អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
UN អំពាវនាវ​ឲ្យ​ថៃ​កែប្រែ​ច្បាប់​ដាក់ទោស​អ្នក​ប្រមាថ​ព្រះមហាក្សត្រ​
19, Dec 2020 , 10:40 am        
រូបភាព
បាតុករប្រឆាំងរដ្ឋាភិបាលថៃ។រូបភាព៖AFP
បាតុករប្រឆាំងរដ្ឋាភិបាលថៃ។រូបភាព៖AFP
ដោយ:
ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ (OHCHR) នៅ​ថ្ងៃទី​១៨ ធ្នូ បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ថៃ កែប្រែ​ច្បាប់​ដាក់ទោស​អ្នក​ប្រមាថ​ព្រះមហាក្សត្រ​។ OHCHR លើកឡើងថា ច្បាប់​នេះ ត្រូវបាន​យកមកប្រើ​ដើម្បី​ចោទប្រកាន់​សកម្មជន និង​បាតុករ​យ៉ាងហោចណាស់​៣៥​នាក់ នៅ​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ​។ កាលពី​ថ្ងៃ​១០​ធ្នូ កន្លងទៅ បាតុករ​ថៃ បាន​ជួបជុំ​មុខ​ការិយាល័យ​UN នៅ​ទីក្រុង​បាងកក ដើម្បី​ឲ្យ​ស្ថាប័ន​អន្តរជាតិ ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ថៃ​ឲ្យ​លុប​ច្បាប់​នេះ​ចោល​។

 
OHCHR អះអាងថា ថៃ​គួរ​ឈប់​ប្រើ​ច្បាប់​ដាក់ទោស​អ្នក​ប្រមាថ​ព្រះមហាក្សត្រ និង​បទ​ចោទ​ព្រហ្មទណ្ឌ​ធ្ងន់ធ្ងរ ទល់នឹង​បាតុករ​ទៀត ដោយ​ការដាក់ទោស​បែបនេះ គឺជា​ការបំពាន់​លើ​សេរីភាព ក្នុងការ​បញ្ចេញមតិ​។ OHCHR ក៏​កត់សម្គាល់ថា ថៃ​ក៏បាន​ចោទប្រកាន់​បាតុករ ដោយ​ប្រើ​ច្បាប់​បះបោរ និង​បទល្មើស​កុំព្យូទ័រ​ផងដែរ​។​
 
​រដ្ឋាភិបាល​ថៃ​បាន​ផ្អាក មិន​ប្រើ​ច្បាប់​ដាក់ទោស​ដល់​អ្នក​ប្រមាថ​ព្រះមហាក្សត្រ តាំងតែ​ពី​ឆ្នាំ​២០១៨​មក តប​តាម​ព្រះរាជសំណើ​របស់​ព្រះមហាក្សត្រ មហា វ​ជិ​រាល​ង្ក​រណ៍​។ បុគ្គល​រូប​ណា ដែល​រកឃើញថា​ព្រះមហាក្សត្រ អាច​ត្រូវជា​ប់ព​ន្ធា​គារ​រហូតដល់​ទៅ​១៥​ឆ្នាំ​។​
 
«​យើង​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ថៃ បញ្ឈប់​ការ​ចោទ​បាតុករ ដោយ​បទ​ចោទ​ព្រហ្មទណ្ឌ​ធ្ងន់ធ្ងរ ទៅលើ​បុគ្គល​ដែល​អនុវត្ត​សេរីភាព​ក្នុងការ​បញ្ចេញមតិ និង​ការជួបជុំ​ដោយ​អហិង្សា​»​។ នេះ​ជាការ​លើកឡើង របស់លោក​ស្រី Ravina Shamdasani អ្នកនាំពាក្យ OHCHR នៅ​ទីក្រុង​ហ្សឺ​ណែវ​។ ដូចគ្នានេះដែរ លោកស្រី Michelle Bachelet ប្រធាន OHCHR ទទូច​ឲ្យ​រដ្ឋាភិបាល​ថៃ កែប្រែ​ច្បាប់​នេះ ដើម្បី​ឲ្យ​ស្របតាម​សេរីភាព​នៃ​ការបញ្ចេញមតិ​។ នេះ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​Reuters​។
​តប​ទៅនឹង​ការទាមទារ​នេះ លោក​Tanee Sangrat អ្នកនាំពាក្យ​ក្រសួងការបរទេស​ថៃ និយាយថា ច្បាប់​ដាក់ទោស​អ្នក​ប្រមាថ​ព្រះមហាក្សត្រ ពុំមាន​គោលដៅ​ក្នុងការ​រឹតបន្តឹង​សេរីភាព ក្នុងការ​បញ្ចេញមតិ​ឡើយ​។ អ្នកនាំពាក្យ​ដដែល អះអាងថា ច្បាប់​នេះ ស្រដៀង​ទៅនឹង​ច្បាប់​ស្តី​ពីបទ​បរិហាកេរ្តិ៍​។​
 
​លោក Tanee Sangrat លើកឡើងថា ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ បាតុករ​ត្រូវបាន​ចាប់ខ្លួន មិនមែន​មកពី​ការអនុវត្ត​សិទ្ធិសេរីភាព​ក្នុងការ​បញ្ចេញមតិ និង​ជួបជុំ​តែមួយ​មុខ​ប៉ុណ្ណោះ​ទេ​។ លោក​បន្តថា បាតុករ​ត្រូវបាន​ចាប់ខ្លួន ដោយសារ​បំពាន​ទៅលើ​ច្បាប់​ថៃ​ដទៃទៀត ហើយ​មួយ​ភាគ​ធំ ត្រូវបាន​ដោះលែង​រួចទៅហើយ​។​
 
​បាតុកម្ម​នៅ​ថៃ ផ្ទុះឡើង​នៅ​ខែកក្កដា ដោយ​ក្រុមបាតុករ ទាមទារ​ឲ្យ​នាយករដ្ឋមន្ត្រី​ថៃ លោក​ប្រា​យុទ្ធ ចាន់​អូ​ចារ ចុះ​ចេញពី​តំណែង និង​បង្កើត​រដ្ឋធម្មនុញ្ញ​ថ្មី ដែលមាន​លក្ខណៈ​ប្រជាធិបតេយ្យ ជាង​រដ្ឋធម្មនុញ្ញ​បច្ចុប្បន្ន ដែល​ត្រូវបាន​តាក់តែង ក្រោយ​រដ្ឋប្រហារ​ឆ្នាំ​២០១៤​។​
 
​ក្រុមបាតុករ​ដែល​ភាគច្រើន​ជា​និស្សិត និង​យុវជន ក៏​ទាមទារ​ផងដែរ ឲ្យ​មាន​កំណែទម្រង់​របបរាជានិយម​។  ក្រុមបាតុករ ទាមទារ​ឲ្យ​មហាក្សត្រ បោះបង់​ការកាន់កាប់​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​មួយចំនួន ដែល​តាម​ការប៉ាន់ស្មាន មានតម្លៃ​ពី​៣០​ពាន់​លាន ទៅ​៤០​ពាន់​លាន​ដុល្លារ​។ បន្ថែម​ពីនេះ បាតុករ​ក៏​ទាមទារ​ផងដែរ ឲ្យ​ព្រះមហាក្សត្រ ឈប់​កាន់កាប់​អង្គភាព​កងទ័ព​ខ្លះ​ដែរ​។ អង្គភាព​ទ័ព​នោះ ត្រូវបាន​បាតុករ​អះអាងថា ធ្លាប់​ពាក់ព័ន្ធ​ក្នុងការ​ប្រើប្រាស់​អំពើហិង្សា ដើម្បី​បំបែក​ការជួបជុំ​នយោបាយ ក៏ដូចជា​ចូលរួម​ក្នុង​ការធ្វើ​រដ្ឋប្រហារ​ជា​ច្រើនដង​ផងដែរ​៕
 

Tag:
 ថៃ​
 UN
© រក្សាសិទ្ធិដោយ thmeythmey.com