COVID-19
អន្តរជាតិ
មនុស្ស​ជំនិត​លោក បៃ​ឌិន ម្នាក់ ធ្វើតេស្ត​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩
18, Dec 2020 , 9:45 am        
រូបភាព
លោក Cedric Richmond និយាយជាមួយលោក ចូ បៃឌិន នៅព្រលានយន្តហោះ Columbus ក្នុងរដ្ឋ Georgia កាលពីខែតុលា ។ រូបពី AP
លោក Cedric Richmond និយាយជាមួយលោក ចូ បៃឌិន នៅព្រលានយន្តហោះ Columbus ក្នុងរដ្ឋ Georgia កាលពីខែតុលា ។ រូបពី AP
ដោយ:
​អនាគត​ទីប្រឹក្សា​ជាន់ខ្ពស់​ម្នាក់​របស់​ប្រធានាធិបតី​ជាប់ឆ្នោត ចូ បៃ​ឌិន លោក Cedric Richmond មាន​លទ្ធផល​តេស្ត​វិជ្ជមាន​កូ​វីដ​-១៩ នៅ​ថ្ងៃទី ១៧ ខែធ្នូ ។ នេះ​បើតាម​ការប្រកាស​របស់​ក្រុមការងារ​ផ្ទេរអំណាច​របស់លោក បៃ​ឌិន ផ្ទាល់​។ លោក Richmond បាន​ចូលរួម​ការឃោសនា​រក​សំឡេងឆ្នោត​ដែល​រៀបចំឡើង​ដោយ​លោក​បៃ​ឌិន កាលពី​២​ថ្ងៃមុន​ផងដែរ ប៉ុន្តែ​មិន​ស្ថិតក្នុង​ចំណោម​អ្នក​ទាក់ទង​ផ្ទាល់​នឹង​លោក បៃ​ឌិន ឡើយ​។

 
 
​លោក Richmond ត្រូវបាន​រកឃើញថា ឆ្លង​កូ​វីដ​-១៩ ២​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ធ្វើដំណើរ​ទៅកាន់​ទីក្រុង Atlanta រដ្ឋ Georgia ដើម្បី​ចូលរួម​ការឃោសនា​រក​សំឡេងឆ្នោត​មួយ ដែល​លោក ចូ បៃ​ឌិន ចូលរួម​ជាមួយ​បេក្ខជន​ព្រឹទ្ធសភា​របស់​បក្ស​ប្រជាធិបតេយ្យ​២​នាក់ គឺ​លោក Jon Ossoff និង​លោក Raphael Warnock​។ អ្នកនាំពាក្យ​របស់​ក្រុមការងារ​ផ្ទេរអំណាច​របស់លោក​បៃ​ឌិន អ្នកស្រី Kate Bedingfield បញ្ជាក់​បែបនេះ​ក្នុង​សេចក្តីថ្លែងការណ៍​ថ្ងៃទី​១៧ ខែធ្នូ​។​
​លោក Richmond ជា​តំណាងរាស្ត្រ​នៃ​រដ្ឋ Louisiana ដែល​នឹង​លាលែង​ពី​តួនាទី​ក្នុង​សភា​អាមេរិក​ដើម្បី​ទៅ​ចូលរួម​ជាមួយ​អនាគត​រដ្ឋបាល​លោក បៃ​ឌិន ក្នុងនាម​ជាទី​ប្រឹក្សា​ជាន់ខ្ពស់​។ បើតាម​អ្នកស្រី Bedingfield លោក Richmond ដែល​កើត​កូ​វីដ​-១៩ មិនមាន​ការប៉ះពាល់​ជិតស្និទ្ធ​ជាមួយ​លោក បៃ​ឌិន និង​បេក្ខជន​ព្រឹទ្ធសភា​រដ្ឋ Georgia ទាំងពីរ​។ លោក Richmond អាយុ​៤៧​ឆ្នាំ បានចាប់ផ្ដើម​ចេញ​រោគសញ្ញា​កាលពី​ថ្ងៃទី​១៦ ខែធ្នូ​។ 
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP អ្នកស្រី Bedingfield បញ្ជាក់ទៀតថា លោក​ប្រធានាធិបតី​ជាប់ឆ្នោត បៃ​ឌិន បានធ្វើ​តេស្ត​កូ​វីដ​-១៩ នៅ​ថ្ងៃទី​១៧ ខែធ្នូ ហើយ​លទ្ធផល​គឺ​អវិជ្ជមាន​។ លោក បៃ​ឌិន បាន​សម្ងំ​នៅតែ​ផ្ទះ​ក្នុង​ស្រុកកំណើត​លោក ចាប់តាំងពី​ការបោះឆ្នោត​កាលពី​ខែ​មុន ហើយ​ការឃោសនា​រក​សំឡេង​នៅ​រដ្ឋ Georgia គឺជា​លើក​ទី​២​ហើយ​ចាប់តាំងពី​ថ្ងៃ​បោះឆ្នោត ដែល​លោក​បៃ​ឌិន​បាន​ចាក​ចេញពីផ្ទះ​នៅ​រដ្ឋ Delaware ។ 
 
​សូមបញ្ជាក់ថា លោក Richmond បាន​ជាប់ឆ្នោត​ក្លាយជា​សមាជិកសភា​អាមេរិក​លើកដំបូង​ក្នុង​ឆ្នាំ​២០១០ នៅពេលដែល​លោក បៃ​ឌិន ជា​អនុ​ប្រធានាធិបតី​អាណត្តិ​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា​។ លោក នឹង​ដើរតួនាទី​សំខាន់​ក្នុង​រដ្ឋបាល​លោក បៃ​ឌិន ក្នុងការ​ប្រាស្រ័យ​ទាក់ទង​សាធារណៈ ជាពិសេស​ផ្តោត​សំខាន់​លើ​សហគមន៍​អាមេរិក​ស្បែក​ខ្មៅ និង​ក្រុម​ជនជាតិភាគតិច​ផ្សេងទៀត​៕ 

Tag:
 ចូ បៃ​ឌិន​
  Cedric Richmond
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com