COVID-19
សុខភាព
អន្តរជាតិ
ក្រុមការងារ​ស្រាវជ្រាវ WHO នឹង​ទៅ​ចិន​ខែក្រោយ​ដើម្បី​រក​ប្រភព​ជំងឺ​កូ​វីដ​-១៩
17, Dec 2020 , 11:55 am        
រូបភាព
ស្រ្តីចិនជិះកង់ក្នុងទីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន។ រូបភាព AFP
ស្រ្តីចិនជិះកង់ក្នុងទីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន។ រូបភាព AFP
ដោយ:
​បេសកកម្ម​អន្តរជាតិ​មួយក្រុម​ដឹកនាំ​ដោយ​អង្គការ​សុខភាព​ពិភពលោក​(WHO) ត្រូវបាន​រំពឹងថា នឹងធ្វើ​ដំណើរ​ទៅ​ចិន​នៅ​សប្តាហ៍​ទី​១ នៃ​ខែមករា ឆ្នាំ​២០២១ ដើម្បី​ស្រាវជ្រាវ​ពី​ប្រភព​នៃ​វីរុស​ដែល​បង្ក​ទៅជា​ជំងឺ​រាតត្បាត​សាកល​កូ​វីដ​-១៩​។ ការស៊ើបអង្កេត​ពី​ប្រភព​នៃ​ជំងឺ​កូ​វីត​-១៩ ជាការ​ទាមទារ​របស់​ប្រទេស​ជាច្រើន រហូត​មាន​ទាំង​ចោទប្រកាន់ WHO​និង​ចិន​ថា ខ្វះ​តម្លាភាព​ស្តីពី​ប្រភព​នៃ​ជំងឺឆ្លង​នេះ​ទៀតផង​។​

 
​ក្រុម​បេសកកម្ម​របស់ WHO ដែលមាន​អ្នកជំនាញ​ពី​១២ ទៅ​១៥​នាក់ នឹងធ្វើ​ដំណើរ​ទៅកាន់​ទឹកដី ដើម្បី​ពិនិត្យ​ភស្តុតាង ដែល​រួមមាន​សំណាក​តេស្ត​របស់​មនុស្ស និង​សត្វ​ដែល​ប្រមូល​ដោយ​អ្នកស្រាវជ្រាវ​ចិន សំដៅ​រក​ប្រភព​ជំងឺ​កូ​វីដ​-១៩​។ ទីក្រុង​វូ​ហាន ក៏​ជា​គោលដៅ​របស់​ក្រុម​ស្រាវជ្រាវ​ដែរ​។ លោកស្រី Tea Fischer សមាជិក​ក្រុម​បេសកកម្ម​អះអាងថា ការសិក្សា​នេះ​នឹងមាន​រយៈពេល​៦​សប្តាហ៍ ដោយ​២​សប្តាហ៍​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​បន្ទាប់ពី​ធ្វើដំណើរ​ទៅដល់​ចិន​។​
 
​លោក Tarik Jasarevic អ្នកនាំពាក្យ WHO លើកឡើងថា នៅពេលនេះ​ក្រុមការងារ​កំពុង​រៀបចំ​សម្ភារ ដើម្បី​ធ្វើដំណើរ​ទៅ​ចិន​ឲ្យ​បាន​កាន់តែ​ឆាប់​តាមតែ​អាចធ្វើ​ទៅបាន​។ « យើង​សង្ឃឹមថា​ក្រុមការងារ​នឹង​អាច​ចេញ​ធ្វើដំណើរ​ក្នុង​ខែមករា​»​។ លោក Jasarevic និយាយ​បែបនេះ​ដែល​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​
 
​ទាក់ទង​រឿងនេះ អ្នកការទូត​បស្ចិម​លោក​ខ្លះ ចង់​ឲ្យ ក្រុមការងារ​គួរ​ណាស់​តែ​ចាកចេញ​ឲ្យ​បាន​មុន​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ប្រតិបត្តិ​របស់ WHO ស្រប​ពេលដែល​ទាំង​ចិន និង WHO សុទ្ធតែ​រង​សម្ពាធ​យ៉ាងខ្លាំង​ពី​ប្រទេស​ដទៃ​ក្នុងការ​ស៊ើបអង្កេត​ពី​ប្រភព​កំណើត​របស់​វីរុស​។ កាលពី​ខែឧសភា​កន្លងទៅ រដ្ឋមន្ត្រី​សុខាភិបាល​ប្រទេស​ជាច្រើន បាន​អំពាវនាវ​ឲ្យ​ស្ថាប័ន​សុខាភិបាល​អន្តរជាតិ​មួយ​នេះ​កំណត់​ពី​ប្រភព​នៃ​វីរុស ក៏ដូចជា​របៀប​នៃ​ការឆ្លង​របស់​វីរុស​ពី​សត្វ​ផងដែរ​។​
 
​ចំពោះ​ការស្រាវជ្រាវ​ស្វែងរក​ប្រភព​ជំងឺ​វិញ លោក​Peter Ben Embarek អ្នកជំនាញ​សុខភាព​សត្វ​របស់ WHO លើកឡើងថា ក្រុម​បេសកកម្ម​នេះ​ក៏មាន​បំណង​ក្នុងការ​សម្ភាស​កម្មករ​ដែល​ធ្វើការ​ក្នុង​ផ្សារ​នៅ​ទីក្រុង​វូ​ហាន​ដើម្បី​ចង់ដឹងថា​ពួក​គែ​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ដោយ​របៀប​ណា​។ លោក​បន្ថែមថា គ្មាន​ភស្តុតាង​ណា​ចង្អុល​បង្ហាញថា​វីរុស​នេះ​ផលិតឡើង​ដោយ​មនុស្ស​ឡើយ​។​
 
​អាជ្ញាធរ​ចិន បាន​ជូនដំណឹង​ទៅ WHO ស្តីពី​ជំងឺ​ផ្លូវដង្ហើម​ប្រភេទ​ថ្មី នៅ​ថ្ងៃទី​៣១ ធ្នូ ឆ្នាំ​២០១៩ ក្រោយ​មាន​ករណី​ផ្ទុះ​ជំងឺ​មិន​ធ្លាប់មាន​នេះ​ក្នុង​ទីក្រុង​វូ​ហាន​។ តាំងពី​មក អ​មេ​រិ​ក​វិញ បាន​ចោទប្រកាន់​ចិន​ថា​លាក់បាំង​ពី​ការផ្ទុះ​ជំងឺឆ្លង​នេះ និង​ក៏បាន​ទាមទារ​ផងដែរ​ឲ្យ WHO ធ​ស៊ើបអង្កេត​ដោយមាន​តម្លាភាព​ចំពោះ​ការ​ផ្ទុះឡើង​នេះ​៕

Tag:
 ​កូ​វីត​-១៩
 WHO
 ​ចិន
© រក្សាសិទ្ធិដោយ thmeythmey.com