កីឡាអន្តរជាតិ
អន្តរជាតិ
Firmino ស៊ុត​ចុង​ម៉ោង​ជួយ Liverpool ឈ្នះ Spurs ដើម្បី​ឈរ​កំពូល​តារាង EPL
17, Dec 2020 , 9:32 am        
រូបភាព
​ម្ចាស់​ការពារ​ជើងឯក Liverpool បាន​យកឈ្នះ Tottenham Hotspur ក្នុង​លទ្ធផល ២-១ ដើម្បី​ឡើងទៅ​ឈរ​កំពូល​តារាង Premier League បណ្តោះអាសន្ន​វិញ​។ Southampton ឡើងទៅ​លេខ​៣ ក្រោយ​ស្មើ Arsenal ១-១​។​


​ក្នុងជំនួប​ក្របខណ្ឌ​កំពូល​អង់គ្លេស​សប្តាហ៍​ទី​១៣ នៅ Anfield ថ្ងៃទី​១៦ ខែធ្នូ ខ្សែប្រយុទ្ធ Mohamed Salah រកបាន​គ្រាប់​នាំមុខ​ឲ្យ​ក្រុម​ម្ចាស់ផ្ទះ Liverpool នៅ​នាទី​២៦ មុនពេល Spurs តាម​ស្មើ​វិញ​ក្រោយ​៧​នាទី​បន្ទាប់​តាមរយៈ​ខ្សែប្រយុទ្ធ​កំពុង​លេចធ្លោ Heung-Min Son​។​
 
​ឈានចូល​ដល់​វគ្គ​ទី​២ ក្រុម​ហង្ស​ក្រហម​ដែល​គ្រប់គ្រង​បាល់​ដល់​ទៅ​៧៦​ភាគរយ​បាន​វាយ​សម្រុក​លើ​ក្រុម​របស់លោក Jose Morinho តាំងពីដើម​តង់​ដល់​ចុង​តង់​រហូត​ធ្វើបាន​សម្រេច​គ្រាប់​បាល់​ជ័យជម្នះ​នៅ​ទី​៩០ ដោយ​ការប្រើ​ក្បាល​តែ​ត​បញ្ចូល​ទី​របស់ Roberto Firmino​។ ចប់​ការប្រកួត Liverpool ឈ្នះ Spurs ២-១​។​
 
​ជ័យជម្នះ​នេះ​បាន​នាំ​ក្រុម​របស់លោក Juergen Klopp ឡើងទៅ​ឈរ​កំពូល​តារាង Premier League ខណៈ​ក្រុម​មាន់​ខ្នាយ​មាស​ត្រូវ​ធ្លាក់​ទៅ​លេខ​២ ។ ឆ្លងកាត់​ការប្រកួត​១៣​លើក Liverpool រកបាន​២៨​ពិន្ទុ នាំ​មុន Spurs ចំនួន​៣​ពិន្ទុ​វិញ​។​
 
​ដោយឡែក Southampton ដែល​បង្ហាញ​ភាពខ្លាំង​របស់ខ្លួន​រដូវ​កាល​នេះ​បាន​ឡើងទៅ​ចំណាត់ថ្នាក់​ទី​៣​ក្នុង​តារាង​លី​គ​កំពូល​អង់គ្លេស បន្ទាប់ពី​ស្មើ​ជាមួយ​ក្រុម​កំពុង​ធ្លា​ក់ជើង Arsenal ១-១​។ ក្រុម​ដែលមាន​លោក Ralph Hasenhuettl ជា​អ្នកចាត់ការ​ទទួលបាន​២៤​ពិន្ទុ​ពី​ការប្រកួត​១៣​លើក ឯ​ក្រុម​របស់លោក Mikel Arteta មាន​១៤​ពិន្ទុ និង​ឈរ​នៅ​លេខ​រៀង​ទី​១៥​។​
 
Everton ឡើងទៅ​ឈរ​លេខ​៥​វិញ ក្រោយ​ឈ្នះ Leicester City ២-០​។ តាមរយៈ​គ្រាប់​បាល់​របស់ Richarlison និង Mason Holgate ក្រុម​រហស្សនាម​ស្ក​គ្រាប់​កើន​បាន​២៣​ពិន្ទុ ឯ Leicester ធ្លាក់​ទៅ​លេខ​៤ មាន​២៤​ពិន្ទុ​ដដែល​។​
 
Leeds United យកឈ្នះ Newcastle United ៥-២ ខណៈ West Ham ស្មើ Crystal Palace ១-១​។ Fulham និង Brighton & Hove Albion ដែល​នៅ​គៀក​តំបន់​ត្រូវ​កាត់ចោល​បញ្ចប់​ទៅក្នុង​លទ្ធផល ០-០​។ Burnley, West Brom និង Sheffield United នៅ​បាត​តារាង​៕

Tag:
 Premier League
  Liverpool
© រក្សាសិទ្ធិដោយ thmeythmey.com