សម្តេចសង្ឃនិងមន្ត្រីសង្ឃជាន់ខ្ពស់នៅកម្ពុជា បានរៀបចំពិធីប្រគេនពរជ័យនិងអបអរសាទរដល់ព្រះភិក្ខុ យ៉ន សេងយៀត ចំពោះភាពជោគជ័យរបស់ព្រះអង្គ ក្នុងការតស៊ូរៀនសូត្រ រហូតដល់ចប់ផុតអស់កម្រិត ឬហៅថាចប់ ថ្នាក់ក្រោយបណ្ឌិត (Postdoc) ផ្នែកទស្សនវិទ្យា នៅសាកលវិទ្យាល័យដ៏ល្បីល្បាញរបស់អាមេរិក គឺសាកលវិទ្យាល័យ Harvard។ ព្រះអង្គ គឺជាព្រះសង្ឃខ្មែរទី១ ដែលបានបញ្ចប់ថ្នាក់ក្រោយបណ្ឌិតផ្នែកទស្សនវិទ្យាព្រះពុទ្ធសាសនា នៅសាកលវិទ្យាល័យ Harvard។
ពិធីអបអរសាទរព្រះអង្គ យ៉ន សេងយៀត ត្រូវបានរៀបចំឡើងនៅវត្តឧណ្ណាលោម កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ក្រោមព្រះរាជាធិបតីភាពនៃសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស ជាសម្តេចព្រះសង្ឃរាជមានឋានៈខ្ពស់ជាងគេផ្នែកគណៈមហានិកាយនៅកម្ពុជា រួមទាំងមានការនិមន្តចូលរួមពីសម្តេចសង្ឃនិងមន្ត្រីសង្ឃជាន់ខ្ពស់ផ្សេងទៀត ដូចជា សម្តេច នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក និង សម្តេច អំ លីមហេង សម្ដេចព្រះសង្ឃនាយករងទី១ ជាដើម។
ព្រះអង្គ យ៉ន សេងយៀត ថ្វាយបង្គំសម្តេចសង្ឃ និងព្រះសង្ឃ ក្នុងពិធីទទួលពរជ័យ (រូបពីគណៈសង្ឃនាយក)
ក្នុងពិធីនោះ សម្តេចព្រះមហាសង្ឃរាជ ទេព វង្ស បានចេញព្រះរាជសារមួយ ប្រគេនទៅព្រះភិក្ខុ យ៉ន សេងយៀត។ ព្រះរាជសារនោះ គឺជាព្រះរាជសារអបអរសាទរព្រះអង្គ ដែលបានបញ្ចប់ការសិក្សាថ្នាក់ក្រោយបណ្ឌិតផ្នែកទស្សនវិទ្យាពុទ្ធសាសនា នៅសាកលវិទ្យាល័យ Hardvard។
សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក មានថេរដីកាជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ថា ព្រះអង្គ យ៉ន សេងយៀត គឺជាព្រះសង្ឃខ្មែរទី១ហើយ ដែលបានរៀនចប់ថ្នាក់ក្រោយបណ្ឌិតផ្នែកទស្សនវិទ្យាពុទ្ធសាសនា ពីសាកលវិទ្យាល័យ Harvard។ សម្តេច ចាត់ទុកព្រះអង្គ យ៉ន សេងយៀត ដែលរៀនចប់ថ្នាក់ក្រោយបណ្ឌិតនៅសាកលវិទ្យាល័យ Harvard ថាជា «មោទនភាពនិងជាកិត្តិយសសម្រាប់ព្រះពុទ្ធសាសនា» ហើយក៏ជា «ធនធានដ៏កម្ររបស់កម្ពុជា» ដែរ។
សម្តេច ឃឹម សន ដែលបាននិមន្តចូលរួមពិធីសាទរព្រះអង្គ យ៉ន សេងយៀត ដែរនោះ មានសង្ឃដីកាដូច្នេះថា៖«ជាកិត្តិយសធំធេងណាស់សម្រាប់យើង ដែលជាកូនកសិករ ហើយប្រឹងប្រែងរៀនសូត្រដល់ទីនោះ»។
ព្រះសង្ឃនិងពុទ្ធបរិស័ទ ស្ថិតក្នុងពិធីប្រគេនពរជ័យនិងអបអរសាទរព្រះអង្គ យ៉ន សេងយៀត (រូបពីគណៈសង្ឃនាយក)
កន្លងមក ក៏ធ្លាប់មានព្រះសង្ឃខ្មែរ បានទៅសិក្សានៅសាកលវិទ្យាល័យ Harvard ដែរ តែពុំបានបញ្ចប់ថ្នាក់ក្រោយបណ្ឌិតដូចព្រះអង្គ យ៉ន សេងយៀត ឡើយ។
កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ ព្រះអង្គ យ៉ន សេងយៀត បានបង្ហោះលើគណនីហ្វេសប៊ុករបស់ព្រះអង្គ (Yon Seng Yeath) ថា ព្រះអង្គ បានធ្វើបទបង្ហាញចុងក្រោយ និងបានបញ្ចប់ការសិក្សាថា្នក់ក្រោយបណ្ឌិតផ្នែកទស្សនវិទ្យានៅសាកលវិទ្យាល័យ Harvard ជាស្ថាពរហើយ ក្រោយពីព្រះអង្គ ចំណាយពេលសិក្សាថ្នាក់ក្រោយបណ្ឌិតនេះអស់រយៈពេល៣ឆ្នាំមក។ ថ្នាក់ក្រោយបណ្ឌិតនេះ ជាភាសាអង់គ្លេស ហៅថា Post-Doctoral Research Fellowship ឬហៅកាត់ថា Postdoc។
ព្រះអង្គ យ៉ន សេងយៀត ធ្វើបទបង្ហាញបញ្ចប់ថ្នាក់ក្រោយបណ្ឌិត កាលអំឡុងខែមីនា ឆ្នាំ២០២០ (រូបពីគណនីហ្វេសប៊ុករបស់ព្រះអង្គ)
ក្នុងសំណេរអំពីការបញ្ចប់ការសិក្សាថ្នាក់ក្រោយបណ្ឌិតនេះ ព្រះភិក្ខុ យ៉ន សេងយៀត ដែលមាននាមបញ្ញត្តិថា ព្រះមុនីកោសល មិនភ្លេចពីការរំលេចនូវគុណនៃអ្នកបានជួយជ្រោមជ្រែងព្រះអង្គឡើយ នោះគឺលោក ជា ចាន់តូ ប្រធានធនាគារជាតិកម្ពុជានិងភរិយារបស់លោក រួមទាំងព្រះសង្ឃនិងពុទ្ធបិរស័ទ។ ព្រះមុនីកោសល យ៉ន សេងយៀត មានសង្ឃដីកាក្នុងសំណេរថា ការសិក្សារបស់ព្រះអង្គ ប្រព្រឹត្តិទៅបានប្រកបដោយជោគជ័យ គឺអាស្រ័យលើការឧបត្ថម្ភពីសំណាក់គ្រហស្ថនិងព្រះសង្ឃ។
តាមរយៈសំណេរនាពេលនោះ ព្រះអង្គ សរសេរដូច្នេះថា៖«សូមថ្លែងអរគុណចំពោះ ឯកឧត្តម [ជា ចាន់តូ] និង លោកជំទាវ ព្រមទាំងអ្នកមានគុណូបការៈទាំងអស់ដោយជ្រះថ្លាបំផុត។ អរគុណសាកលវិទ្យាល័យ Harvard ដែលបានផ្ដល់អាហារូបករណ៍ដល់រូបខ្ញុំ»។
សារព័ត៌មានថ្មីៗ ធ្លាប់បានសម្ភាសផ្ទាល់ជាមួយព្រះអង្គ យ៉ន សេងយៀត កាលពីឆ្នាំ២០១៦ អំពីជីវប្រវត្តិរបស់ព្រះអង្គ និងអំពីការចាកចេញទៅសិក្សា សម្រាប់ថ្នាក់ក្រោយបណ្ឌិតនៅសាកលវិទ្យាល័យ Harvard។ បើតាមព័ត៌មាន ដែលព្រះអង្គ ផ្តល់ឲ្យសារព័ត៌មានថ្មីៗកាលនោះ ព្រះអង្គ បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រទស្សនវិទ្យា ពីសាកលវិទ្យាល័យពុទ្ធសាសនានិងភាសាបាលី បញ្ចប់ថ្នាក់អនុបណ្ឌិតទស្សនវិទ្យា ពីសាកលវិទ្យាល័យកល្យាណីយ៍ (Kelaniya) របស់ប្រទេសស្រីលង្កា និងបញ្ចប់ថ្នាក់បណ្ឌិតវិទ្យាសាស្ត្រនយោបាយ នៅរាជបណ្ឌិត្យសភាកម្ពុជា។
តាមរយៈបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ កាលពីឆ្នាំ២០១៦ ព្រះអង្គ ប្រាប់ថា ព្រះអង្គ ប្រសូត ក្នុងគ្រួសារកសិករ នៅស្រុកថ្មគោល ខេត្តបាត់ដំបង ហើយព្រះអង្គ សាងព្រះផ្នួសចាប់តាំងឆ្នាំ១៩៩១មក ដែលដល់ឆ្នាំ២០២០នេះ ព្រះអង្គ បានសាងព្រះផ្នួសប្រមាណ៣០ព្រះវស្សាហើយ។ បច្ចុប្បន្ន ព្រះអង្គ ជាព្រះអនុប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក និងជាព្រះសាកលវិទ្យាធិការរងនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ៕