COVID-19
អន្តរជាតិ
ក្រុមហ៊ុន Pfizer ស្នើសុំ​ការអនុញ្ញាត​ប្រើ​វ៉ាក់សាំង​កូ​វីដ​-១៩ នៅ​ជប៉ុន​
18, Dec 2020 , 3:40 pm        
រូបភាព
រូបថត AFP
រូបថត AFP
ដោយ:
​ក្រុមហ៊ុន​ផលិត​ឱសថ Pfizer នៅ​ថ្ងៃទី​១៨ ខែធ្នូ បានស្នើ​ទៅ​ក្រសួងសុខាភិបាល​ជប៉ុន​ដើម្បី​ទទួល​ការអនុញ្ញាត​ប្រើប្រាស់​វ៉ាក់សាំង​ជំងឺ​កូ​វីដ​-១៩ របស់ខ្លួន​ក្នុងប្រទេស​នេះ​។ បើ​ទទួលបាន​ការអនុញ្ញាត ជប៉ុន នឹង​ក្លាយជា​ប្រទេស​ចុងក្រោយ​មួយទៀត​ដែល​ប្រើប្រាស់​វ៉ាក់សាំង​របស់ Pfizer ក្នុង​លក្ខខណ្ឌ​បន្ទាន់​បន្ទាប់ពី​អាមេរិក កាណាដា អង់គ្លេស និង​សិង្ហ​បុរី​ជាដើម​។​



​ក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​Pfizer បញ្ជាក់ថា ខ្លួន​បានដាក់​សំណើរ​សុំ​ប្រើប្រាស់​វ៉ាក់សាំង​ទៅ​ក្រសួងសុខាភិបាល​ជប៉ុន ដោយ​ភ្ជាប់​ទៅជា​មួយ​នូវ​ព័ត៌មាន​ទាំងឡាយ​ដែល​ទាក់ទង​នឹង​ការធ្វើ​តេស្ត​រហូតមកដល់​ពេលបច្ចុប្បន្ន​នេះ​។ រដ្ឋាភិបាល​ជប៉ុន​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ឱសថ Pfizer ក្នុងការ​ផ្គត់ផ្គង់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីត​-១៩ ចំនួន​១២០​លាន​ដូ​ស​រួចស្រេច​ហើយ​។​
 
​មុន​ការប្រកាស​របស់​ក្រុមហ៊ុន​អាមេរិក​ខាងលើ លោក Katsunobu Kato លេខាធិការ​ខុទ្ទកាល័យ​គណៈរដ្ឋមន្ត្រី​ជប៉ុន​លើកឡើង​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​១៧ ខែធ្នូ ថា អទិភាព​របស់​ជប៉ុន​គឺ​ការទទួលបាន​វ៉ាក់សាំង​ដែល​ប្រសិទ្ធភាព និង​សុវត្ថិភាព​។ លោក​បន្តថា រដ្ឋាភិបាល​រំពឹង​ផ្តល់​វ៉ាក់សាំង​ដល់​ប្រជាជន​ជប៉ុន​ឲ្យ​បាន​ត្រឹម​ពាក់កណ្តាល​ឆ្នាំ​២០២១ និង​រៀបចំ​យ៉ាងណា​ដើម្បី​អាច​ផ្តល​វ៉ាក់សាំង​ឲ្យ​បាន​ត្រឹមត្រូវ​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​
 
​គិត​ត្រឹម​ថ្ងៃទី​១៨​ធ្នូ ជប៉ុន​មាន​ករណី​ឆ្លង​ចំនួន​១៨៧,១០៣​ករណី ស្លាប់​ចំនួន​២,៧៣៩​នាក់ និង​ជាសះស្បើយ​ចំនួន​១៥៨,២៨៧​នាក់​។ នាពេល​ថ្មីៗ​នេះ ជប៉ុន ក៏​រឹតបន្តឹង​វិធាន​គម្លាត​សុវត្ថិភាព​ផងដែរ ស្របពេល​ករណី​ឆ្លង​ហក់​ឡើង​ខ្លាំង ពិសេស​ទីក្រុង​តូ​ក្យូ​។​
 
​កាលពី​ខែវិច្ឆិកា កន្លងទៅ​ក្រុមហ៊ុន Pfizer អះអាងថា វ៉ាក់សាំង​ខ្លួន​មាន​ប្រសិទ្ធភាព​៩៥​ភាគរយ បន្ទាប់ពី​បានធ្វើ​តេស្ត​លើ​មនុស្ស​ចំនួន​៤​ម៉ឺន​៤​ពាន់​នាក់ ក្នុងដំណាក់កាល​ទី​៣​។ មកទល់ពេលនេះ​អាមេរិក អង់គ្លេស បា​រ៉ែ​ន កាណាដា ម៉ិ​ក​ស៊ិ​ក និង​សិង្ហ​បុរី បានអនុញ្ញាត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​នេះ​។ ចំណែក​ចិន កាលពី​ថ្ងៃទី​១៦ ធ្នូ ក៏បាន​កក់​ទុក​វ៉ាក់សាំង​នេះ​ចំនួន​១០០​លាន​ដូ​ស​ផងដែរ និង​រង់ចាំ​ការអនុញ្ញាត​ប្រើប្រាស់​ពី​អាជ្ញា​ធារ​សុខាភិបាល​។​
 
​វ៉ាក់សាំង​របស់ Pfizer ជា​វ៉ាក់សាំង​ប្រភេទ​ថ្មី​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា mRNA ដែល​បញ្ជូន​សារធាតុ​សេ​នេ​ទិ​ក​ទៅក្នុង​រាងកាយ​របស់​មនុស្ស ដើម្បី​ឲ្យ​កោ​សិ​ក​បង្កើត​ប្រូតេអ៊ីន​ប្រឆាំងនឹង​វីរុស​។ ការធ្វើ​បែបនេះ ប្រៀបដូចជា​ការបង្រៀន​ភាពស៊ាំ​របស់​រាងកាយ​ឲ្យ​ស្គាល់ និង​ត្រៀមខ្លួន​កំចាត់​វីរុស SARS-CoV-2 ដែល​បង្ក​ទៅជា​ជំងឺ COVID-19 នៅពេល​ចូលទៅក្នុង​រាងកាយ​។ វ៉ាក់សាំង​នេះ ត្រូវ​ចាក់​២​ដង​ដើម្បី​មាន​ប្រសិទ្ធភាព​។​
 
​ទោះបី​ជាមាន​ប្រសិទ្ធភាព​ខ្ពស់​មែន តែ​វ៉ាក់សាំង​នេះ​នៅ​ជួប​បញ្ហា​ប្រឈម​ចម្បង​មួយចំនួន​ការ​ស្តុក​ទុក និង​ការដឹកជញ្ជូន ក៏ដូចជា​ការផលិត​។ ដើម្បី​រក្សា​កុំ​វ៉ាក់សាំង​នេះ​ខូច កន្លែង​ផ្ទុក​វ៉ាក់សាំង ត្រូវមាន​សីតុណ្ហភាព​៧០​អង្សា​ក្រោម​សូន្យ ដែល​ទូរ​ទឹកកក​ធម្មតា​ពុំ​អាចធ្វើ​បាន ហើយ​ត្រូវការ​ទូរ​ទឹកកក​ពិសេស​ដែលមាន​តម្លៃ​ថ្លៃ​។ អ្នកវិទ្យាសាស្ត្រ​របស់ Pfizer ក៏​អះអាងថា ពេល​ដាក់​ក្នុង​ទូទឹកកក គេ​មិនត្រូវ​បើក​ទូ​នេះ​លើសពី​២​ដង​ក្នុង​មួយថ្ងៃ និង​លើសពី​១​នាទី​ឡើយ​៕
 

Tag:
 កូ​វីត​-១៩
 ​ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com