ជាតិ
សង្គមជាតិ
សម្តេច ហ៊ុន សែន ផ្ញើ​សារ​សាទរ​លោក បៃ​ឌិន ជាមួយ​ការប្តេជ្ញាចិត្ត​ក្នុងការ​ធ្វើការ​ជាមួយគ្នា​
17, Dec 2020 , 5:49 pm        
រូបភាព
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន (រូបពីទំព័រហ្វេសប៊ុករបស់សម្តេច) និង លោក ចូ បៃឌិន ប្រធានាធិបតីជាប់ឆ្នោតរបស់អាមរិក (រូបពី AFP)
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន (រូបពីទំព័រហ្វេសប៊ុករបស់សម្តេច) និង លោក ចូ បៃឌិន ប្រធានាធិបតីជាប់ឆ្នោតរបស់អាមរិក (រូបពី AFP)
សម្តេច ហ៊ុន សែន ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បាន​ផ្ញើ​សារ​ជូនទៅ​លោក ចូ បៃ​ឌិន ដើម្បី​អបអរសាទរ​និង​សម្តែង​សេចក្តី​សោម​ន្ស​រីករាយ​ចំពោះ​លោក ដែល​បាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​ទី​៤៦​របស់​អាមេរិក​។


​តាមរយៈ​សារ​អបអរសាទរ ចុះ​នៅ​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២០ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រា​ប់លោក ចូ បៃ​ឌិន ថា បទពិសោធ​ដ៏​ធំធេង​និង​ភាពជា​អ្នកដឹកនាំ​ដ៏​វាងវៃ​របស់លោក គឺជា​កត្តា​សត្យានុម័ត​ក្នុងការ​ទទួលបាន​ទំនុកចិត្ត​ពី​ប្រជាជន​អាមេរិក​។ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា មានជំនឿថា ក្រោម​ការដឹកនាំ​របស់​លោក ចូ បៃ​ឌិន អាមេរិក នឹង​បន្ត​រីកចម្រើន និង​រួមចំណែក​នាំ​ឲ្យ​ពិភពលោក​មាន​ស្ថិរភាព​និង​វិបុលភាព​កាន់តែ​ល្អប្រសើរ​ថែមទៀត​។ 
 
​ជាមួយគ្នានេះ សម្តេចនាយក​រដ្ឋមន្ត្រី អះអាងថា រដ្ឋាភិបាល​និង​ប្រជាជន​កម្ពុជា តែង​ផ្តល់​សារសំខាន់​ដល់​ការពង្រឹង​ទំនាក់ទំនង​ជាមួយ​អាមេរិក​។ មេដឹកនាំ​កម្ពុជា សរសេរ​ទៅកាន់​ប្រ​ធានា​ធិ​តី​ថ្មី​របស់​អាមេរិក​ដូច្នេះ​ថា​៖«​រាជរដ្ឋាភិបាល​របស់​ខ្ញុំ បាន​ប្តេជ្ញាចិត្ត​យ៉ាង​ពេញលេញ ក្នុង​ការធ្វើការងារ​ជាមួយ​រដ្ឋបាល​របស់​ឯក​ឧ​ត្ត​ម ដើម្បី​ជំរុញ​ទំនាក់ទំនង​ទ្វេភាគី​ឲ្យ​កាន់តែ​ល្អប្រសើរ​បន្ថែមទៀត​»​។ 
 
​បន្ថែម​ពីនេះ មេដឹកនាំ​កម្ពុជា បាន​ជូនពរ​ឲ្យ​លោក ចូ បៃ​ឌិន ទទួលបាន​ជោគជ័យ​ក្នុងការ​បំពេញភារកិច្ច​ជា​ប្រវត្តិសាស្ត្រ ក្នុងនាម​ជា​មេដឹកនាំ​នៃ​ប្រជាជន​អាមេរិក​។ 
 
​លោក ចូ បៃ​ឌិន ដែលមាន​វ័យ​៧៧​ឆ្នាំ​ហើយ​នោះ បានឈ្នះ​ឆ្នោត​លើ​លោក ដូ​ណា ត្រាំ ដែលជា​ប្រធានាធិបតី​ទី​៤៥​របស់​អាមេរិក​។ លោក ចូ បៃ​ឌិន នឹង​ស្បថ​ចូលកាន់​តំណែង​ប្រ​ធានា​ធិ​តី នៅ​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២១៕ 
 

Tag:
 ហ៊ុន សែន​
  ចូ បៃ​ឌិន
© រក្សាសិទ្ធិដោយ thmeythmey.com