៈពេល​វែង លើ​ការជួយ​ឱ្យ​ប្រទេស​អាច​កាត់បន្ថយ​ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ លើ​ការផ្គត់ផ្គង់​ទឹក និង​កសិកម្ម​។​
 
«​ធនាគារ​របស់​សហភាព​អឺរ៉ុប កំពុង​វិនិយោគ​លើ​អនាគត​រុងរឿង កាន់​តែមាន​សុវត្ថិភាព និង​ប្រកបដោយ​ចីរភាព​សម្រាប់​ពលរដ្ឋ​កម្ពុជា​»​។ នេះ​ជាការ​លើកឡើង​របស់ លោក Christian Kettel Thomsen អនុប្រធាន​ធនាគារ​EIB ដែល​ទទួលខុសត្រូវ​លើ​ប្រតិបត្តិការ​នៅ​កម្ពុជា ដោយ​បន្តថា​៖ «​រួមគ្នា​ជាមួយនឹង​ដៃគូ​មកពី​ធនាគារអភិវឌ្ឍន៍អាស៊ី និង​សហភាព​អឺរ៉ុប ដែល​យើង​កំពុង​រួមចំណែក​យ៉ាងពិត​ប្រាកដ​ដល់​កំណើន​សេដ្ឋកិច្ច​ប្រកបដោយ​បរិ​យាប​ន្ន តាមរយៈ​វិស័យ​កសិកម្ម និង​បង្កើន​ភាព​ធន់​ទៅនឹង​អាកាសធាតុ និង​គ្រោះមហន្តរាយ​នៅ​កម្ពុជា​»​។​
 
​បើតាម​លោក Christian Kettel Thomsen ការគាំទ្រ​បច្ចេកទេស និង​ហិរញ្ញវត្ថុ​នេះ នឹង​ធ្វើឱ្យ​កម្ពុជា​កាន់តែ​រឹងមាំ​, កាន់​តែមាន​សុវត្ថិភាព និង​កាន់តែ​ធន់​ទៅនឹង​ផលប៉ះពាល់​ដែល​បង្កឡើង​ដោយសារ​ការប្រែប្រួល អាកាសធាតុ​។ លោក បាន​បន្ថែមថា គម្រោង​នេះ ក៏​នឹង​ជួយ​ឆ្លើយតប​ចំពោះ​តម្រូវការ​ស្ដារឡើងវិញ​របស់​កម្ពុជា ក្រោយ​ជំងឺ​កូ​វីដ​-១៩ ជាមួយនឹង​ការយកចិត្តទុកដាក់​ចំពោះ​បរិស្ថាន​ផងដែរ​។ 
 
​គម្រោង​វិនិយោគ​លើ​កែលម្អ​ប្រព័ន្ធធារាសាស្ត្រ​កសិក​កម្ម​របស់​ធនាគា​រ​EIB នៅ​កម្ពុជា​នេះ ជា​គម្រោង​ទី​៣ ដែលមាន​រយៈពេល​ជិត​២​ឆ្នាំ​។ លោកស្រី​Carmen Moreno ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​ប្រទេស​កម្ពុជា ថា គម្រោង​នេះ​នឹង​បង្កើន​ផលិតកម្ម​កសិកម្ម ព្រមទាំង​លើកកម្ពស់​ភាព​ធន់​នឹង​អាកាសធាតុ និង​គ្រោះមហន្តរាយ ក៏ដូចជា​ផ្ដល់ឱ្យ​កម្ពុជា​នូវ​ជំនួយ​បច្ចេកទេស​ដ៏​មាន​សារៈសំខាន់ និង​ឧបករណ៍ សម្រាប់​លើកកម្ពស់​អភិបាលកិច្ច​ក្នុង​វិស័យ​គ្រប់គ្រង​ទឹក​។​
 
​តាមរយៈ​គម្រោង​នេះ ក្រុម​អឺរ៉ុប (Team Europe) បន្ត​គាំទ្រ​ដល់​កម្ពុជា ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ស្ដារឡើងវិញ​ប្រកបដោយ​បរិ​យាប​ន្ន និង​គិតគូរ​ពី​បរិស្ថាន​ក្រោយ​ជំងឺ​កូ​វីដ​-១៩ ក្នុង​វិស័យសេដ្ឋកិច្ច​។​លោកស្រី​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​ប្រទេស​កម្ពុជា​រូបនេះ បាន​អះអាង​ដូច្នេះ​៖«​ការធ្វើ​កសិកម្ម​ប្រកបដោយ​ចីរភាព និង​ភាព​ធន់ និង​ការគ្រប់គ្រង​ធនធានទឹក​ប្រកបដោយ​បរិ​យាប​ន្ន អាច​ជំរុញឱ្យមាន​ការស្ដារ​សេដ្ឋកិច្ច​ឡើងវិញ​កាន់តែ​រឹងមាំ​សម្រាប់​កម្ពុជា ព្រមទាំង​បង្កើត​ការងារ​ថ្មីៗ​ជូន​ប្រជាពលរដ្ឋនៅក្នុង​ប្រទេស​ផងដែរ​»​។​
 
​សម្រាប់​គម្រោង​កែលម្អ​ប្រព័ន្ធធារាសាស្ត្រ​កសិក​កម្មនេះ រាជរដ្ឋាភិបាល​កម្ពុជា​ស្វាគមន៍​ការវិនិយោគ​ពី​ធនាគារ​EIB ដោយ​ចាត់ទុកថា​នេះ ជា​ជំហាន​ដ៏​សំខាន់​មួយ​ដើម្បី​ឈាន​ឆ្ពោះទៅ​កែលម្អ​ជីវភាព​រស់នៅ និង​បង្កើន​ផលិតកម្ម​កសិកម្ម​នៅ​កម្ពុជា​។ លោក​អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានលើកឡើង​យ៉ាង​ដូច្នេះ ដោយ​បន្តថា គម្រោង​នេះ នឹង​ផ្ដល់​លទ្ធភាព​ឱ្យ​កម្ពុជា​កាន់តែ​អាច​បន្សាំ​ខ្លួន​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ និង​កែលម្អ​ការគ្រប់គ្រង​ធនធានទឹក​សម្រាប់​ការងារ​កសិកម្ម និង​របៀប​ធ្វើ​កសិកម្ម​។ 
 
​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​មានប្រសាសន៍ថា​៖«IAIP​នេះ ជា​គម្រោង​មួយ​ដ៏​ល្អ ដែល​បង្ហាញ​ពី​របៀប​ដែល​ដៃគូ​នានា​អាចធ្វើ​ការងារ​រួមគ្នា​ជុំវិញ​ចក្ខុវិស័យ​តែមួយ ដើម្បី​ឈានទៅ​លើកកម្ពស់​ភាព​ធន់​និង​វិបុលភាព​សម្រាប់​កម្ពុជា​»​។​
 
​សូមជម្រាបថា ធនាគារ​វិនិយោគ​អឺរ៉ុប បានផ្ដល់​ការគាំទ្រ​ដល់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​របស់​កម្ពុជា​ចាប់តាំងពី​ឆ្នាំ​២០១៨​មក​។ រហូតមកដល់​ទល់​ប​ច្ចុ​ប្បន្ន​ធនាគារ​សហភាព​អឺរ៉ុប​នេះ បាន​វិនិយោគ​ទឹកប្រាក់ ២២២.៥​លាន​អឺរ៉ូ​(​ប្រមាណ​២៧០​លាន​ដុល្លារ​អាមេរិក​) ក្នុងការ​រួមចំណែក​ដ​ល់​កំណើន​សង្គម និង​សេដ្ឋកិច្ច​នៅ​កម្ពុជា​៕

Tag:
 កសិកម្ម​
  វិនិយោគ​
  ប្រព័ន្ធធារាសាស្ត្រ​កសិកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com