សង្គមអន្តរជាតិ​
អន្តរជាតិ
អូស្ត្រាលី នឹង​ប្ដឹងទៅ WTO ករណី​ចិន​ដំឡើង​ពន្ធ​លើ​ស្រូវ​បា​ឡេ​របស់ខ្លួន​
16, Dec 2020 , 10:59 pm        
រូបភាព
រូបភាព Unsplash
រូបភាព Unsplash
​រដ្ឋាភិបាល​សហព័ន្ធ​អូស្ត្រាលី នៅ​ថ្ងៃទី​១៦ ខែធ្នូ បាន​បញ្ជាក់ថា ខ្លួន នឹង​ប្តឹងទៅ​អង្គការ​ពាណិជ្ជកម្ម​អន្តរជាតិ (WTO) លើ​ការសម្រេចចិត្ត​របស់រ​ដ្ឋា​ភិ​បាល​ចិន​ដែល​បាន​ដំឡើង​ពន្ធ​លើ​ស្រូវ​បា​ឡេ (Barley) របស់ខ្លួន​សរុប​រហូត​ដល់​៨០​ភាគរយ​។ ការបញ្ជាក់​នេះ ធ្វើឡើង​ស្របពេល​ក្រុង​កង់​ប៉េ​រ៉ា និង​ក្រុង​ប៉េកាំង កំពុងមាន​ភាព​តានតឹង​ជាមួយគ្នា លើ​បញ្ហា​ជាច្រើន​។

 
​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ លោក Simon Birmingham រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អូស្ត្រាលី ចាត់ទុក​ការដំឡើង​ពន្ធ​លើ​ស្រូវ​បា​ឡេ ពី​សំណាក់​ចិន ជាការ​ខ្វះ​មូលដ្ឋាន​ច្បាស់លាស់ និង​មិន​ស្រប​ទៅលើ​ការពិត និង​ភស្តុតាង​។ ទាក់ទិន​នឹង​បញ្ហា​នេះ អូស្ត្រាលី បានប្រកាស​ប្តឹងទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ឲ្យ​បើក​ការស៊ើបអង្កេត​ជុំវិញ​បញ្ហា​នេះ បើទោះបីជា​លោក​រដ្ឋមន្ត្រី បាន​ទទួលស្គាល់ថា នីតិវិធី​នៅ​អង្គការ​WTO ត្រូវ​ប្រើ​រយៈពេល​យូរ​ក៏ដោយ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
«​យើង​មាន​ទំនុកចិត្ត​លើ​ភស្តុតាង​, ទិន្នន័យ និង​ការវិភាគ ដែល​យើង​បានដាក់​ទៅ​»​។ លោក Birmingham បានលើកឡើង​បែបនេះ ដោយ​បន្ថែមថា អូស្ត្រាលី​មាន​សិទ្ធិ​ការពារ​ផលប្រយោជន៍ និង​វិបុលភាព​របស់​កសិករ​រ​បស់​ខ្លួន និង​អ្នក​ផលិត​ស្រូវ​បា​ឡេ​។ 
 
​នៅក្នុង​ខែឧសភា កន្លងមក ចិន​បាន​ដំឡើង​ពន្ធ​លើ​ស្រូវ​បា​ឡេ​របស់​អូ​ស្រា្ត​លី​រហូតដល់ ៨០,៥​ភាគរយ​ឯណោះ ដោយ​ក្នុងនោះ ៧៣,៦ ភាគរយ​លើ​ការលក់​តម្លៃ​ទាប​នៅក្នុង​ស្រុក​ចិន និង​៦,៩​ភាគរយ​ទៀត គឺជា​ពន្ធ​ប្រឆាំងនឹង​ការឧបត្ថម្ភ​ធន​ពី​សំណាក់​រដ្ឋាភិបាល​អូស្ត្រាលី​។ 
 
​ការដាក់​ពាក្យបណ្តឹង​ទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​នេះ ត្រូវបាន​អូស្ត្រាលី ចាត់ទុកថា គឺជា​វិធានការ​ឆ្លើយតប​ទៅនឹង​ចិន​។ ទន្ទឹមនេះ លោក​រដ្ឋមន្ត្រី បាន​ព្រមាន​ថា អូស្ត្រាលី ក៏​អាច​ប្រើ​វិធី​មួយ​នេះ លើ​វិស័យ​ផ្សេងទៀត​ផងដែរ​។ កន្លងមក ចិន បាន​ដំ​ឡើងលើ​ផលិតផល​អូស្ត្រាលី​ជាច្រើន​មុន​ដូចជា បង្កង កប្បាស សាច់គោ ធ្យូងថ្ម ស្ករ និង​ស្រា​ជាដើម​។​
 
​អូស្ត្រាលី នាំចេញ​ស្រូវ​បា​ឡេ ទៅ​ចិន​ប្រមាណ ១​ពាន់​លាន​ដុល្លារ​ឯណោះ ក្នុង​មួយឆ្នាំ ដោយ​ស្រូវ​ប្រភេទ​នេះ ភាគច្រើន យក​ត្រូវ​ផលិត​ជា​ស្រា​បៀ​។ ប៉ុន្តែ​ដោយសារ​គ្រោះរាំងស្ងួត​នៅក្នុង​ប្រទេស ការនាំចេញ​អូ​ស្រា្ត​លី​ទៅ​ចិន ត្រូវ​ធ្លាក់ចុះ​។ 
 
​ក្នុងការ​ដំឡើង​ពន្ធ​របស់​ចិន លើ​អូស្ត្រាលី ត្រូវបាន​អ្នកជំនាញ​មួយចំនួន មើលឃើញថា ក៏​ជា​ផ្នែក​មួយ​នៃ​បញ្ហានយោបាយ​ផងដែរ​។ ការដំឡើង​ពន្ធ​របស់​ចិន លើ​ទំនិញ​អូស្ត្រាលី​ម្តងៗ​ហើយ ម្តងទៀត​នេះ កើតឡើង​ចំពេល​ទំនាក់ទំនង​របស់​ប្រទេស​ទាំងពីរ​ធ្លាក់ចុះ​ទាប​បំផុត បើ​គិត​ចាប់តាំងពី​មានការ​បង្ក្រាប​នៅ​ទីលាន​ធាន​អាន​មេន នៅក្នុង​ឆ្នាំ​១៩៨៩ កន្លងមក​៕

Tag:
 អូស្ត្រាលី​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com