អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
កូនប្រុស និង​កូនប្រសារ​ប្រុស​លោក​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ចូលប្រលូក​នយោបាយ​
17, Dec 2020 , 8:29 pm        
រូបភាព
លោក Gibran Rakabuming (កណ្ដាល) កូនប្រុសប្រធានាធិបតីឥណ្ឌណេស៊ី ចូកូ វីដូដូ ។ រូបភាព Bloomberg
លោក Gibran Rakabuming (កណ្ដាល) កូនប្រុសប្រធានាធិបតីឥណ្ឌណេស៊ី ចូកូ វីដូដូ ។ រូបភាព Bloomberg
ដោយ:
​នៅ​ថ្ងៃទី​៩ ធ្នូ​កន្លងទៅ ឥណ្ឌូណេស៊ី បានរៀបចំ​ការបោះឆ្នោត​ថ្នាក់​តំបន់​ដើម្បី​ជ្រើសរើស​អ្នកដឹកនាំ​សម្រាប់​ខេត្ត​ចំនួន​០៩ តំបន់​ចំនួន ២២៤ និង​ទីក្រុង​ចំនួន​៣៥​។ តាម​ការអះអាង​របស់​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី ការបោះឆ្នោត​ក្នុង​តំបន់​ក្នុង​ឆ្នាំ​២០២០​នេះ មានការ​ចូលរួម​បោះឆ្នោត​ច្រើន​គួរ​ឲ្យ​កត់សម្គាល់ ទោះបីជា​ប្រទេស​កំពុង​ស្ថិតក្នុង​វិបត្តិ​ជំងឺ​រាតត្បាត​ក៏ដោយ​។ ក៏ប៉ុន្តែ​សម្រាប់​អ្នក​តាម​នយោបាយ​ឥណ្ឌូណេស៊ី រឿង​គួរ​ឲ្យ​កត់សម្គាល់​មួយទៀត​នោះ​គឺ នយោបាយ​លក្ខណៈ​គ្រួសារ​របស់លោក​ប្រធានាធិបតី​ឥណ្ឌូណេស៊ី ចូ​កូ វី​ដូ​ដូ ។​

 
​នយោបាយ​ឥណ្ឌូណេស៊ី ដែលជា​ប្រទេស​ប្រជាធិបតេយ្យ​ធំ​បំផុត​មួយ​របស់​ពិភពលោក កំពុងតែ​ទាញ​ការចាប់អារម្មណ៍​ខ្លាំង​សម្រាប់​អ្នកតាមដាន​នយោបាយ​ក្នុង​តំបន់​។ ចំណុច​គួរ​ចាប់អារម្មណ៍​នោះ​គឺ មានការ​លើក​ចោទ​ពី​នយោបាយ​បែប​លក្ខណៈ​គ្រួសារ ឬ​សន្តតិវង្ស​របស់​មេដឹកនាំ​កំពូល​ឥណ្ឌូណេស៊ី លោក​ប្រធានាធិបតី ចូ​កូ វី​ដូ​ដូ បន្ទាប់ពី​កូនប្រុស​ច្បង និង​កូនប្រសារ​របស់លោក បានចាប់ផ្តើម​ប្រឡូក​ក្នុង​នយោបាយ​តាមរយៈ​ការបោះឆ្នោត​តំបន់​២០២០​នេះ​។​
 
 
​តាម​ចុះផ្សាយ​របស់​សារព័ត៌មាន Bloomberg លោក  Gibran Rakabuming វ័យ ៣៣ ឆ្នាំ ដែល​កូនប្រុស​ច្បង​របស់ លោក​ប្រធានាធិបតី វី​ដូ​ដូ បាន​ចូលរួម​ប្រកួតប្រជែង​ក្នុង​តំណែង​អភិបាលក្រុង Solo ដែលជា​កន្លែង​ឳ​ពុក​របស់លោក ធ្លាប់​ប្រកួតប្រជែង និង​ចាប់ផ្តើម​អាជីព​នយោបាយ​ក្នុង​ឆ្នាំ​២០០៥ កន្លងទៅ​។ តាម​ការព្យាករណ៍​ពី​ការរាប់​សន្លឹកឆ្នោត​ក្រៅផ្លូវការ លោក  Gibran ត្រូវបាន​រំពឹងថា នឹង​ទទួលបាន​តំណែង​នេះ​ក្នុង​សំឡេងគាំទ្រ​ភាគច្រើន ខណៈ​លទ្ធផល​ផ្លូវការ នឹង​ប្រកាស​នៅ​ថ្ងៃ​២០ ធ្នូ​ខាងមុខ​។ 
 
​ជា​រឿង​គួរ​ឲ្យ​កត់សម្គាល់​ផងដែរ​នោះ ក្នុង​ព្រឹត្តិការណ៍​នយោបាយ​ដដែល​នេះ កូនប្រសារ​ប្រុស​របស់លោក  វី​ដូ​ដូ គឺ លោក Muhammad Bobby Afif Nasution ក៏បាន​ចូលរួម​ប្រកួតប្រជែង​យក​តំណែង​ជា​អភិបាលក្រុង Medan និង​ត្រូវ​រំពឹង​ដូចគ្នា​ថា​នឹង​ឈ្នះ​ផងដែរ​។ ពួកគេ​ទាំងពីរ សុទ្ធតែ​ទទួលបាន​ការតែងតាំង​ពី​គណបក្សកាន់អំណាច​ឥណ្ឌូណេស៊ី​បច្ចុប្បន្ន ដើម្បី​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​។ 
 
​ជុំវិញ​បញ្ហា​នេះ កន្លងទៅ លោក វី​ដូ​ដូ ដែល​បច្ចុប្បន្ន​កំពុងតែ​ដឹកនាំ​រដ្ឋាភិបាល​ក្នុង​អាណត្តិ​ទី​ពីរ​របស់ខ្លួន​នោះ បាន​បដិសេធ​ការចោទប្រកាន់​ពី​មហិច្ឆតា​ក្នុងការ​បង្កើត​នយោបាយ​សន្តតិវង្ស​។ លោក អះអាងថា លោក មិនដែល​បង្ខំ​កូន​ណាមួយ​ឲ្យ​ដើរ​តាម​លោក ឬ​ប្រឡូក​នយោបាយ​ក្នុង​ច​រិ​ក​លក្ខណៈ​ដូច​ការចោទប្រកាន់​ឡើយ​។ សម្រាប់​លោក ប្រជាជន​គ្រប់រូប រាប់បញ្ចូល​ទាំង​កូនលោក​ផ្ទាល់ មាន​សិទ្ធិ​នយោបាយ​។ 
 
​យ៉ាងណាក៏ដោយ បើ​ត្រលប់​ទៅកាន់​កិច្ចសម្ភាសន៍​របស់​កូនប្រុស​ច្បង​លោក ចូ​កូ​វី គឺ​លោក  Gibran Rakabuming នៅ​ឆ្នាំ​២០១៨​កន្លងទៅ នយោបាយ មិន​ស្ថិតក្នុង​ការគិត​របស់​លោក​នោះទេ​។ នៅក្នុង​កិច្ចសម្ភាសន៍​របស់ លោក Gibran ជាមួយនឹង​សារព័ត៌មាន Jakarta Post ពេលនោះ លោក Gibran អះអាងថា លោក ផ្តោត​សំខាន់​តែ​លើ​មុខ​ជំនួញ​។ លោក ថែមទាំង​សង្កត់ធ្ងន់ថា រូបលោក​មិន​រស់នៅ​ក្រោម​កេរ្តិ៍ឈ្មោះ​របស់​ឳ​ពុក​ឡើយ ហើយ​រាល់​កិច្ចការ​រកស៊ី សុទ្ធសឹងតែ​ជា​កិច្ចប្រឹងប្រែង​ដោយ​ខ្លួន​ប៉ុណ្ណោះ​។ 
 
​នៅពេល​ដដែល​នោះ អ្នក​អ្នកសារព័ត៌មាន​សួរថា​តើ ពួកគេ​មាន​ចេតនា​ចង់​ដើរ​តាម​គន្លង​ឳ​ពុក​ក្នុង​ឆាកនយោបាយ​ឬ​យ៉ាងណា​នោះ ទាំង​កូនប្រុស និង​កូនស្រី​របស់លោក​ចូ​កូ​វី សុទ្ធតែ​បដិសេធ​។ ពួកគេ អះអាងថា ពួកគេ ចូលចិត្ត​ការងារ​រក​ស៊ី​ជាង​។ លោក ចូ​កូ​វី មានកូន​បីនាក់ ដែល​ពួកគេ សុទ្ធសឹងតែ​អ្នកជំនួញ​ពាក់ព័ន្ធ​នឹង ភោជនីយដ្ឋាន និង​លក់​សម្ភារៈ​។  
 
​គួរ​ជម្រាប​ផងដែរ​ថា លោក​ប្រធានាធិបតី វី​ដូ​ដូ បាន​ឡើងកាន់​អំណាច​ក្នុង​ឆ្នាំ​២០១៤​។ ក្រុមគ្រួសារ​របស់លោក​កម្រ​បង្ហាញមុខ​សាធារណៈ​ក្នុង​កិច្ចការ​ដឹកនាំ​ប្រទេស​ណាស់​។ ក្រុមគ្រួសារ​របស់លោក ក៏​ធ្លាប់​ត្រូវបាន​វាយតម្លៃថា ជា​គ្រួសារ​ដ៏​សាមញ្ញ និង​ដាក់ខ្លួន​បំផុត បើ​ប្រៀបធៀប​ទៅនឹង​ក្រុមគ្រួសារ​របស់​មេដឹកនាំ​ក្នុង​តំបន់​មួយចំនួន​៕
 
 
 

Tag:
 ឥណ្ឌូណេស៊ី​
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com