សង្គមអន្តរជាតិ​
អន្តរជាតិ
តៃវ៉ាន់​ថា អាមេរិក​យល់ព្រម​លក់​បច្ចេកវិទ្យា​គន្លឹះ​សម្រាប់​សាងសង់​នាវាមុជទឹក​
16, Dec 2020 , 11:58 pm        
រូបភាព
នាវាមុជទឹកតៃវ៉ាន់។ រូបភាព៖AFP
នាវាមុជទឹកតៃវ៉ាន់។ រូបភាព៖AFP
ដោយ:
​មន្ត្រីជាន់ខ្ពស់​ក្រសួងការពារជាតិ​តៃវ៉ាន់​នៅ​ថ្ងៃទី​១៦ ធ្នូ បានប្រកាសថា អាមេរិក យល់ព្រម​លក់​ប្រព័ន្ធ​បច្ចេកវិទ្យា​សូ​ណា​នាំ​ផ្លូវ​សម្រាប់​ប្រើប្រាស់​ក្នុងការ​កសាង​នាវាមុជទឹក​ដែល​តៃវ៉ាន់​ផលិត​ក្នុងស្រុក​។​តៃវ៉ាន់​មាន​ផែនការ​សាងសង់​នាវាមុជទឹក​ក្នុងស្រុក​ចំនួន​៨​គ្រឿង​។ នាវា​ទីមួយ​រំពឹងថា​បញ្ចប់​ការសាងសង់​ក្នុង​ឆ្នាំ​២០២៥​។​

 
​ប្រព័ន្ធ​សូ​ណា​ឌីជីថល និង​ប្រព័ន្ធ​ប្រយុទ្ធ​រួម ជា​បច្ចេកវិទ្យា​គន្លឹះ ដែល​តៃវ៉ាន់​ត្រូវការ​ជា​ចាំបាច់​ក្នុង​ការកសាង​នាវាមុជទឹក​ដោយ​ខ្លួនឯង​។ នេះ​ជាការ​លើកឡើង​របស់លោក​Chang Che-ping អនុរដ្ឋមន្ត្រី​ក្រសួងការពារជាតិ​តៃវ៉ាន់​នៅ​ចំពោះមុខ​រដ្ឋសភា ពេល​លោក​ប្រកាស​ពី​ព័ត៌មាន​អាមេរិក​យល់ព្រម​លោក​បច្ចេកវិទ្យា​ឲ្យ​តៃវ៉ាន់​។​
 
​តៃវ៉ាន់ ត្រូវបាន​បច្ចេកវិទ្យា​ទាំងពីរ​សម្រាប់​ប្រើ​ក្នុង​នាវាមុជទឹក​របស់ខ្លួន ដែល​នាវាមុជទឹក​ដំបូង​កំពុង​ផលិត​ក្នុង​រោងចក្រ​ក្នុងស្រុក​។ តាម​គម្រោង តៃវ៉ាន់ នឹង​ផលិត​នាវាមុជទឹក​ដោយ​ខ្លួន​ចំនួន​៨​គ្រឿង ហើយ​គ្រឿង​ទីមួយ​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០២៥ ក្នុង​គោលដៅ​ពង្រឹង​វិស័យ​ការពារជាតិ ដោយ​ទំនើប​កម្មវិស័យ​យោធា​ទល់​ទៅនឹង​ការ​គំរាម​ពី​ចិន​។​។ បច្ចុប្បន្ននេះ តៃវ៉ាន់​មាន​នាវាមុជទឹក​ចំនួន​៤​គ្រឿង ដែល​ក្នុងនោះ​មាន​២​គ្រឿង​ផលិត​ដោយ​អាមេរិក ក្នុងអំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៤០​។​
 
​នៅក្នុង​សេចក្តីថ្លែងការណ៍​ថ្ងៃទី​១៦ ធ្នូ កងទ័ពជើងទឹក​តៃវ៉ាន់ លើកឡើងថា ខ្លួន​មាន​គម្រោង​ក្នុងការ​សាងសង់​នាវា​ប្រយុទ្ធ​រហ័ស (corvettes) ចំនួន​៦​ទៀត​ឲ្យ​រួចរាល់​នៅក្នុង​ឆ្នាំ​២០២៣​។ ដំបូង​ឡើយ កងទ័ពជើងទឹក​តៃវ៉ាន់ គ្រោង​សាងសង់​នាវា​ប្រយុទ្ធ​រហ័ស​ចំនួន​៣​គ្រឿង​ត្រឹម​នៅ​ឆ្នាំ​២០២៥ ប៉ុន្តែ​ផែនការ​ផ្លាស់ប្ដូរ​ដោយសារតែ​ការ​គំរាម​កើនឡើង​មិន​ឈប់​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។ 
 
​ចាប់​តាំងតែ​ពី​ឆ្នាំ​២០១៦ តៃវ៉ាន់ ចាប់ផ្ដើម​ពង្រឹងសមត្ថភាព​ការពារ​ខ្លួន​ខ្លាំង​ក្រោយពេល​លោកស្រី​Tsai Ing-wen កាន់តំណែង​ជា​ប្រធានាធិបតី​មក​។ តៃវ៉ាន់​អះអាងថា ចិន​បន្ត​ការ​គំរាម​ឥតឈប់ឈរ​មកលើ​ខ្លួន ហើយ​ការ​គំរាម​ទៀតសោត​កាន់តែ​កើនឡើង​ច្រើន​ទៅ និង​មាន​សភាព​ធ្ងន់ធ្ងរ​ជាង​មុន​។ ចិន ដែល​ចាត់ទុក​តៃវ៉ាន់​ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់ខ្លួន អះអាងថា ខ្លួន​នឹង​វាយប្រហារ​កាន់កាប់​តៃវ៉ាន់​បើសិនជា​ចាំបាច់​។​
 
​ទ​ប​ល់​ទល់នឹង​ការ​គំរាម​នេះ តែ​វ៉ាន់​បាន​បង្កើន​ការចំណាយ​យោធា​បន្ថែម​ដល់​ទៅ​១​ពាន់​លាន​ដុល្លារ ពោលគឺ​ពី​១៤​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២០ ទៅ​១៥​ពាន់​លាន​ដុល្លារ​សម្រាប់​ឆ្នាំ​២០២១​។ ដូចគ្នានេះដែរ អាមេរិក ក្រោម​ការដឹកនាំ​របស់​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បានសម្រេច​លក់​ប្រព័ន្ធ​អាវុធ​ទំនើបៗ​ឲ្យ​តៃវ៉ាន់​ដែលមាន​តម្លៃ​រហូតដល់​ទៅ​១៨​ពាន់​លាន​ដុល្លារ​។​
 
​ចិន​តែងតែ​ចេញមក​ប្រតិកម្ម និង​ថ្កោលទោស​ការលក់​អាវុធ​របស់​អាមេរិក​ទៅ​ឲ្យ​តៃវ៉ាន់​។ មិនតែប៉ុណ្ណោះ​ចិន​ថែមទាំង​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ដ​ល់​ក្រុមហ៊ុន​ផលិត​អាវុធ​របស់​អាមេរិក​ដូចជា Lockheed Martin, Boeing Defense និង Raytheon ទៀតផង​៕
 

Tag:
 ​តៃវ៉ាន់​
  ចិន​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com