ជាតិ
សេដ្ឋកិច្ច
​គម្រោង​បន្លែ​សុវត្ថិភាព​នៅ​៨​ខេត្ត រួមចំណែក​កាត់បន្ថយ​បន្លែ​នាំចូល​ពី​៧០ ទៅ​៨០​ភាគរយ​
17, Dec 2020 , 8:59 am        
រូបភាព
 ស្ត្រីជាកសិករម្នាក់បានស្ថិតនៅក្នុងគម្រោងជំរុញផលិតផលស្បៀងរបស់រាជរដ្ឋាភិបាល
ស្ត្រីជាកសិករម្នាក់បានស្ថិតនៅក្នុងគម្រោងជំរុញផលិតផលស្បៀងរបស់រាជរដ្ឋាភិបាល
​ភ្នំពេញ​៖ គម្រោង​ជំរុញ​ផលិតផល​ស្បៀង​តម្លៃ​២០​លាន​ដុល្លារ ដែល​ផ្តោត​សំខាន់​លើ​ការដាំ​បន្លែ​សុវត្ថិភាព​ដល់​ប្រជាកសិករ​២​ពាន់​គ្រួសារ ក្នុង​ខេត្ត​សក្តានុពល​ចំនួន​៨ ក្លាយជា​គំរូ​ដល់​កសិករ​ទៃ​ដើម្បី​កាត់បន្ថយ​ការ​នាំចូល​បន្លែ​ពី​៧០​ទៅ​៨០​ភាគរយ​។ នេះ​ជាការ​លើកឡើង​របស់លោក គៀន សុភា ប្រធាន​នាយកដ្ឋាន​សាកវប្បកម្ម និង​ដំណាំ​រួមផ្សំ​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម ដោយ​បញ្ជាក់ថា គម្រោង​ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​នេះ​បានបញ្ចប់​នៅ​ចុងឆ្នាំ​២០១៩ ដោយ​លទ្ធផល​វិជ្ជមាន​។

 
​បន្លែ​សុវត្ថិភាព​របស់​កសិក​រ​ចំនួន​២​ពាន់​គ្រួសារ នៅក្នុង​ខេត្ត​ទាំង​៨ មាន​ខេត្តកណ្តាល​, ព្រៃវែង​, កំពង​ចាម​, ត្បូងឃ្មុំ​, កំពត​, សៀមរាប​, ពោធិ៍សាត់ និង​បាត់ដំបង ដែល​ស្ថិតនៅក្នុង​គម្រោង​គាំទ្រ​ពី​រដ្ឋាភិបាល  នា​រយៈពេល​៣​ឆ្នាំ​(​ឆ្នាំ​២០១៦-២០១៩)​កន្លងមកនេះ អាច​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ​បាន​៦០​តោន​ក្នុង​មួយថ្ងៃ​។ លោក គៀន សុភា បាន​អះអាង ថា នេះ​ផល​វិជ្ជមាន​មួយ​យ៉ាង​ល្អ សម្រាប់​គម្រោង​ក្នុង​ការបន្ថយ​ការ​នាំចូល​បន្លែ​ពី​បរទេស ពិសេស​នាំចូល​ពី​ប្រទេស​វៀតណាម​។​
 
​ប្រធាន​នាយកដ្ឋាន​សាកវប្បកម្ម​និង​ដំណាំ​រួមផ្សំ​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​របស់​ក្រសួងកសិកម្ម​រូបនេះ បាន បន្ថែមថា កសិករ​ដាំ​បន្លែ​សុវត្ថិភាព​ទាំង​២​ពាន់​គ្រួសារ​នេះ គឺ​សុទ្ធសឹង​ជា​អ្នកមាន​លទ្ធភាព​ដាំ​បន្លែ​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​បាន​ពេញ​មួយឆ្នាំ​។ «​មូលហេតុ​ដែល​យើង​ជ្រើសរើស​ពួកគាត់​ទាំងនេះ គឺ​យើង​ចង់ឱ្យ​ពួកគាត់​ក្លាយជា​កសិករ​អាជីព ក្នុងការ​ផ្គត់ផ្គង់​បន្លែ​សុវត្ថិភាព​ឱ្យ​ទីផ្សារ​រហូត​»​។ បើតាម​លោក គៀន សុភា កសិករ​ចំនួន​២​ពាន់​គ្រួសារ ដែល​គម្រោង​ជំរុញ​ផលិតផល​ស្បៀង​ជ្រើស​រើសយក​មកឱ្យ​អនុវត្ត​ការ​ការដាំ​បន្លែ​សុវត្ថិភាព​នេះ ត្រូវបាន​មន្ត្រី​ជំនាញ​របស់​ក្រសួងកសិកម្ម​ផ្តល់នូវ​សម្ភារ​និង​បច្ចេកទេស​ដាំ​ដុះ​នានា ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ ពិសេស​ផ្តល់ជូន​នូវ​បន្លែ​ដែលមាន​គុណភាព និង​សុវត្ថិភាព នៅលើ​ទីផ្សារ​។ 


 
«​គម្រោង​ជំរុញ​ផលិតផល​ស្បៀង​ហ្នឹង តាមពិតទៅ​យើង​ធ្វើ​ប៉ុន​ណ្នឹ​ង វា​មិនមែនជា​លក្ខណៈ​ឱ្យ​គ្រប់គ្រាន់​ក្នុងការ​កាត់បន្ថយ​បន្លែ​នាំចូល​ពី​បរទេស​នោះទេ​។ ប៉ុន្តែ​អ្វីដែល​សំខាន់​គម្រោង​នេះ​យើង​អនុវត្ត​ឡើង ដើម្បីឱ្យ​កសិករ​២​ពាន់​គ្រួសារ​នោះ ក្លាយជា​កសិករ​គំរូ​[Model] ដល់​កសិករ​ដាំ​ដុះ​បន្លែ​ផ្សេងៗ ដែល​ស្ថិត​នៅក្រៅ​គម្រោង​យើង​ហ្នឹង​»​។ លោក គៀន សុភា បាន​រៀបរាប់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​នា​ព្រឹក​ថ្ងៃទី​១៤​ធ្នូ ឆ្នាំ​២០២០​យ៉ាង​ដូច្នេះ ដោយ​បន្ត​ពន្យល់ថា ភាពជា​គំរូ​របស់​កសិកម្ម​២​ពាន់​គ្រួសារ​នេះ ជាការ​អនុវត្ត​ខ្សែ​ច្រ​វ៉ា​ក់​ផលិតកម្ម​ដោយ​ចាប់ផ្តើម​ពី​ការដាំដុះ រហូតដល់​ទីផ្សារ ដែល​ស្ថិតនៅ​ការ​រ​បណ្តុះបណ្តាល​បច្ចេក​ទេស​ដាំ​បន្លែ​សុវត្ថិ ការ​ចងក្រង​ជា​ក្រុម​អ្នក​ផលិត​បន្លែ​សុវត្ថិភាព  ការរៀបចំ​ផែន​ការដាំដុះ​ជាមួយ​ឈ្មួញ​ឬ​ទីផ្សារ និង​ការលាង​សម្អាត​-​វេច​ខ្ចប់​បន្លែ​ឱ្យបាន​ស្អាត ត្រឹមត្រូវ​សម្រាប់​ដាក់​លើ​នៅ​ទៅ​ទីផ្សារ ពី​មន្ត្រី​ជំនាញ​របស់​ក្រសួងកសិកម្ម​។ 
 
​ថ្វី​ដ្បិត​ការបណ្តុះបណ្តាល​ដល់​កសិក​រ​២​ពាន់​គ្រួសារ​របស់​គម្រោង​ជំរុញ​ផលិតផល​ស្បៀង​នេះ មិនអាច​ឆ្លើយតប​នឹង​ការបន្ថយ​ការ​នាំចូល​បន្លែ​ពី​បរទេស​ឱ្យបាន​ច្រើន​ក៏ពិតមែន ប៉ុន្តែ​លោក គៀន សុភា បានបង្ហាញ​នូវ​សុទ្ទិដ្ឋិនិយម​ខ្ពស់​ថា កសិករ​២​ពាន់​គ្រួសារ​នេះ គឺជា​គំរូ​អនុវត្ត​ការដាំដុះ​បន្លែ​ល្អ​ដល់​ប្រជាកសិករ​នៅតាម​តំបន់ និង​ខេត្ត​ផ្សេងៗ ដើម្បី​ជំរុញ​ផលិតកម្ម​ដាំ​ដុះ​បន្លែ​សុវត្ថិភាព​បាន​កាន់តែ​ប្រសើរ ក្នុងការ​កាត់បន្ថយ​ការ​នាំចូល​បន្លែ​ពី​បរទេស​។ 
 
​មន្ត្រី​បច្ចេកទេស​នៃ​ក្រសួងកសិកម្ម​រូបនេះ​មានប្រសាសន៍​ដូច្នេះ​៖«​ប្រសិនបើ​មាន​កសិករ​១​ម៉ឺន​គ្រួសារ​ឡើងទៅ ដាំ​បន្លែ​សុវត្ថិភាព​ដែល​អនុវត្តតាម​គម្រោង​របស់​យើង គឺអាច​កាត់បន្ថយ​ការនាំ​បន្លែ​ចូល​ពី​បរទេស បាន​ពី​៧០​ទៅ​៨០​ភាគរយ​»​។ លោក គៀន សុភា បានបញ្ជាក់ ថា​៖« ភាគរយ​ដែល​យើង​អាច​កាត់បន្ថយ​នាំចូល​ពី​បរ​ទស​បាន​នេះ គឺ​មិន​រាប់បញ្ចូល​នូវ​ប្រភេទ​បន្លែ​ដែល​កសិករ​យើង​ដាំ​ដុះ​មិនបាន​។ ដូចជា​៖ ដំឡូងបារាំង​,​ខ្ទឹមបារាំង និង​ការ៉ុត​...​ជាដើម​»​។​
 
​របាយការណ៍​សង្ខេបរ​បស់​អគ្គនាយកដ្ឋាន​ក​សិ​កម្ម​នៃ​ក្រសួងកសិកម្ម​បានបង្ហាញ​ថា ក្រុម​កសិករ​គោលដៅ​ទាំង​២​ពាន់​គ្រួសារ​នៃ​គម្រោង​ជំរុញ​ផលិតផល​ស្បៀង  ផលិត​បន្លែ​សុវត្ថិភាព​បាន​ជាង​៦០​តោន​ក្នុង​មួយថ្ងៃ កាលពី​ឆ្នាំ​២០១៩​។ ចំនួន​នេះ​សម្រេចបាន​ត្រឹម​៤៧​ភាគរយ បើ​ធៀប​នឹង​សូចនាករ​របស់​គម្រោង​ដែល​បានកំណត់​លើ​ការផលិត​បន្លែ​ឱ្យបាន​៦​ម៉ឺន​តោន​ក្នុង​មួយឆ្នាំ​។  
 
​របាយកាណ៍​ដដែល​នេះ​បញ្ជាក់ថា ទំហំ​ផ្ទៃដី​ចូលរួម​អនុវត្ត​នៅក្នុង​គម្រោង​របស់​កសិក​រ​ចំនួន​២​ពាន់​គ្រួសារ​ខាងលើ មាន​សរុប​៦៩៧​ហិកតា​។ ក្នុងនោះ មាន​១, ៨៧៣​គ្រួសារ មាន​ផ្ទៃដី​តូច​ជាង​មួយ​ហិកតា និង ១២៧ គ្រួសារ​ទៀត មាន​ផ្ទៃដី​ធំ​ជាង​មួយ​ហិកតា​។ កសិករ​ទាំងអស់​ត្រូវ​បានរៀបចំ​ជា​ក្រុម​ផលិត​បន្លែ​សុវត្ថិភាព​ចំនួន ១៣៨​ក្រុម និង​បង្កើត​សហគមន៍​ផលិត​បន្លែ​ចំនួន ៣៣​សហគមន៍ ដើម្បី​ផលិត​បន្លែ​សុវត្ថិភាព​តាម​គោលការណ៍​ការអនុវត្ត​កសិកម្ម​ល្អ (GAP)​។​
 
​សូមជម្រាបថា កសិករ​២​ពាន់​គ្រួសារ​ក្នុង​គម្រោង​ជំរុញ​ផលិតផល​ស្បៀង​នេះ ផលិត​បន្លែ​បាន​ជាង​១​ម៉ឺន តោន នៅក្នុង​ឆ្នាំ​២០១៧ ហើយ​បាន​កើន​ដល់​ជិត​២,៥​ម៉ឺន​តោន ក្នុង​ឆ្នាំ​២០១៨៕ 
 

Tag:
 កសិកម្ម​
  បន្លែ​
  លោក គៀន សុភា
© រក្សាសិទ្ធិដោយ thmeythmey.com