COVID-19
អន្តរជាតិ
វៀតណាម ចាប់ផ្តើម​ធ្វើតេស្ត​វ៉ាក់សាំង​កូ​វីដ​-១៩ លើ​មនុស្ស​
17, Dec 2020 , 4:35 pm        
រូបភាព
បុរសជនជាតិវៀតណាមម្នាក់ ដែលត្រូវបានទទួលវ៉ាក់សាំងសាកល្បងNanocovax របស់ក្រុមហ៊ុនឱសថ Nanogen នៅថ្ងៃទី១៧ ខែធ្នូ​ ឆ្នាំ២០២០។ រូបភាព៖ Vietnam Express
បុរសជនជាតិវៀតណាមម្នាក់ ដែលត្រូវបានទទួលវ៉ាក់សាំងសាកល្បងNanocovax របស់ក្រុមហ៊ុនឱសថ Nanogen នៅថ្ងៃទី១៧ ខែធ្នូ​ ឆ្នាំ២០២០។ រូបភាព៖ Vietnam Express
ដោយ:
​វៀតណាម នៅ​ព្រឹក​ថ្ងៃទី​១៧ ខែធ្នូ បានចាប់ផ្តើម​សាកល្បង​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ របស់ខ្លួន​លើ​មនុស្ស​នៅក្នុង​ដំណាក់កាល​ទីមួយ​។ តាម​ការអះអាង​របស់​វៀតណាម វ៉ាក់សាំង​របស់ខ្លួន អាចដាក់​ឲ្យ​ផលិត​ក្នុង​ទំហំ​ទ្រង់ទ្រាយ​ធំ នៅក្នុង​ខែឧសភា ឆ្នាំ​២០២១ ខាងមុខ​។

 
​បន្ទាប់ពី​ទទួលបាន​ជោគជ័យ​នៅក្នុង​ដំណាក់​ជ្រើសរើស​កោសិកា​ខ្សោយ ឬ​ងាប់​របស់​កូ​រ៉ូ​ណាវី​រុស និង​ការធ្វើ​តេស្ត​លើ​សត្វ​នាពេល​កន្លងមក ការសាកល្បង​វ៉ាក់សាំង​របស់​វៀតណាម ត្រូវ​ឈានចូល​ដល់​ដំណាក់កាល​ធ្វើតេស្ត​លើ​មនុស្ស ដែល​ស្ថិតនៅក្នុង​ការពិសោធ​ល្អិតល្អន់​។ វ៉ាក់សាំង Nanocovax របស់​ក្រុមហ៊ុន​ឱសថ​វៀតណាម Nanogen ត្រូវបាន​ចាក់​លើ​មនុស្ស​ចំនួន ៣​នាក់ ដែលមាន​បុរស ២​នាក់ និង​ស្ត្រី ១​នាក់  នៅ​ព្រឹក​ថ្ងៃទី​១៧ ខែធ្នូ​។ 
 
​ការធ្វើ​តេស្ត​នេះ ត្រូវ​តាមដាន​រយៈពេល ៧២​ម៉ោង​។ បន្ទាប់ពី​ចាក់​បាន​រយៈពេល ២​ម៉ោង​រួចមក បេក្ខជន​ដែលមាន​វ័យ​ប្រមាណ ២០​ឆ្នាំ​ទាំងនោះ មិនទាន់មាន​ប្រតិកម្ម​អ្វី​នៅឡើយ​ទេ​។ បើទោះបីជា​វ៉ាក់សាំង​របស់ខ្លួន​ចេញ​លទ្ធផល​ល្អ​មែន វៀតណាម បន្ត​ប្រាប់​ប្រជាជន​របស់ខ្លួន កុំ​ឲ្យ​ធ្វេសប្រហែស នឹង​វិធាន​ទប់ស្កាត់​កូ​វីដ​-១៩ ដែល​អាចធ្វើ​ឲ្យ​ប្រទេស​ស្ថិតក្នុង​ស្ថានភាព​លំបាក​កាន់តែខ្លាំង​ថែមទៀត​។ 
 
«​វៀតណាម នៅតែ​បន្ត​ប្រយុទ្ធ​ជាមួយ​កូ​វីដ​-១៩ ហើយ​វា​ត្រូវការ​ការចូលរួម​ពី​អាជ្ញាធរ និង​សហគមន៍​»​។ លោក Nguyen Ngo Quang អនុប្រធាន​រដ្ឋបាល​នៃ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​ហ្វឹកហាត់ របស់​ក្រសួងសុខាភិបាល​វៀតណាម បានលើកឡើង​បែបនេះ ដោយ​បន្ថែមថា ប្រសិនបើ​ធ្វេសប្រហែស កិច្ចខិតខំ​របស់​អាជ្ញា​ធរ​ក្នុងការ​ទប់ស្កាត់​កូ​វីដ​-១៩ នឹងត្រូវ​អសារ​បង់​។ 
 
​តាម​ការចុះផ្សាយ​របស់​កាសែត Vietnam Express វ៉ាក់សាំង​មួយ​ដូ​ស អាចមាន​តម្លៃ​ប្រមាណ​ជាង ៥​ដុល្លារ​។ ប៉ុន្តែ​ប្រជាជន​ត្រូវ​រង់ចាំ​រហូតដល់ ខែឧសភា ឆ្នាំ​២០២១ ទើប​វៀតណាម ត្រូវ​ផលិត​វ៉ាក់សាំង​ទ្រង់ទ្រាយ​ធំ​។ ទន្ទឹមនេះ រាល់​អ្នកចូលរួម​សាកល្បង​នេះ ត្រូវ​បានទទួល​ការធានា​សុខភាព​ពី​ក្រុមហ៊ុន​ឱសថ Nanogen ដែល​បាន​ចុះ​កុងត្រា​ជាមួយ​ក្រុមហ៊ុន​ធានា​ផ្សេងៗ​។ 
 
​ក្រៅពី​វ៉ាក់សាំង​របស់​ក្រុមហ៊ុន Nanogen វៀតណាម​នៅមាន​ស្ថាប័ន​ផលិត​វ៉ាក់សាំង​ចំនួន ៣​ទៀតផង​ដែរ ដូចជា ក្រុមហ៊ុន Vabiotech, ក្រុមហ៊ុន Polyvac និង​វ៉ាក់សាំង​របស់​វិទ្យាស្ថាន​វ៉ាក់សាំង និង​វេជ្ជសាស្ត្រ (IVAC)​។ 
 
​គិត​ត្រឹម​ថ្ងៃទី​១៦ ខែធ្នូ វៀតណាម មាន​ករណី​ឆ្លង​កូ​វីដ​-១៩ សរុប​ចំនួន ១៤០៥​ករណី និង​អ្នក​ស្លាប់មាន​ចំនួន ៣៥​នាក់​។ ចំណែក​អ្នកជា​សះស្បើយ​មាន​ចំនួន ១២៥២​នាក់ ៕ 

Tag:
 វៀតណាម​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com