ជាតិ
មគ្គទេសក៍ទេសចរណ៍ ដែលមិនអនុវត្តវិធានសុវត្ថិភាពអំឡុងពេលធ្វើការ អាចត្រូវព្យួរអាជ្ញាបណ្ណ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ (រូបភាព៖ ហ្វេសប៊ុកក្រសួងទេសចរណ៍)
× ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានព្រមានព្យួរអាជ្ញាបណ្ណ ចំពោះមគ្គទេសក៍ទេសចរណ៍ និងអ្នកបកប្រែភាសាបន្ត ប្រសិនបើមិនអនុវត្តវិធានសុវត្ថិភាព នៅក្នុងអំឡុងពេលប្រត្តិបត្តការងារ។ ការព្រមានដូច្នេះ ធ្វើឡើងនៅក្នុងនៅ សេចក្ដីណែនាំមួយ ស្តីពីការអនុវត្តវិធានសុវត្ថិភាព ដល់មគ្គទេសក៍ទេសចរ និងអ្នកបកប្រែភាសាបន្ត របស់ក្រសួងទេសចរណ៍ ចេញផ្សាយនៅថ្ងៃទី១៨ ខែធ្នូ។
ក្រសួងទេសចរណ៍ បានណែនាំដល់មគ្គទេសក៍ទេសចរណ៍ និងអ្នកបកប្រែភាសាបន្តទាំងអស់ឲ្យអនុវត្តវិធានសុវត្ថិភាព ក្នុងអំឡុងពេលបម្រើសេវាកម្មជូនភ្ញៀវជាតិ និងអន្តរជាតិ ដើម្បីរក្សាលំនឹងនៃការប្រតិបត្តការងារក្នុងវិស័យទេសចរណ៍ក្នុងវិបត្តិកូវីដ-១៩។ សេចក្ដីណែនាំនេះ ក្រសួងទេសចរណ៍ បានសង្កត់ធ្ងន់ថា មគ្គទេសក៍ទេសចរ និងអ្នកបកប្រែភាសាបន្តណា ដែលមិនអនុវត្តវិធានសុវត្ថិភាព ឬអនុវត្តមិនបានត្រឹមត្រូវ នឹងក្លាយជាកម្មវត្ថុ ព្យួរអាជ្ញាបណ្ណមគ្គទេសក៍ទេសចរណ៍ ឬបណ្ណអនុញ្ញាតបកប្រែភាសាបន្ត។ បន្ថែមពីនេះ ការមិនពាក់ស្លាកសម្គាល់ (ឡាបិលសុវត្តិភាពទេសចរណ៍ប្រឆាំងជំងឺកូវីដ-១៩ ) ក៏នឹងក្លាយជាកម្មវត្ថុ សម្រាប់ពិន័យអន្តរការណ៍ជាទឹកប្រាក់ ស្របតាមសេចក្ដីប្រកាស របស់ក្រសួងទេសចរណ៍ ចុះថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ផងដែរ។
បើតាមក្រសួងទេសចរណ៍ មគ្គទេសក៍ទេសចរណ៍ និងអ្នកបកប្រែភាសាបន្ត តម្រូវឲ្យសុំអាជ្ញាបណ្ណ និងលិខិតអនុញ្ញាត ពីមន្ទីរទេសចរណ៍រាជធានីខេត្ត។ បន្ទាប់ពីមានអាជ្ញាបណ្ណ និងលិខិតអនុញ្ញាត ពីក្រសួងទេសចរណ៍ មគ្គទេសក៍ទេសចរ និងអ្នកបកប្រែភាសាបន្ត នឹងទទួលបានឡាបិលសុវត្ថិភាព សម្រាប់ប្រើប្រាស់ក្នុងអំឡុងពេលអនុវត្តការងារដោយឥតគិតថ្លៃ។
ការអនុវត្តវិធានសុវត្តិភាព របស់មគ្គទេសក៍ទេសចរ និងអ្នកបកប្រែភាសាបន្ត នឹងត្រូវបានត្រួតពិនិត្យ និងតាមដាន ដោយក្រុមការងារត្រួតពិនិត្យមគ្គទេសក៍ទេសចរណ៍ រាជធានី ខេត្ត៕
Tag:
ក្រសួងទេសចរណ៍
មគ្គទេសក៍
© រក្សាសិទ្ធិដោយ thmeythmey.com