សង្គមអន្តរជាតិ​
អន្តរជាតិ
ប្រមុខ​ដឹកនាំ​កំពូល​អ៊ីរ៉ង់ ប្រាប់​រដ្ឋាភិបាល​កុំ​ឲ្យ​ទុកចិត្ត​រដ្ឋបាល​ថ្មី​របស់​អាមេរិក​
17, Dec 2020 , 2:07 pm        
រូបភាព
មេដឹកនាំកំពូលអ៊ីរ៉ង់ អាយ៉ាតុឡាហ៍ អាលី ខាមេណី។ រូបភាពពី​ Twitter លោក ខាមេណី
មេដឹកនាំកំពូលអ៊ីរ៉ង់ អាយ៉ាតុឡាហ៍ អាលី ខាមេណី។ រូបភាពពី​ Twitter លោក ខាមេណី
​ប្រមុខ​ដឹកនាំ​កំពូល​អ៊ីរ៉ង់ លោក  អា​យ៉ា​តុឡា​ហ៍ អា​លី ខា​មេ​ណី (Ayatollah Ali Khamenei)  នៅ​ថ្ងៃទី​១៦ ខែធ្នូ បានបង្ហាញ​មុខជា​សាធារណៈ​ជា​លើកដំបូង និង​ណែនាំ​ឲ្យ​រដ្ឋាភិបាល កុំ​ទុកចិត្ត​រដ្ឋបាល​អាមេរិក​ថ្មី​ពេក​។ បើតាម​លោក ខា​មេ​ណី រដ្ឋបាល​អាមេរិក​មួយណា ក៏​ដូច​មួយណា​ដែរ​។ ការលើកឡើង​របស់លោក ខា​មេ​ណី ធ្វើឡើង​ស្របពេល​ទំនាក់ទំនង​អ៊ីរ៉ង់ និង​អាមេរិក កំពុងតែ​អាប់អួរ​ខ្លាំង​។

 
​ថ្លែង​នៅក្នុង​វេទិកាសាធារណៈ​ជា​លើកដំបូង បន្ទាប់ពី​មាន​ពាក្យ​លេចឡើង​ថា​សុខភាព​កំពុង​ចុះ​ទ្រុឌទ្រោម​នា​ដើមខែ​ធ្នូ​កន្លងទៅ លោក អា​យ៉ា​តុឡា​ហ៍ អា​លី ខា​មេ​ណី មេដឹកនាំ​កំពូល​អ៊ីរ៉ង់ បាន​បញ្ជាក់ថា អ៊ីរ៉ង់ មិនគួរ​ទុកចិត្ត​ប្រធានាធិបតី​ថ្មី​របស់​អាមេរិក ចូ បៃ​ឌិន ឡើយ បើ​ទោះ​កន្លងមក​លោក បៃ​ឌិន ធ្លាប់បាន​លើកឡើង​ពី​លទ្ធភាព​ក្នុង​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ​២០១៥ ឡើងវិញ​ក៏ពិតមែន​។​
 
«​ការផ្តល់​អនុសាសន៍រ​បស់​ខ្ញុំ គឺ​កុំ​ទុកចិត្ត​សត្រូវ​»​។ លោក ខា​មេ​ណី បានលើកឡើង​បែបនេះ នៅក្នុង​កិច្ចប្រជុំ​ជាមួយ​អ្នករៀបចំ​ពិធី​រំឭក​ខួប​របស់​មេបញ្ជាការ​ជាន់​ខ្ពស់​អ៊ីរ៉ង់ លោក Qassem Soleimani ដោយ​បន្ថែមថា ទង្វើ​អរិភាព​របស់​អាមេរិក មិនអាច​បញ្ចប់​បានទេ បើទោះជា​ចប់​អាណត្តិ​របស់​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ ក៏ដោយ​។ មេដឹកនាំ​កំពូល​អ៊ីរ៉ង់ បាន​លើកយក​ករណី​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា ដែល​កាលណោះ ក៏មាន​មនុស្ស​មួយចំនួន​លើកឡើងថា អរិភាព​នេះ អាច​នឹង​បញ្ចប់​ដែរ​។​
 
​ទាក់ទង​លទ្ធភាព​ចូលរួម​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥ មេដឹកនាំ​កំពូល​អ៊ីរ៉ង់ បានបង្ហាញ​ជំហរ​យ៉ាងច្បាស់​ថា លោក នឹងមិន​ជំទាស់​នឹង​កិច្ចខិតខំ​របស់​រដ្ឋាភិបាល​ឡើយ ប្រសិនបើ​វា​នាំទៅដល់​ការលុបចោល​ទណ្ឌកម្ម​។ បើតាម​លោក ខា​មេ​ណី អ៊ីរ៉ង់​មិនគួរ​ពន្យារពេល​ពិនិត្យ​លើ​កិច្ចព្រមព្រៀង​សូម្បី​តែមួយ​ម៉ោង​ឡើយ ប្រសិនបើ​លុបចោល​ទណ្ឌកម្ម​។ 
 
​ក្រៅពី​ជំហរ​របស់ខ្លួន​លើ​កិច្ចព្រមព្រៀង​អ៊ីរ៉ង់ និង​ការមិនទុកចិត្ត​អាមេរិក លោក ខា​មេ​ណី បាន​លើកឡើងថា លោក​សប្បាយចិត្ត​ពេល​លោក ត្រាំ ដែលជា​ឧក្រិដ្ឋជន និង​ជា​ប្រធានាធិបតី​អាមេរិក​គ្មាន​ច្បាប់ទម្លាប់ ចាក​ចេញពី​តំណែង ព្រោះ​លោក​ត្រាំ មិន​លើកលែង​ឲ្យ​អ៊ីរ៉ង់​ឡើយ សូម្បីតែ​បញ្ហា​វ៉ាក់សាំង​កូ​វីដ​-១៩ ។ ប៉ុន្តែ​អ៊ីរ៉ង់ ក៏​មិនត្រូវ​សប្បាយចិត្ត​ពេក ចំពោះ​ការមកដល់​របស់លោក​បៃ​ឌិន​ដែរ​។ 
 
​នៅ​ថ្ងៃទី​១៦ ខែធ្នូ អាមេរិក បានដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ចិន និង​ក្រុមហ៊ុន​របស់​អេ​មី​រ៉ាត់​អារ៉ាប់​រួម ដោយ​សំអាងថា បាន​គាំទ្រ​ការលក់​សារធាតុ​គីមី ដែល​ចម្រាញ់​ពី​ប្រេង​របស់​អ៊ីរ៉ង់​។ ចាប់ពី​ឆ្នាំ​២០១៨ ដែល​ដើរ​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ អាមេរិក បានដាក់​ទណ្ឌកម្ម​ជាច្រើន​លើ​អ៊ីរ៉ង់​។ ដោយសារ​ទណ្ឌកម្ម ត្រូវបាន​អ៊ីរ៉ង់ ត្អូញត្អែរថា ពិបាក ក្នុង​ការទិញ​ផលិតផល​មួយចំនួន សូម្បីតែ​ថ្នាំពេទ្យ និង​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ ព្រោះ​មិនមាន​ក្រុមហ៊ុន​ណា ហ៊ាន​លក់​ឲ្យ​ឡើយ ដោយ​ខ្លា​ចរង​ទណ្ឌកម្ម​របស់​អាមេរិក​។ 
 
​សូមបញ្ជាក់ថា ក្នុង​ថ្ងៃ​ដដែល​នេះ អ្នកតំណាង​ចិន បារាំង រុស្ស៊ី អ៊ីរ៉ង់ អាល្លឺម៉ង់ និង​អង់គ្លេស បាន​ជជែក​គ្នា​តាម​ប្រព័ន្ធ​វីដេអូ​រយៈពេល ២​ម៉ោង ជុំវិញ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥ និង​ការបន្ធូរបន្ថយ​ភាព​តានតឹង​មួយចំនួន​នៅក្នុង​តំបន់ បន្ទាប់ពី​ករណី​ឃាតកម្ម​លើ​អ្នកវិទ្យាសាស្ត្រ​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់ លោក Mohsen Fakhrizadeh៕ 

Tag:
 អាមេរិក​
  អ៊ីរ៉ង់
© រក្សាសិទ្ធិដោយ thmeythmey.com