អ្នកស្រី MacKenzie Scott អតីតភរិយារបស់ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos បានបរិច្ចាគថវិកាសរុបជាង៤ពាន់លានដុល្លារទៅឲ្យមូលនិធិជំនួយអាសន្ន និងធនាគារស្បៀងអាហារ ក្នុងពេល៤ខែចុងក្រោយនេះ។ អ្នកស្រី អះអាងថាបានបរិច្ឆាគ១ពាន់លានដុល្លាររាល់ខែ។
ក្នុងវេបសាយផ្ទាល់ខ្លួន អ្នកស្រី MacKenzie Scott អាយុ៥០ឆ្នាំ បញ្ជាក់ថា អ្នកស្រីចង់ជួយពលរដ្ឋអាមេរិក ដែលរងគ្រោះដោយសារជំងឺកូវីដ-១៩ ខណៈបច្ចុប្បន្នជំងឺនេះ បានឆក់យកជីវិតមនុស្សនៅអាមេរិកជាង៣០,៨ម៉ឺននាក់ហើយ។
«ជំងឺរាតត្បាតសកលនេះ ប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពពលរដ្ឋអាមេរិក ដែលកំពុងលំបាកលំបិនរួចស្រាប់ហើយនោះ»។ អ្នកស្រី សរសេរបែបនេះលើវេបសាយផ្ទាល់ខ្លួនមួយ (blog) នៅថ្ងៃទី១៥ ខែធ្នូ មុននឹងបន្ថែមថា អ្នកស្រីបានជ្រើសរើសអង្គការសប្បុរសធម៌ជាង៣៨០កន្លែង ដើម្បីបរិច្ចាគលុយទាំង៤ពាន់លានដុល្លារនេះ។
សម្រាប់អ្នកស្រី Scott ផលប៉ះពាល់ទាំងផ្នែកសេដ្ឋកិច្ចនិងសុខភាព ដែលបង្កឡើងដោយជំងឺកូវីដ-១៩ ជះឥទ្ធិពលអាក្រក់ខ្លាំងសម្រាប់ស្ត្រី មនុស្សពណ៌សម្បុរ និងពលរដ្ឋក្រីក្រតោកយ៉ាក។ ដោយឡែក ទ្រព្យសម្បត្តិរបស់មហាសេដ្ឋី នៅតែបន្តកើនឡើង អំឡុងវិបត្តិនេះ។
អ្នកស្រី Scott ដែលជាអ្នកនិពន្ធសៀវភៅប្រលោមលោកម្នាក់ ជាមហាសេដ្ឋីលំដាប់លេខ១៨របស់ពិភពលោក។ សម្រាប់ឆ្នាំ២០២០ ទ្រព្យសម្បត្តិអ្នកស្រីហក់ឡើង ២៣,៦ពាន់លានដុល្លារ ដែលធ្វើឲ្យទ្រព្យសម្បត្តិសរុបរបស់អ្នកស្រីឈានដល់ ៦០,៧ពាន់លានដុល្លារហើយ។ តាមពិតទៅ ទ្រព្យសម្បត្តិភាគច្រើនរបស់អ្នកស្រី ជាចំណែកនៃការលែងលះនឹងលោក Bezos ដែលជាមហាសេដ្ឋីលំដាប់លេខមួយរបស់ពិភពលោក និងជានាយកប្រតិបត្តិក្រុមហ៊ុន Amazon.com ។
ក្នុងខែកក្កដាកន្លងទៅ អ្នកស្រី Scott បានបរិច្ចាគលុយ ១,៧ពាន់លានដុល្លារដល់អង្គការសប្បុរសធម៌ចំនួន១១៦កន្លែង ជាមួយគោលបំណងសំខាន់មួយគឺចង់អំពាវនាវដល់មហាសេដ្ឋី និងមេដឹកនាំដទៃទៀតឲ្យយកចិត្តទុកដាក់លើបញ្ហាមនុស្សធម៌នេះ។ បូកទាំងមុននិងក្រោយ លុយបរិច្ចាគសរុបរបស់អ្នកស្រីក្នុងឆ្នាំនេះកើនដល់ជិត៦ពាន់លានដុល្លារហើយ។
គោលដៅចម្បងនៃការបរិច្ចាគនេះ គឺជួយដល់អ្នករងគ្រោះដោយសារបញ្ហាខ្វះស្បៀងអាហារបរិភោគ និងមូលនិធិជំនួយអាសន្ន អំឡុងពេលវិបត្តិកូវីដ-១៩នេះ។ ម្យ៉ាងវិញទៀត កាលពីឆ្នាំមុន អ្នកស្រី បានចុះហត្ថលេខាលើកិច្ចសន្យាមួយហៅថា «Giving Pledge» ដោយអ្នកស្រីសន្យាបរិច្ចាគលុយមួយចំណែកធំនៃទ្រព្យសម្បត្តិអ្នកស្រីសម្រាប់បុព្វហេតុមនុស្សធម៌។
សូមបញ្ជាក់ផងដែរ លោក Bezos ក៏ជាមហាសេដ្ឋីដៃទូលាយផងដែរ ដោយកាលខែវិច្ឆិកាកន្លងទៅ លោកបានបរិច្ចាគលុយប្រមាណ ៨០០លានដុល្លារ ដើម្បីជួយការពារភពផែនដី ដែលកំពុងរងគ្រោះដោយសារបញ្ហាបម្រែបម្រួលអាកាសធាតុ។ មហាសេដ្ឋី Bezos ដែលមានទ្រព្យសម្បតិ្តជាង១៨០ពាន់លានដុល្លារ ក៏បានបង្កើតមូលនិធិ «Bezos Earth » កាលពីខែកុម្ភៈ ដែលសន្យាបរិច្ចាគលុយ១០ពាន់លានដុល្លារសម្រាប់បុព្វហេតុអាកាសធាតុ៕