COVID-19
អន្តរជាតិ
កូរ៉េខាងត្បូង នឹង​ទិញ​វ៉ាក់សាំង​កូ​វីដ​-១៩ បន្ថែមទៀត ត្រៀម​ចាក់​ឲ្យ​ប្រជាជន
18, Dec 2020 , 3:27 pm        
រូបភាព
រូបថត AFP
រូបថត AFP
​កូរ៉េខាងត្បូង នៅ​ថ្ងៃទី​១៨ ខែធ្នូ បាន​បញ្ជាក់ថា ខ្លួន​នឹង​ចុះ​កុងត្រា​ទិញ​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ ពី​ក្រុមហ៊ុន​ពីរ​បន្ថែមទៀត មុន​ដំណាច់ឆ្នាំ​២០២០ ។ បន្ថែម​ពីលើ​នេះ នៅ​ដើមឆ្នាំ​២០២១ រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល នឹង​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​មួយទៀត ដើម្បី​បង្គ្រប់​ចំនួន​ដូ​ស​ដែល​ត្រូវ​ចាក់​លើ​ចំនួន​ប្រជាជន​ប្រមាណ​៨៨​ភាគរយ​។​

 
​ដើម្បី​ប្រយុទ្ធប្រឆាំង​ជាមួយ​កូ​រ៉ូ​ណាវី​រុស ដែល​កំពុងតែ​រាតត្បាត កូរ៉េខាងត្បូង បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន AstraZeneca ដើម្បី​ទិញ​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ សម្រាប់​ប្រជាជន ១០​លាន​នាក់​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ កូរ៉េខាងត្បូង បាន​បរិចាគ​ទឹកប្រាក់​ប្រមាណ ៧៧,៦​លាន​ដុល្លារ នៅ​ខែតុលា ទៅ​ឲ្យ​គម្រោង COVAX ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​អង្គការ​សុខភាព​ពិភពលោក (WHO) ថែមទៀត​។ 
 
​ប៉ុន្តែ​កុងត្រា​ជាមួយ​ក្រុមហ៊ុន AstraZeneca មិនទាន់​គ្រប់គ្រាន់ សម្រាប់​គម្រោង​របស់​កូរ៉េខាងត្បូង ដែល​ត្រូវ​ចាក់​លើ​ប្រជាជន​ប្រមាណ ៤៤​លាន​នាក់ ឬ ៨៨​ភាគរយ នៃ​ប្រជាជន​សរុប​ឡើយ​។ ដើម្បី​ផ្គត់ផ្គង់​វ៉ាក់សាំង​ឲ្យ​បាន​គ្រប់គ្រាន់ រដ្ឋាភិបាល​ទីក្រុង​សេ​អ៊ូ​ល សម្លឹង​ឃើញ​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​មួយចំនួនទៀត​។​
 
​ទីភ្នាក់ងារ​ព័ត៌មាន​Yonhap ផ្សាយ​ថា កូរ៉េខាងត្បូង​នឹង​ចុះ​កុង​ត្រាំ​ទិញ​វ៉ាក់សាំង​ពី​ក្រុមហ៊ុន Pfizer និង ក្រុមហ៊ុន​ឱសថ Janssen ដែលជា​ផ្នែក​មួយ​របស់​ក្រុមហ៊ុន Johnson & Johnson មុន​ដំណាច់​ឆ្នាំនេះ​។ ចំណែក​ក្រុមហ៊ុន Moderna រដ្ឋាភិបាល​កូរ៉េខាងត្បូង នឹង​ចុះ​កិច្ចព្រមព្រៀង​នៅ​ខែមករា ឆ្នាំ​២០២១​។ 
 
​លោក Im In-taek មន្ត្រី​ទទួលបន្ទុក​លើ​ការទិញ​វ៉ាក់សាំង បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ថា រដ្ឋាភិបាល ត្រូវ​ទិញ​វ៉ាក់សាំង​ចំនួន ២០​លាន​ដូ​ស ពី​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​នីមួយៗ ដែលមាន​ចំនួន ៣ ក្រុមហ៊ុន ក្នុងនោះ​មានដូចជា AstraZeneca, Pfizer និង​Moderna​។ ចំណែក​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ឱសថ Janssen កូរ៉េខាងត្បូង នឹង​ទិញ​ចំនួន​៤​លាន​ដូ​ស​ប៉ុណ្ណោះ​។ 
 
​បន្ថែម​ពីលើ​នេះ កូរ៉េខាងត្បូង មាន​ថវិកា​ផ្សេងទៀត ប្រមាណ ១,១​ពាន់​លាន​ដុល្លារ សម្រាប់​ទុក​ទិញ​វ៉ាក់សាំង​ផងដែរ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap​។ 
 
​វ៉ាក់សាំង​របស់​ក្រុមហ៊ុន AstraZeneca អាចមក​ដល់​កូរ៉េខាងត្បូង នៅក្នុង​ខែកុម្ភៈ ឬ​ខែមីនា ឆ្នាំ​២០២១ ខណៈ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ផ្សេងទៀត រដ្ឋាភិបាល​សេ​អ៊ូ​ល​មិនបាន​បញ្ជាក់​ទេ​ថា នឹង​មកដល់​ពេលណា ដោយ​សំអាងថា គឺជា​រឿង​សម្ងាត់​។ 
 
​ក្រុមមនុស្ស ដែល​ត្រូវ​ចាក់​វ៉ាក់សាំង​ដំបូង​គេ នៅ​កូរ៉េខាងត្បូង មាន​មនុស្ស​ចាស់ អ្នក​ថែ​ទាំង​មនុស្ស​ចាស់ និង​ក្រុមគ្រូពេទ្យ​ថែទាំ​អ្នកជំងឺ​កូ​វីដ​-១៩ ហើយ​បន្ទាប់មក​ទើប​ប្រជាជន​នៅក្នុង​ប្រទេស​។ 
 
​សូមបញ្ជាក់ថា ពេលនេះ ករណី​ឆ្លង​នៅ​កូរ៉េខាងត្បូង បាន​កើនឡើង​យ៉ាងខ្លាំង ពោលគឺ​មាន​ករណី​ឆ្លង​លើសពី ១​ពាន់​ករណី ក្នុង​រយៈពេល ៣​ថ្ងៃ​ជាប់​គ្នា​។ តួលេខ​ឆ្លង​កូ​វីដ​-១៩ សរុប​មាន​ចំនួន ៤៧៥១៥​ករណី ខណៈ​អ្នក​ស្លាប់មាន​ចំនួន ៦៤៥​នាក់​។ ចំណែក​អ្នកជា​សះស្បើយ​មាន​ចំនួន ៣៣៩៨២​នាក់​៕ 

Tag:
 កូរ៉េខាងត្បូង​
  វ៉ាក់សាំង​
© រក្សាសិទ្ធិដោយ thmeythmey.com