កីឡាអន្តរជាតិ
អន្តរជាតិ
ក្រុង​ដូ​ហា ឈ្នះ​សិទ្ធិ​រៀបចំ​កីឡា​អាស៊ី​ឆ្នាំ ២០៣០ ឯ​ក្រុង​រី​យ៉ា​ដ​ធ្វើ​នៅ​ឆ្នាំ ២០៣៤
17, Dec 2020 , 11:59 pm        
រូបភាព
​ក្រុង​ដូ​ហា ប្រទេស​កាតា ទទួលបាន​សិទ្ធិ​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​អាស៊ី នៅ​ឆ្នាំ ២០៣០ (Asian Games 2030)​។ ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី (OCA) ប្រកាស​ដូច្នេះ​នៅ​ថ្ងៃទី​១៦ ខែធ្នូ ខណៈ ក្រុង​រី​យ៉ា​ដ រដ្ឋធានី​អា​រ៉ា​ប៊ី​សា​អូឌីត បាន​សិទ្ធិ​រៀបចំ​នៅ​ឆ្នាំ ២០៣៤​។ នេះ​ជា​លើក​ទី​ពីរ​សម្រាប​ក្រុង​ដូ​ហា​។​


​ប្រធាន OCA លោក Sheikh Ahmad Al-Fahad Al-Sabah ជា​អ្នក​ប្រកាស​ដោយផ្ទាល់​ថា ទីក្រុង​ដែល​ទទួលបាន​សំឡេងគាំទ្រ​ច្រើនជាងគេ​ដើម្បី​ក្លាយជា​ធ្វើ​ម្ចាស់ផ្ទះ​កីឡា​អាស៊ី​លើក​ទី​២១ នៅ​ឆ្នាំ ២០៣០ គឺ​ក្រុង​ដូ​ហា ដោយ​ប្រជែង​ឈ្នះ​ក្រុង​រី​យ៉ា​ដ ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​។ យ៉ាងណាក៏ដោយ ក្រុង​រី​យ៉ា​ដ​ទទួលបាន​សិទ្ធិ​រៀបចំ​នៅ​ឆ្នាំ ២០៣៤ វិញ បន្ទាប់ពី​មានការ​សម្របសម្រួល​ពី OCA ។​
 
​លោក Sheikh Ahmad  ក៏បាន​អះអាង​ដែរ​ថា កីឡា​រាំ Break Dancing ដែល​ទើប​ដាក់​ចូលក្នុង​កីឡា​អូឡាំពិក រួមជាមួយ​កីឡា​អេឡិចត្រូនិក E-sport ក៏ត្រូវ​បញ្ចូល​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី​លើក​ទី​១៩ ឆ្នាំ ២០២២ ដែលមាន​ក្រុង​ហាង​ចូ​វ ប្រទេស​ចិន​ធ្វើ​ម្ចាស់ផ្ទះ​ផងដែរ​។​
 
​ក្រោយ​ទទួលបាន​ជ័យជម្នះ​ក្នុងការ​បោះឆ្នោត​នៅ​ទីក្រុង Muscat ប្រទេស​អូ​ម៉​ង់ ក្នុង​មហាសន្និបាត​របស់ OCA តាមរយៈ​វីដេអូ​ដែលមាន​សមាជិក​៤៥​ប្រទេស​ចូលរួម OCA ក៏បាន​អនុម័ត​ជា​ឯកច្ឆ័ន្ទ​លើ​សំណើ​របស់​កាតា​ដើម្បី​ដាក់បញ្ចូល​វិញ្ញាសា​ប្រណាំងសេះ​ទាំង​ក្នុង​ឆ្នាំ ២០៣០ និង​ឆ្នាំ ២០៣៤ ផង​។​
 
​ក្រុង​ដូ​ហា​ធ្លាប់​បានរៀបចំ Asian Games ម្តង​រួចមកហើយ​នៅ​ឆ្នាំ ២០០៦ ហើយ​នេះ​ជា​លើក​ទី​២​សម្រាប់​ប្រទេស​នៅ​តំបន់​អារ៉ាប់​មួយ​នេះ​។ ក្រុង​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូណេស៊ី​ជា​ម្ចាស់ផ្ទះ ឆ្នាំ​២០១៨ ឯ​ចិន​ដែល​ប្រើប្រាស់​ក្រុង Hangzhou ដើម្បី​ដំណើរការ​កីឡា​នេះ នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​២៥​ខែតុលា ឆ្នាំ​២០២២​។ ដោយឡែក​ជប៉ុន​នឹង​ដឹកនាំ​ធ្វើ​ម្ចាស់ផ្ទះ​កីឡា​អាស៊ី​លើក​ទី​២០ នៅ​ឆ្នាំ​២០២៦ ដោយ​ប្រើប្រាស់​ក្រុង​ណា​ហ្គូ​យ៉ា​៕
 

Tag:
 Asian Games
  OCA
  DOHA
© រក្សាសិទ្ធិដោយ thmeythmey.com