ជាតិ
សេដ្ឋកិច្ច
អង់គ្លេស ប្រកាសថា មិនដកការអនុគ្រោះពន្ធពីកម្ពុជា ដូចអឺរ៉ុបឡើយ
18, Dec 2020 , 1:20 pm        
រូបភាព
លោក ប្រាក់ សុខុន ជួបអ្នកស្រី Tina Redsaw នាពេលកន្លងមក (រូបពីក្រសួងការបរទេស)
លោក ប្រាក់ សុខុន ជួបអ្នកស្រី Tina Redsaw នាពេលកន្លងមក (រូបពីក្រសួងការបរទេស)
នៅពេលចេញពីសហភាពអឺរ់ុបជាផ្លូវការ អង់គ្លេស ប្រកាសថា នឹងមិនយកតម្រាប់តាមសហភាពអឺរ៉ុប ក្នុងការដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជាឡើយ។



ចក្រភពអង់គ្លេស នឹងអនុវត្តគោលនយោបាយពាណិជ្ជកម្មឯករាជ្យ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ទៅ។ ការចាប់ផ្តើមអនុវត្តគោលនយោបាយពាណិជ្ជកម្មឯករាជ្យរបស់ខ្លួន នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២១ គឺចំថ្ងៃដែលអង់គ្លេស ត្រូវចាកចេញពីសហភាពអឺរ៉ុបជាផ្លូវការ។ នេះជាព័ត៌មាន ដែលអ្នកស្រី Tina Redshaw ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា ប្រាប់ទៅលោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា ក្នុងជំនួបជាមួយគ្នាកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០។

ខ្លឹមសារនៃជំនួបរវាងអ្នកស្រី Tina Redshaw និង លោក ប្រាក់ សុខុន ត្រូវបានចុះផ្សាយក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។ បើតាមសេចក្តីប្រកាសព័ត៌មាន អ្នកស្រី Tina Redshaw បានប្រាប់លោក ប្រាក់ សុខុន ថា អង់គ្លេស «នឹងមិនធ្វើដូចសហភាពអឺរ៉ុប» ដែលព្យួរប្រព័ន្ធអនុគ្រោះផ្នែកខ្លះនៅកម្ពុជានោះទេ ខណៈសេដ្ឋកិច្ចកម្ពុជា កំពុងរងផលប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ-១៩ ហើយការប៉ះពាល់នេះ បានជះឥទ្ធិពលទៅលើក្រុមមនុស្សងាយរគ្រោះ ក្នុងនោះ ក៏មានកម្មកររោងចក្រផ្នែកសម្លៀកបំពាក់ផងដែរ។


ជំនួបរវាងលោក ប្រាក់ សុខុន និង អ្នកស្រី Tina Redshaw នៅទីស្តីការក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ (រូបពីក្រសួងការបទេស)

ជាមួយគ្នានេះ អ្នកស្រីឯកអគ្គរាជទូត មានប្រសាសន៍ថា អង់គ្លេស កំពុងរិះរកផ្លូវ ដើម្បីចរចាជាមួយភាគីកម្ពុជា លើបញ្ហាសិទ្ធិមនុស្សនិងសិទ្ធិសេរីភាព។ នេះបើផ្អែកលើសេចក្តីប្រកាសព័ត៌មានដដែល។

នៅចំពោះមុខអ្នកស្រី Tina Redshaw លោក ប្រាក់ សុខុន បានកោតសរសើរអង់គ្លេស ដែលសម្រេចចិត្តបែបនេះ។ លោក ចាត់ទុក ការសម្រេចចិត្តបែបនេះរបស់អង់គ្លេស ថាជាការលើកទឹកចិត្តដល់រដ្ឋាភិបាលកម្ពុជា ហើយក៏ជាដំណឹងល្អសម្រាប់កម្មករដែរ ដែលបានរងការប៉ះពាល់យ៉ាងខ្លាំងពីវិបត្តិជំងឺកូវីដ-១៩។

សេចក្តីប្រកាសព័ត៌មាន បានសរសេរពីសម្តីរបស់លោក ប្រាក់ សុខុន ដែលនិយាយជាមួយអ្នកស្រី Tina Redshaw ដូច្នេះថា៖«កម្ពុជា ប្តេជ្ញាយ៉ាងមុតមាំក្នុងការកសាងទំនាក់ទំនង ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកជាមួយចក្រភពអង់គ្លេស ទាំងលើវិស័យទ្វេភាគីនិងពហុភាគី»។

សហភាពអឺរ៉ុប ដែលមានប្រទេស២៨ ជាសមាជិក បានសម្រេចព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ២០ភាគរយ នៅកម្ពុជា ចាប់តាំងពីខែសីហា ឆ្នាំ២០២០មក។ វា មានន័យថា កម្ពុជា ដែលធ្លាប់នាំទិញគ្រប់មុខ (លើកលែងតែអាវុធ) ចូលទៅទីផ្សារអឺរ៉ុប ដោយមិនបង់ពន្ធ គឺត្រូវបង់ពន្ធលើមុខទំនិញ២០ភាគរយ បន្ទាប់ពីមានការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ២០ភាគរយ។

អង់គ្លេស ដែលនៅតែសមាជិករបស់សហភាពអឺរ៉ុបនៅឡើយ ក៏ត្រូវអនុវត្តតាមការសម្រេចរបស់សហភាពអឺរ៉ុបដែរ ពោលគឺ កម្ពុជា ត្រូវបង់ពន្ធលើមុខទំនិញ២០ភាគរយ ពេលនាំទំនិញចូលទៅអង់គ្លេស។ លុះត្រាតែចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ទៅ ជាថ្ងៃដែលអង់គ្លេស ផ្តាច់ខ្លួនទាំងស្រុងពីសហភាពអឺរ៉ុប ទើបអង់គ្លេស អាចបញ្ឈប់ការអនុវត្តតាមសេចក្តីសម្រេចរបស់សហភាពអឺរ៉ុបបាន ហើយក៏អាចបញ្ឈប់ការអនុវត្តប្រព័ន្ធអនុគ្រោះព័ន្ធ EBA ដែរ។

លើសពីនេះ អង់គ្លេស ថែមទាំងបានផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ GSP ដល់កម្ពុជា។ លោក កាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ប្រាប់សារព័ត៌មានថ្មីៗនាពេលកន្លងមកថា ការផ្តល់ប្រព័ន្ធអនុគ្រោះព័ន្ធ GPS របស់អង់គ្លេស ដល់កម្ពុជា នឹងចាប់ផ្តើមអនុវត្តពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ទៅ។

EBA (Everything but Arms) គឺជាប្រព័ន្ធអនុគ្រោះព័ន្ធមួយ ដែលអនុញ្ញាតឲ្យមានការនាំទំនិញគ្រប់មុខ (លើកលែងតែអាវុធ) ចូលទៅទីផ្សារអឺរ៉ុប ដោយមិនបង់ព័ន្ធ។ ប៉ុន្តែ ទាល់តែប្រទេស ដែលទទួលបានប្រព័ន្ធអនុគ្រោះពន្ធនេះ ទើបអាចនាំទំនិញគ្រប់មុខ ចូលទៅសហភាពអឺរ៉ុប ដោយមិនតម្រូវឲ្យបង់ពន្ធ។

កម្ពុជា ទទួលបានប្រព័ន្ធអនុគ្រោះពន្ធ EBA តាំងពីឆ្នាំ២០០១មក។ បច្ចុប្បន្ន ក្នុងតំបន់អាស៊ាន មានប្រទេសកំពុងអភិវឌ្ឍតែ៣ប៉ុណ្ណោះ គឺ កម្ពុជា ឡាវ និង មីយ៉ាន់ម៉ា ដែលទទួលបានប្រព័ន្ធអនុគ្រោះពន្ធ EBA។

ចំណែក GSP (Generalized System of Preferences) ក៏ជាប្រភេទប្រព័ន្ធអនុគ្រោះពន្ធ ដែលអនុញ្ញាតឲ្យមានការនាំចូលទំនិញដោយមិនបង់ពន្ធដែរ។

កម្ពុជា ទទួលបានប្រព័ន្ធអនុគ្រោះពន្ធ GSP ពីអង់គ្លេស មានន័យថា កម្ពុជា នឹងអាចនាំទំនិញទៅអង់គ្លេស ដោយមិនបង់ពន្ធ។ នៅមានប្រទេសផ្សេងទៀត ដែលកម្ពុជា ទទួលបានប្រព័ន្ធអនុគ្រោះពន្ធ GSP ដូចជា អាមេរិក ជាដើម។

ឲកម្ពុជា ទទួលបានប្រព័ន្ធអនុគ្រោះពន្ធ GSP ពីអាមេរិកតាំងឆ្នាំ១៩៩៧មក។ ប្រព័ន្ធអនុគ្រោះពន្ធ GSP នេះ អាចអនុញ្ញាតឲ្យកម្ពុជា នាំទំនិញនិងផលិតផលរាប់ពាន់មុខឯណោះ ទៅកាន់ទីផ្សារអាមេរិក។ យ៉ាងណាក៏ដោយ កម្ពុជា ពុំមានទំនិញនិងផលិតផលច្រើនមុខបែបនេះ នាំចូលទៅទីផ្សារមេរិកនោះទេ។ ភាគច្រើន គឺមានតែផលិតផលសម្រាប់ធ្វើដំណើរ (Travel Goods) ប៉ុណ្ណោះ ជាពិសេស វ៉ាលី និង កាបូប ដែលកម្ពុជានាំទៅកាន់ទីផ្សារអាមេរិក។

EBA និង GSP មានគោលដៅដូចគ្នា គឺការអនុគ្រោះពន្ធដល់ប្រទេសក្រីក្រឬប្រទេសកំពុងអភិវឌ្ឍ ដើម្បីជួយប្រទេសទាំងនោះ ឲ្យមានការអភិវឌ្ឍ ជាពិសេសជួយឲ្យរីកចម្រើនផ្នែកសេដ្ឋកិច្ច តាមរយៈការនាំទិញចេញទៅលក់ ដោយមិនបង់ពន្ធ៕ 

Tag:
 កម្ពុជា-អង់គ្លេស
  GSP
  EBA
© រក្សាសិទ្ធិដោយ thmeythmey.com