ជាតិ
ម្រេចកំពត បានកិច្ចការពារស្របច្បាប់ជាអន្តរជាតិនៅ៣២ប្រទេស រូបភាពផ្តល់ដោយលោក ងួន ឡាយ ប្រធានសមាគមលើកកម្ពស់ម្រេចកំពត
× ភ្នំពេញ៖ ម្រេចកំពត ត្រូវបានចុះបញ្ជីការពារជាលក្ខណៈអន្តរជាតិ នៅបណ្ដាប្រទេសចំនួន៣២ ក្រោមច្បាប់ទីក្រុងហ្សឺណែវ នាថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២០។ ការចុះបញ្ជីការពារនេះ គឺលើកិច្ចព្រមព្រៀងទីក្រុងលីស្បោន អំពី ឈ្មោះប្រភពដើមទំនិញ និងម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ។ នេះបើយោងតាមហ្វេសប៊ុក របស់ក្រសួងពាណិជ្ជកម្ម។
ក្រសួងពាណិជ្ជកម្ម បានដាក់ពាក្យស្នើសុំចុះបញ្ជីការពារម៉ាកសម្គាល់ភូមិសាស្ត្រទំនិញម្រេចកំពត ជាលក្ខណៈអន្តរជាតិតាំងពីថ្ងៃទី២១ ខែ តុលា ឆ្នាំ២០២០ មកម្លេះ ហើយការចុះបញ្ជីនេះ ក្នុងគោលបំណងមិនឱ្យភាគីផ្សេង រំលោភបំពានម៉ាកសម្គាល់របស់ម្រេចកំពត។
«ចាប់ពីពេលនេះតទៅ «ម្រេចកំពត» នឹងទទួលបានកិច្ចការពារស្របច្បាប់ មិនឱ្យភាគីទីបីប្រើប្រាស់ដោយគ្មានការអនុញ្ញាត និងរំលោភបំពាននានា ចំពោះម៉ាកសម្គាល់ភូមិសាស្ត្រទំនិញក្នុងបណ្ដាប្រទេសជាភាគីហត្ថលេខី»។ នេះជាការបញ្ជាក់របស់ ក្រសួងពាណិជ្ជកម្ម។
មុននឹងឈានដល់ការចុះបញ្ជី កម្ពុជាបានតម្កល់ខិលិតតុបករណ៍ នៃការចូលជាសមាជិកច្បាប់ទីក្រុងហ្សឺណែវ លើកិច្ចព្រមព្រៀងទីក្រុងលីស្បោនអំពីឈ្មោះប្រភពដើមទំនិញ និងម៉ាកសម្គាល់ភូមិសាស្ត្រ នៅអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) ហើយច្បាប់នេះចួលជាធរមាននៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២០។
គួរជម្រាបថា កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០១០ ក្រសួងពាណិជ្ជកម្មបានជ្រើសរើសម្រេចកំពត ចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញទី១ និងបានចុះបញ្ជីការពារម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ នៅប្រទេស ថៃ វៀតណាម និងសហភាពអឺរ៉ុបផងដែរ៕
Tag:
ម្រេច
កំពត
កសិកម្ម
សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com