COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
PSG ត្រៀម​ទទួល Messi ហើយ ក្រោយ Barca ចង់​បន្ថយ​ប្រាក់​ឈ្នួល​
16, Dec 2020 , 6:19 pm        
រូបភាព
Paris Saint-Germain ត្រូវបាន​រាយការណ៍​ថា​បាន​ត្រៀមខ្លួន​រួចស្រេច​សម្រាប់​ការ​ទៅដល់​របស់ Lionel Messi ស្របពេល​ខ្សែបម្រើ​ឆ្នើម​រូបនេះ​កំពុង​ចរចា​លើ​ការកាត់បន្ថយ​ប្រាក់​ឈ្នួល​របស់ខ្លួន​ជាមួយ Barcelona​។​


​បេក្ខភាព​ប្រធាន​ក្លិប​យក្ស​អេ​ស្ប៉ា​ញ​ថ្មី​លោក Emili Rousaud បាន​អះអាងថា Messi អាច​នឹង​ចាក​ចេញពី​ទឹកដី Nou Camp ប្រសិនបើ​រូបគេ​មិន​យល់ព្រម​នឹង​ការ​កាត់​ប្រាក់ខែ​ទេនោះ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត The Sun នៅ​ថ្ងៃទី​១៦ ខែធ្នូ​។​
 
​ក្លិប PSG ដែល​ស្ថិត​ក្នុងចំណោម​ក្លិប​ធំៗ​នៅ​អឺរ៉ុប​បានបង្ហាញ​ការចង់បាន​ម្ចាស់​ពានរង្វាន់ Ballon d'Or ៦ សម័យកាល​នេះ​ជា​យូរ​មកហើយ​នោះ ធ្វើការ​យ៉ាងខ្លាំង​ដើម្បី​ទាក់ទង​យក Messi ទៅ​រួម​ក្រុម​ដោយ​ចាប់​ដៃគូ​ជាមួយ​មិត្ត​ចាស់ Neymar និង Kylian Mbappé​។​
 
​តាម​ការផ្សាយ​របស់​កា​សែត​បារាំង​ជាច្រើន PSG មាន​ទំនុកចិត្ត​យ៉ាងខ្លាំង​ក្នុងការ​ទទួលបាន​ប្រធាន​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ​។ ពួកគេ​រំពឹងថា ការមកដល់​របស់ Messi នឹងធ្វើ​ឲ្យ​ពួកគេ​លក់​ខោអាវ និង​ទំនិញ​របស់​ក្លិប​បាន​រាប់រយ​លាន​ដុល្លារ​ទៀតផង​។​
 
Messi ដែល​ព្យាយាម​ចង់​ចាក​ចេញពី Barcelona កាលពីដើម​រដូវ​នេះ ក៏មាន​ការទាក់ទង​ខ្លាំង​ពី​សំណាក់​ក្លិប​អ្នកមាន Manchester City ផងដែរ​។ លោក Pep Guardiola អ្នកចាត់ការ​ទូទៅ​ក្រុម​មេឃ​ខៀវ​បានបង្ហាញ​ការចង់បាន និង​ប្រជែង​យក​អតីត​កូនក្រុម​ចាស់​រូបនេះ​ទៅកាន់​ទឹកដី​អង់គ្លេស​នៅ​ទីផ្សារ​ដោះដូរ​ខែមករា​ខាងមុខ​។​
 
​កិច្ចសន្យា​របស់​ខ្សែបម្រើ​វ័យ​៣៣​ឆ្នាំ នឹង​ផុតកំណត់​នៅ​ចុងបញ្ចប់​រដូវ​កាល ២០២០-២១ ស្របពេល​ក្លិប​បើក​ការចរចា​លើ​ការកាត់បន្ថយ​ប្រាក់​ឈ្នួល​ដ៏​ច្រើនសន្ធឹក​របស់ Messi អំឡុងពេល​ក្លិប​ជួប​វិបត្តិ​ដោយសារ​ជំងឺ COVID-19​។ យ៉ាងណា Messi នៅ​មិនទាន់​សម្រេច​ពី​អនាគត​ខ្លួន​ឡើយ ខណៈ​កូនៗ​របស់គេ​មិន​សប្បាយចិត្ត​រហូតដល់​ថ្នាក់​យំ​ផង នៅពេល​លឺ​ព័ត៌មាន​ពី​ផែនការ​ចាកចេញ​របស់​ឪពុក​៕
 

Tag:
 Paris Saint-Germain
  Lionel Messi
© រក្សាសិទ្ធិដោយ thmeythmey.com