អាមេរិក បានត្រៀមលក្ខណៈដឹកចែកចាយវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ជាលើកទីពីរចំនួន ៥,៩លានដូស ដែលអាចនឹងត្រូវអនុម័តក្នុងសប្ដាហ៍នេះ ។ អាមេរិកញាប់ដៃញាប់ជើងក្នុងការចែកវ៉ាក់សាំង ព្រោះ ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ប្រចាំថ្ងៃនៅអាមេរិកហក់ឡើងដល់ជាង៣៥៨០នាក់ និងឆ្លងជាង២២ម៉ឺនករណីកាលពីថ្ងៃទី១៦ ខែធ្នូ។
ករណីអ្នកឆ្លង និងស្លាប់ដោយសារជំងឺកូវីដ-១៩នៅទូទាំងសហរដ្ឋអាមេរិក នៅបន្តកើនឡើងខ្ពស់។ ស្ថានភាពនេះ បានបង្ខំឲ្យនិយតករសុខាភិបាលអាមេរិក មិនបង្អែបង្អង់យូរឡើយក្នុងការអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំង។ បេក្ខភាពវ៉ាក់សាំងទី២ ដែលអភិវឌ្ឍដោយក្រុមហ៊ុនអាមេរិក Moderna ត្រូវបានគណៈកម្មការប្រឹក្សាផ្នែកឱសថរបស់រដ្ឋបាលស្បៀងអាហារនិងឱសថ (FDA) បោះឆ្នោតគាំទ្រឲ្យអនុញ្ញាតឲ្យប្រើប្រាស់ជាបន្ទាន់នៅថ្ងៃទី១៧ ខែធ្នូ គឺ១សប្ដាហ៍ប៉ុណ្ណោះក្រោយការអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុនអាមេរិក-អាល្លឺម៉ង់ Pfizer-BioNTech ។
វ៉ាក់សាំងថ្មីនេះ ត្រូវរំពឹងថានឹ ងត្រូវអនុញ្ញាតឲ្យប្រើប្រាស់បន្ទាន់ពីសំណាក់រដ្ឋបាល FDA អាមេរិក ឆាប់ៗនេះ។ រដ្ឋមន្ត្រីសុខាភិបាលអាមេរិក Alex Azar បានប្រាប់ទូរទស្សន៍អាមេរិក CNBC នៅថ្ងៃទី១៧ ខែធ្នូថា វ៉ាក់សាំង Moderna ប្រមាណ ៥,៩លានដូស ត្រូវបានរៀបចំទុកដាក់រួចរាល់ និងត្រៀមលក្ខណៈដឹកចែកចាយនៅទូទាំងប្រទេស។
«យើងត្រៀមលក្ខណៈដឹកជញ្ជូន [វ៉ាក់សាំង Moderna] នៅចុងសប្ដាហ៍នេះទៅកាន់មណ្ឌលសុខភាពនានា សម្រាប់ចាប់ផ្ដើមចាក់នៅថ្ងៃទីចន្ទ អង្គារ និងពុធ សប្ដាហ៍ក្រោយ»។ លោក Azar បញ្ជាក់បែបនេះ។
លក្ខណៈពិសេសរបស់វ៉ាក់សាំង Moderna គឺងាយទុកដាក់ជាងវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech ដោយសារវាត្រូវការទុកនៅសីតុណ្ហភាព ២០អង្សាក្រោមសូន្យ ខណៈ Pfizer ទាមទាររហូតដល់ ៧០អង្សាក្រោមសូន្យ។ នេះគឺជម្រើសល្អសម្រាប់ដឹកជញ្ជូនវ៉ាក់សាំងទៅកាន់តំបន់ដាច់ស្រយាល និងទីជនបទ។ វ៉ាក់សាំងទាំងពីរនេះ មានប្រសិទ្ធភាព៩៥ភាគរយដូចគ្នាក្នុងការបង្ការជំងឺកូវីដ-១៩។
វ៉ាក់សាំងប្រឆាំងកូវីដ-១៩ Pfizer បានចាប់ផ្ដើមដឹកចែកចាយនៅតាមមណ្ឌលសុខភាពទូទាំងសហរដ្ឋអាមេរិក កាលពីសប្ដាហ៍មុន ជាមួយបុគ្គលិកសុខាភិបាលជួរមុខ ជាក្រុមមនុស្សអាទិភាព។ ការដឹកជញ្ជូនវ៉ាក់សាំងនេះ ក៏ជួបប្រទះបញ្ហារំខានផងដែរដោយសារព្យុះព្រិលអំឡុងរដូវរងារ។ ក្រុមដឹកជញ្ជូនវ៉ាក់សាំងជើងទី១ មាន FedEx Corp និង United Parcel Service ក៏បានរក្សាទុកវ៉ាក់សាំងដែលយឺតយ៉ាវក្នុងការដឹកឲ្យបានត្រឹមត្រូវ រហូតដល់ស្ថានការណ៍អាកាសធាតុធូរស្បើយឡើងវិញផងដែរ។
អាមេរិក ជាប្រទេសដែលមានអ្នកស្លាប់និងឆ្លងដោយសារជំងឺកូវីដច្រើនជាងគេ។ គិតត្រឹមថ្ងៃទី ១៧ ខែធ្នូ អ្នកស្លាប់នៅអាមេរិកសរុបមាន ៣០៧ ៧៦៧នាក់ ខណៈករណីឆ្លងមានរហូតដល់ជាង១៧លានករណី។
ខណៈពលរដ្ឋអាមេរិករាប់លាននាក់ បានបាត់បង់ការងារធ្វើដោយសារវិធានការរឹតត្បិតកូវីដ-១៩ សភាអាមេរិក ត្រៀមអនុម័តកញ្ចប់ជួយសង្គ្រោះឆាប់ៗខាងមុខដែរ។ សមាជិកជាន់ខ្ពស់របស់បក្សធំទាំងពីរ មានប្រជាធិបតេយ្យ និងសាធារណរដ្ឋ នៅថ្ងៃទី ១៧ ខែធ្នូ កាន់តែខិតជិតក្នុងការឯកភាពលើកញ្ចប់ថវិកាជំនួយកូវីដ-១៩លើកទីមួយ ចាប់តាំងពីខែមេសាមក ដែលមានទំហំដល់ទៅ៩០០ពាន់លានដុល្លារ។ ក្នុងនោះ ថវិកាសម្រាប់ការចែកប្រាក់ឲ្យពលរដ្ឋអាមេរិកមាន៦០០ពាន់លានដុល្លារ ឯលុយសេសសល់ គ្រោងផ្គត់ផ្គង់ការចែកចាយវ៉ាក់សាំង ពង្រីកអត្ថប្រយោជន៍សម្រាប់អ្នកអត់ការងារធ្វើ និងជួយសង្គ្រោះអាជីវកម្មធុនតូច៕