COVID-19
អន្តរជាតិ
នាយករដ្ឋមន្ត្រី​ជប៉ុន រង​ការរិះគន់​ខ្លាំង ព្រោះ​ចូលរួម​ការជួបជុំ​ពិសារ​អាហារ​ដំណាច់ឆ្នាំ​
16, Dec 2020 , 5:00 pm        
រូបភាព
នាយករដ្ឋមន្រ្តីជប៉ុន ស៊ូហ្កា យូស៊ីហ៊ីដេ។ រូបភាព Xinhua
នាយករដ្ឋមន្រ្តីជប៉ុន ស៊ូហ្កា យូស៊ីហ៊ីដេ។ រូបភាព Xinhua
​នាយករដ្ឋមន្ត្រី​ជប៉ុន លោក ស៊ូ​ហ្កា យូ​ស៊ី​ហ៊ី​ដេ កំពុង​រង​ការរិះគន់​យ៉ាងខ្លាំង បន្ទាប់ពី​ចូលរួម​ក្នុង​កម្មវិធី​ជួបជុំ​ដំណាច់ឆ្នាំ​ជា​បន្តបន្ទាប់ ស្របពេល​លោក​អំពាវនាវ ឲ្យ​ប្រជាជន​ជៀសវាង​ការជួបជុំ​ណាមួយ ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​នៃ​កូ​វីដ​-១៩ នៅក្នុង​ប្រទេស​។ ប៉ុន្តែ​ការរិះគន់​នេះ ត្រូវបាន​រដ្ឋមន្ត្រី​រប​ស់លោក​និយាយ​ការពារ​នៅក្នុង​សភា នៅ​ថ្ងៃទី​១៦ ខែធ្នូ​។

 
​ករណី​ឆ្លង​នៅ​ជប៉ុន បាន​ហក់​ឡើង​យ៉ាងខ្លាំង​មួយរយៈ​ចុងក្រោយ​នេះ​។ នៅ​ថ្ងៃទី​១៥ ខែធ្នូ ជប៉ុន​មាន​ករណី​ឆ្លង ២២១៧​ករណី និង​អ្នក​ស្លាប់មាន​ចំនួន ៥៨​នាក់​។ ករណី​ឆ្លង​សរុប​មាន​ចំនួន​ជាង ១៨​ម៉ឺន​ករណី​។ ទាក់ទិន​នឹង​ករណី​ឆ្លង​បែបនេះ នាយករដ្ឋមន្ត្រី​ជប៉ុន លោក ស៊ូ​ហ្កា យូ​ស៊ី​ហ៊ី​ដេ បាន​អំពាវនាវ​ប្រជាជន កុំ​ឲ្យ​មានការ​ជួបប្រជុំ​ផ្សេងៗ​។ 
 
​ផ្ទុយ​ពី​ការអំពាវនាវ​របស់ខ្លួន លោកនាយក​រដ្ឋមន្ត្រី បែរជា​ចូលរួម​កម្មវិធី​ជួបជុំ​ញាំ​អាហារ​ជាមួយ​មន្ត្រីជាន់ខ្ពស់​រប​ស់​ខ្លួន​នៅ​ភោជនីយដ្ឋាន​មួយ​ទៅវិញ​។ បញ្ហា​នេះ បាន​បង្ក​ឲ្យ​មានការ​រិះគន់​យ៉ាងខ្លាំង​ពី​អ្នកនយោបាយ អ្នកលេង​បណ្តាញ​សង្គម និង​ដៃគូ​សម្ព័ន្ធមិត្ត​របស់ខ្លួន​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។ 
 
​ប៉ុន្តែ​ការជួបជុំ​នេះ ត្រូវបាន​មន្ត្រីជាន់ខ្ពស់​របស់លោក ស៊ូ​ហ្កា និយាយ​ការពារ​។ ថ្លែង​នៅក្នុង​សភា រដ្ឋមន្ត្រី​ពាណិជ្ជកម្ម លោក Yasutoshi Nishimura បាន​លើកឡើងថា ជប៉ុន គ្មាន​ច្បាប់​ចាប់បង្ខំ​ការ​ពិសារ​អាហារ​ឡើយ​។ ចំណែក​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក Katsunobu Kato លើកឡើងថា លោកនាយក​រដ្ឋមន្ត្រី បាន​គោរព​វិធាន​ទប់ស្កាត់​កូ​វីដ​-១៩ នៅក្នុង​ការជួបប្រជុំ​យ៉ាង​ល្អ​។ 
 
​នៅ​យប់​ថ្ងៃទី​១៤ ខែធ្នូ លោកនាយក​រដ្ឋមន្ត្រី​បាន​ជួបជុំ​ជាមួយ​មនុស្ស​ចំនួន​៦​នាក់ ដោយ​ក្នុងនោះ​រួមទាំង​មន្ត្រីជាន់ខ្ពស់​របស់​ជប៉ុន​ផង នៅ​ភោជនីយដ្ឋាន​លំដាប់​កំពូល​មួយ​នៅក្នុង​ខណ្ឌ Ginza ក្នុង​ក្រុង​តូ​ក្យូ​។ ជា​អ្នកចូលរួម​ក្នុង​កម្មវិធី​នេះ លោក Ryotaro Sugi តារា​សម្តែង​វ័យ ៧៦​ឆ្នាំ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ជំនួប​នេះ ជា​ពិធីជប់លាង​ដំណាច់ឆ្នាំ ដែល​និយាយ​ពី​កីឡា​វាយ​កូន​បាល់ (Baseball) ។ 
 
​លោក Toshihiro Nikai អគ្គលេខាធិការ​បក្ស​ប្រជាធិបតេយ្យ​សេរី (LDP) ដែល​កំពុង​កាន់អំណាច ហើយ​ដែលមាន​វត្តមាន​ដែរនោះ បាន​បញ្ជាក់ថា ក្នុងពេល​បរិភោគ​អាហារ អ្នកចូលរួម​បាន​ដោះ​ម៉ាស់​ទាំងអស់ ប៉ុន្តែ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​។ 
 
​លើសពីនោះ លោក​ស៊ូ​ហ្កា ក៏បាន​ជួប​ជាមួយ លោក Haruyuki Takahashi មន្ត្រី​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​រៀបចំ​កីឡា​ទីក្រុង​តូ​ក្យូ និង​បុគ្គលិក​របស់​ទូ​ទស្សន៍​ក្នុងស្រុក​ពីររូប​ទៀតផង​ដែរ​នៅ​ភោជនីយដ្ឋាន​មួយ​ផ្សេងទៀត​៕

Tag:
 ​ជប៉ុន​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com