COVID-19
អន្តរជាតិ
ចិន នឹង​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩​មនុស្ស​អាទិភាព​៥០​លាន​នាក់ មុន​ចូលឆ្នាំ​ចិន​មកដល់​
18, Dec 2020 , 10:59 pm        
រូបភាព
គំរូវ៉ាក់សាំងកូវីដ-១៩​ របស់ក្រុមហ៊ុន Sinovac Biotech ។ រូបភាព Xinhua
គំរូវ៉ាក់សាំងកូវីដ-១៩​ របស់ក្រុមហ៊ុន Sinovac Biotech ។ រូបភាព Xinhua
ដោយ:
​ចិន កំពុង​រៀបចំ​ផែន​ការចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វីដ​-១៩​ដល់​មនុស្ស​៥០​លាន់​នាក់​ក្នុង​ក្រុម​អាទិភាព​ខ្ពស់ មុន​ចាប់ផ្ដើម​រដូវ​កាល​ធ្វើដំណើរ​អំឡុង​បុណ្យចូលឆ្នាំ​ចិន នា​ដើម​ឆ្នាំក្រោយ​។ ក្រុមមនុស្ស​អាទិភាព គឺ​រាប់​ចាប់ពី​បុគ្គលិក​សុខាភិបាល មន្ត្រីប៉ូលិស និង​អ្នកធ្វើការ​ផ្នែក​ដឹកជញ្ជូន​។ ចំណែក ខេត្ត​ស៊ី​ឈ័ន ជា​ខេត្ត​ចិន​ទីមួយ​ដែល​រៀបចំ​ផែនការ​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ​-១៩​សម្រាប់​ពលរដ្ឋ​ខ្លួន​។​

 
 
​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ត្រៀម​ដឹក​ចែកចាយ​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ សរុប​១០០​លាន​ដូ​ស ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ចិន​ចំនួន ២ រួមមាន Sinopharm និង Sinovac Biotech ។ មន្ត្រី​សុខាភិបាល​ចិន ត្រូវ​បានដាក់​បញ្ជា​ឲ្យ​រៀបចំ​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ ចំនួន​៥០​លាន​ដូ​ស​ដំបូង ត្រឹម​ថ្ងៃទី ១៥ ខែមករា និង​៥០​លាន​ដូ​ស​ទី​២ ត្រឹម​ថ្ងៃទី ៥ ខែកុម្ភៈ​ឆ្នាំ​២០២១​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត​ហុងកុង South China Morning Post នៅ​ថ្ងៃទី ១៨ ខែធ្នូ​។ 
 
​គោលដៅ​នៃ​ការចាក់​វ៉ាក់សាំង​ទ្រង់ទ្រាយ​សម្រាប់​ក្រុមមនុស្ស​អាទិភាព​ខ្ពស់​នេះ គឺ​ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ អំឡុង​ថ្ងៃ​ឈប់សម្រាក​ដ៏​វែង​ប្រចាំឆ្នាំ​របស់​ចិន​។ សម្រាប់​ក្រុម​អាទិភាព​ខ្ពស់ រាប់បញ្ចូល បុគ្គលិក​សុខាភិបាល មន្ត្រីប៉ូលិស អ្នក​ពន្លត់​អគ្គិភ័យ មន្ត្រី​គយ ក៏ដូចជា អ្នកធ្វើការ​ផ្នែក​ដឹកជញ្ជូន​ជាដើម​។ កន្លងទៅ ចិន​ក៏បាន​ចាក់​វ៉ាក់សាំង​លើ​ក្រុមមនុស្ស​អាទិភាព​មួយចំនួន​ហើយ​ដែរ​។ 
 
​ជាមួយគ្នានេះ ខេត្ត Sichuan របស់​ចិន អាច​ចាប់ផ្ដើម​កម្មវិធី​ចាក់​វ៉ាក់សា់ំង​ដល់​មនុស្ស​ចាស់ និង​មនុស្ស​ដែលមាន​ជំងឺ​ប្រចាំកាយ​នៅ​ដើមខែ​ក្រោយ ពោលគឺ​ក្រោយ​ខ្លួន​បញ្ចប់​ការចាក់​វ៉ាក់សាំង​ដល់​ក្រុមមនុស្ស​អាទិភាព​រួច​។ មន្ត្រី​សុខាភិបាល​ខេត្ត​ចិន​នេះ បញ្ជាក់​បែបនេះ​នៅ​ថ្ងៃទី ១៧ ខែធ្នូ មុននឹង​បន្ថែមថា វ៉ាក់សាំង​កូ​វីដ​-១៩​ចំនួន ១១៨ ០០០​ដូ​ស បាន​ដឹក​មកដល់​ខេត្ត​នេះហើយ​។ 
 
​ខេត្ត Sichuan ជា​ខេត្ត​ចិន​ទីមួយ​ដែល​រៀបចំ​ផែនការ​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ​-១៩​សម្រាប់​ពលរដ្ឋ​ខ្លួន​។ ជំងឺ​កូ​វីដ​-១៩ ដែល​បាន​ផ្ទុះ​រាលដាល​ឡើង​ក្នុងប្រទេស​ចិន​កាលពី​ចុងឆ្នាំ​២០១៩ មួយ​ភាគ​ធំ​ត្រូវ​គ្រប់គ្រង​បាន តែ​ក៏មាន​ករណី​ឆ្លង​រប៉េះរប៉ោះ​ផងដែរ​។ តួយ៉ាង គឺមាន​ការឆ្លង​កូ​វីដ​-១៩​ជា​ចង្កោម​តូច​មួយ​ក្នុង​ខេត្ត Sichuan កាលពី​ថ្មីៗ​នេះ​។ 
 
​បច្ចុប្បន្ន ចិន មាន​បេក្ខភាព​វ៉ាក់សាំង​ចំនួន​៥ ដែល​ស្ថិតក្នុង​ដំណាក់កាល​ចុងក្រោយ​នៃ​ការអភិវឌ្ឍ​។ ក្នុងនោះ​វ៉ាក់សាំង​៤ ត្រូវបាន​អនុម័ត​ឲ្យ​ប្រើ ដោយ​បេក្ខភាព​វ៉ាក់សាំង​២​មកពី​ក្រុមហ៊ុន​ចិន Sinopharm មួយ​មកពី​ក្រុមហ៊ុន​ចិន Sinovac Biotech និង​ចុងក្រោយ​មកពី​ក្រុមហ៊ុន​ចិន CanSino Biologics​។ 
 
​លទ្ធផល​ក្នុងដំណាក់កាល​ទី​៣ នៃ​ពិសោធន៍​វ៉ាក់សាំង​របស់​ក្រុមហ៊ុន Sinovac ពុំទាន់​ចេញផ្សាយ​ឡើយ តែ​លទ្ធផល​ក្នុង​ដំណាក់​ទី​១​និង​ទី​២​បង្ហាញថា វា​ងាយស្រួល​ក្នុងការ​ដាក់​ទុក ដោយ​ទាមទារ​សីតុណ្ហភាព​ចន្លោះ​ពី ២- ៨​អង្សា​។ ដោយឡែក ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​នេះ​ក្នុង​ដំណាក់​ទាំងពីរ​នេះ បង្ហាញថា ទាប​ជាង​១០​ភាគរយ​។ 
 
​ចំណែក​បេក្ខភាព​វ៉ាក់សាំង​មួយ​របស់​ក្រុមហ៊ុន Sinopharm លទ្ធផល​បឋម​ក្នុងការ​ពិសោធ​ដំណាក់​ទី​៣ កាលពី​ខែកក្កដា បង្ហាញថា មាន​ប្រសិទ្ធភាព​៨៦​ភាគរយ​បង្ការ​កូ​វីដ​-១៩​។ ក្នុង​សប្ដាហ៍​នេះ ប្រទេស​អារ៉ាប់​២​បានអនុម័ត​ប្រើប្រាស់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ចិន Sinopharm រួមមាន បា​រ៉ែ​ន និង​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​៕ 
 
 

Tag:
 ចិន​
  វ៉ាក់សាំង​កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com