ជាតិ
សង្គមជាតិ
សាលាឯកជន ងាកទៅបង្រៀនវិញ្ញាសាប្រឡងគ្រូ និងត្រៀមចូលមហាវិទ្យាល័យវិញ
× ភ្នំពេញ៖ ក្រោយក្រសួងអប់រំ បានសម្រេចឲ្យបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) បានជាប់ស្វ័យប្រវត្តិ ដោយគ្មានកំណត់និទ្ទេស សាលាឯកជន ដែលតែងបង្រៀនតាមអនឡាញ បានប្ដូរកម្មវិធីសិក្សារបស់ខ្លួន ពីការបង្រៀនវិញ្ញាសាត្រៀមប្រឡងបាក់ឌុប ទៅជាការបង្រៀនត្រៀមប្រឡងចូលសាកលវិទ្យាល័យ និង ការបង្រៀនវិញ្ញាសាសម្រាប់អ្នកដែល ត្រូវប្រឡងចូលក្របខ័ណ្ឌគ្រូ ជាដើម។
លោក អ៊ុយ ប៉ុនតារ៉ា អគ្គនាយកសាលា E-School Cambodia បានឱ្យដឹងថា ក្រោយសិស្សទី១២ ជាប់ដោយស្វ័យប្រវត្តិ សាលា E-School Cambodia បានបើកបង្រៀនថ្នាក់វិញ្ញាសាត្រៀមប្រឡងជំនាញពេទ្យ និងគ្រូបង្រៀន ដើម្បីជាគ្រឹះឱ្យសិស្សប្រឡង ចូលរៀននៅសាកលវិទ្យាល័យ។ លោកបន្តថា មកទល់ពេលនេះមានចំនួនសិស្សជាច្រើនដែលបានចុះឈ្មោះរៀនត្រៀមមុខជំនាញពេទ្យ និងគ្រូបង្រៀន។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោក មានប្រសាសន៍ថា៖«មានសិស្សភាគច្រើនគាត់ចាប់អារម្មណ៍រៀនពេទ្យ និងគ្រូ»។
អគ្គនាយកសាលា E-School Cambodia រូបនេះ លើកឡើងថា ទោះបីថ្នាក់បង្រៀនសម្រាប់ត្រៀមប្រឡងទី១២ត្រូវបានបញ្ចប់ តែសាលានៅតែបើកថ្នាក់បង្រៀនអនឡញត្រៀមចូលរៀនឆ្នាំសិក្សាថ្មី ពីថ្នាក់ទី១១ ចុះក្រោម។
គួរបញ្ជាក់ថា បេក្ខជនប្រឡងបាក់ឌុប នៅឆ្នាំសិក្សា២០២០នេះ ដែលមានចំនួនជាង១២ម៉ឺននាក់ ត្រូវបានក្រសួងអប់រំ សម្រេចឲ្យជាប់ទាំងអស់ ដោយមិនឆ្លងកាត់ការប្រឡង តាមការស្នើសុំរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ សូម្បីតែសិស្សថ្នាក់ទី៩ ដែលប្រឡងឌីប្លូមរួចហើយ សម្រាប់ឆ្នាំសិក្សា២០១៩-២០២០នេះ ក៏ក្រសួងអប់រំ សម្រេចឲ្យជាប់ទាំអស់ដែរ។ ប៉ុន្តែ សិស្សជាប់បាក់ឌុបនិងឌីប្លូមដោយស្វ័យប្រវត្តិនេះ មិនទទួលបាននិទ្ទេសឡើយ។
ការប្រឡងបាក់ឌុប មិនអាចត្រូវបានរៀបចំតាមការគ្រោងទុក នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ គឺដោយសារតែប្រមុខរដ្ឋាភិបាល នៅបារម្ភពីរាលដាលជំងឺកូវីដ-១៩ ខណៈព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា មិនទាន់បញ្ចប់៕
© រក្សាសិទ្ធិដោយ thmeythmey.com