អនុប្រធានាធិបតីអាមេរិក ម៉ៃ ផេន នឹងចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ជាសាធារណៈ នាថ្ងៃទី១៨ ខែធ្នូ ខណៈប្រធានាធិបតីជាប់ឆ្នោត ចូ បៃឌិន រំពឹងចាក់វ៉ាក់សាំងឆាប់ៗនាសប្ដាហ៍ក្រោយ។ ចំណែកលោក ដូណាល់ ត្រាំ ត្រូវបានរាយការណ៍ថា នៅរង់ចាំការផ្ដល់អនុសាសន៍ពីក្រុមវេជ្ជបណ្ឌិតសេតវិមានជាមុនសិន។ ប៉ុន្តែនៅថ្ងៃទី១៦ ខែធ្នូ បុគ្គលិកសុខាភិបាលម្នាក់ បានប្រតិកម្មវ៉ាក់សាំងក្រោយចាក់បានបន្តិច។
លោកអនុប្រធានាធិបតី ម៉ៃ ផេន និងភរិយារបស់លោក អ្នកស្រី ខារ៉េន ផេន នៅថ្ងៃទី១៨ ខែធ្នូ នឹងចាក់វ៉ាក់សាំងនៅមុខកាមេរ៉ាតែម្ដងពីសេតវិមាន។ យោងតាមសេចក្តីថ្លែងការណ៍របស់សេតវិមានអាមេរិក លោក ផេន ដែលជាប្រធានក្រុមការងារទប់ស្កាត់កូវីដ-១៩ របស់សេតវិមាន សង្ឃឹមថា ទង្វើនេះនឹងកសាងទំនុកចិត្តក្នុងចំណោមពលរដ្ឋអាមេរិកពាក់ព័ន្ធនឹងសុវត្ថិភាពនិងប្រសិទ្ធភាពវ៉ាក់សាំងកូវីដ-១៩។
ដោយឡែក លោក ចូ បៃឌិន រំពឹងនឹងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឆាប់ៗនាសប្ដាហ៍ក្រោយ។ មន្ត្រីម្នាក់នៃក្រុមការងារផ្ទេរអំណាចរបស់លោក ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters បែបនេះ។ យ៉ាងណាមិញ កាលពីថ្ងៃទី ១៦ ខែធ្នូ ពីរដ្ឋ Delaware លោក បៃឌិន បានប្រាប់អ្នកសារព័ត៌មានដូច្នេះថា៖«ខ្ញុំមិនចង់ចាក់វ៉ាក់សាំងមុនគេឯងឡើយ ក៏ប៉ុន្តែខ្ញុំចង់ធានាថា យើងបង្ហាញទៅកាន់ពលរដ្ឋអាមេរិកថា វាមានសុវត្ថិភាពនឹងចាក់វ៉ាក់សាំង»។
ទោះជាបែបនេះ លោកសង្កត់ធ្ងន់ថា នៅពេលលោកចាក់វ៉ាក់សាំង លោកនឹងចាក់វាជាសាធារណៈ ដូច្នេះពលរដ្ឋអាមេរិកអាចមើលឃើញ និងមានទំនុកចិត្តនឹងធ្វើដូចគ្នានេះ។ ការសម្រេចចិត្តចាក់វ៉ាក់សាំងជាសាធារណៈ ជារឿងដ៏សំខាន់មួយក្នុងកិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដ្បិតថា បុគ្គលិកសុខាភិបាលអាមេរិកនៅព្រួយបារម្ភខ្លះពីសុវត្ថិភាពរបស់វ៉ាក់សាំងនេះ។
តាមការចុះផ្សាយរបស់ទូរទស្សន៍ CNN នៅថ្ងៃទី ១៦ ខែធ្នូ មន្ត្រីសេតវិមានអាមេរិក បានអះអាងថា លោកប្រធានាធិបតី ដូណាល់ ត្រាំ នឹងមិនចាក់វ៉ាក់សាំងកូវីដ-១៩ឡើយ រហូតដល់វ៉ាក់សាំងនេះ ត្រូវផ្ដល់អនុសាសន៍ដោយក្រុមវេជ្ជបណ្ឌិតរបស់សេតវិមាន។
ក៏ប៉ុន្តែ អំឡុងសន្និសីទព័ត៌មានកាលពីថ្ងៃចន្ទសប្ដាហ៍នេះ លេខាធិការព័ត៌មានរបស់សេតវិមានអាមេរិក អ្នកស្រី Kayleigh McEnany អះអាងថា លោកប្រធានាធិបតី មិនរារែកក្នុងការចាក់វ៉ាក់សាំងឡើយ តែលោកចង់ឲ្យបុគ្គលិកសុខាភិបាលទទួលបានអាទិភាពនេះមុនគេ។ លោក Anthony Fauci មន្ត្រីជំនាញជំងឺ បាននិយាយថា លោកនឹងផ្ដល់អនុសាសន៍ឲ្យលោក ត្រាំ និងលោក ផេន ទទួលវ៉ាក់សាំង។ លោកវេជ្ជបណ្ឌិត ក៏ទទូចឲ្យលោក បៃឌិន និងអនុប្រធានាធិបតី កាម៉ាឡា ហារីស ចាក់វ៉ាក់សាំងឲ្យបានឆាប់ៗតាមអាចធ្វើទៅបានដែរ។
យ៉ាងណាមិញ កាសែត The New York Times នៅថ្ងៃទី ១៦ ខែធ្នូ បានរាយការណ៍ថា បុគ្គលិកសុខាភិបាលម្នាក់នៅរដ្ឋ Alaska មានបញ្ហាប្រតិកម្មធ្ងន់ធ្ងរ ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុម Pfizer ។ ដោយស្រង់សម្តីពីមនុស្ស៣នាក់ កាសែតនេះ បានអះអាងថា ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី ១៥ ខែធ្នូ ហើយតែរូបគេមានសុខភាពប្រក្រតីវិញហើយ ក្រោយបានសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ប៉ុន្តែរបាយការណ៍ដដែល មិនបានបញ្ជាក់ទេថា បុគ្គលិកសុខាភិបាលរូបនោះ ធ្លាប់មានប្រវត្តិប្រតិកម្មពីមុនឬអត់ទេ។
សូមបញ្ជាក់ថា កាលពីសប្ដាហ៍មុន រដ្ឋបាលស្បៀងអាហារ និងឱសថអាមេរិក (FDA) បានអនុម័តឲ្យប្រើប្រាស់បន្ទាន់វ៉ាក់សាំងរបស់ក្រុមហ៊ុនអាមេរិក-អាល្លឺម៉ង់ Pfizer-BioNTech ដែលរកឃើញថាមានប្រសិទ្ធភាព៩៥ភាគរយបង្ការជំងឺកូវីដ-១៩។ ក្នុងសប្ដាហ៍នេះ សហរដ្ឋអាមេរិក បានផ្ដើមបើកយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយ ដោយបុគ្គលិកសុខាភិបាលជាក្រុមមនុស្សអាទិភាព៕