COVID-19
សង្គមអន្តរជាតិ
អន្តរជាតិ
របាយការណ៍៖ រដ្ឋអូស្ត្រាលី Victoria រំលោភសិទ្ធិមនុស្សអំឡុងអនុវត្តវិធានការទប់ស្កាត់កូវីដ-១៩ រូបភាព AFP
× ការសម្រេចចិត្តរបស់រដ្ឋ Victoria ក្នុងការឃុំឃាំងពលរដ្ឋជាង៣ពាន់នាក់ក្នុងផ្ទះដើម្បីទប់ស្កាត់កូវីដ-១៩ ពុំធ្វើឡើងដោយផ្អែកលើយោបល់ផ្នែកសុខាភិបាលដោយផ្ទាល់ឡើយ។ មន្ត្រីការិយាល័យអង្កេតប្រចាំរដ្ឋ Victoria បញ្ជាក់បែបនេះក្នុងរបាយការណ៍ខ្លួន មុននឹងបន្ថែមថា ទង្វើនេះជាការរំលោភបំពានសិទ្ធិមនុស្ស។
រដ្ឋ Victoria ដែលជារដ្ឋមានប្រជាជនរស់នៅច្រើនលំដាប់ទី២របស់អូស្ត្រាលី បានបិទអាផាតមិនចំនួន៩ ដែលមានមនុស្សរស់នៅជាង៣០០០នាក់ កាលពីខែកក្កដា ដើម្បីទប់ស្កាត់រលកឆ្លងទី២នៃជំងឺកូវីដ-១៩។
មន្ត្រីការិយាល័យអង្កេតប្រចាំរដ្ឋ Victoria អ្នកស្រី Deborah Glass បានបញ្ជាក់ក្នុងរបាយការណ៍ដែលចុះផ្សាយនៅថ្ងៃទី ១៧ ខែធ្នូថា មន្ត្រីសុខាភិបាលជាន់ខ្ពស់របស់រដ្ឋ Victoria មានពេលត្រឹមតែ១៥នាទីប៉ុណ្ណោះដើម្បីពិចារណា និងអនុម័តវិធានការទប់ស្កាត់កូវីដ-១៩នេះ។ ត្រង់ចំណុចនេះ អ្នកស្រី សង្កត់ធ្ងន់ថា ការបិទទាំងប្រញាប់ប្រញាល់នេះ គឺល្មើសសិទ្ធិមនុស្ស។
មនុស្សដែលរស់នៅក្នុងអាផាតមិនចំនួន៨ ត្រូវបានឃុំឃាំងក្នុងផ្ទះពួកគេរយៈពេល៥ថ្ងៃ តែអាផាតមិនទី៩ ដែលមានករណីឆ្លងខ្ពស់ជាងគេ បានបិទរហូតដល់២សប្ដាហ៍។ តាមរបាយការណ៍របស់អ្នកស្រី Glass ដែលដកស្រង់ចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters ពលរដ្ឋខ្លះត្រូវបានទុកចោលដោយគ្មានស្បៀងអាហារ និងថ្នាំសង្កូវ ខណៈមនុស្សច្រើននាក់ផ្សេងទៀត បានទន្ទឹងរង់ចាំជាង១សប្ដាហ៍ទើបត្រូវអនុញ្ញាតឲ្យចេញទៅខាងក្រៅ។
រដ្ឋាភិបាល ព្រមទទួលស្គាល់ថា មានកំហុស តែអះអាងថា ការសម្រេចចិត្តនេះ ធ្វើឡើងដើម្បីធានាសុវត្ថិភាពរបស់ពលរដ្ឋ។ ត្រង់ចំណុចនេះ រដ្ឋមន្ត្រីផ្ទះគេហដ្ឋានប្រចាំរដ្ឋ Victoria លោក Richard Wynne ប្រាប់អ្នកសារព័ត៌មានដូច្នេះ៖«យើងអត់សុំទោសសម្រាប់ការជួយសង្គ្រោះជីវិតមនុស្សឡើយ»។
សូមបញ្ជាក់ថា រដ្ឋ Victoria ត្រូវបានបិទ ប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយអាជ្ញាធរបិទអាផាតមិនទាំង៩នោះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។ ទោះជាប៉ះពាល់សេរីភាពដើរហើរពលរដ្ឋមែន វិធានការនេះ មានប្រសិទ្ធភាពក្នុងការលុបបំបាត់ជំងឺកូវីដ-១៩។ គិតត្រឹមថ្ងៃទី១៧ ខែធ្នូ រដ្ឋនេះគ្មានរាយការណ៍ករណីឆ្លងថ្មី ៤៨ថ្ងៃជាប់គ្នាហើយ៕
Tag:
អូស្ត្រាលី
Victoria
កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com