COVID-19
ជាតិ
ក្រសួងសុខាភិបាល តម្រូវ​ឲ្យ​អ្នកការទូត និង​មន្ត្រី​អង្គការ​អន្តរជាតិ ធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ ពេល​មក​កម្ពុជា
19, Dec 2020 , 12:59 pm        
រូបភាព
លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល។
លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល។
​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី ១៩ ធ្នូ​នេះ បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ស្ដីពី ការកែសម្រួល​ការអនុវត្ត​វិធានការ​សុខាភិបាល និង​ការធ្វើ​ច​ត្តា​ឡី​ស័ក ចំពោះ​អ្នកការទូត និង​មន្ត្រី​អង្គការ​អន្តរជាតិ ដែល​កាន់​ទិដ្ឋាការ​ការទូត (Visa A)​។ បើតាម​ក្រសួងសុខាភិបាល អ្នកការទូត និង​មន្ត្រី​អង្គការ​អន្តរជាតិ ត្រូវមាន​វិញ្ញាបនបត្រ​បញ្ជាក់​សុខភាព ដោយ​បញ្ជាក់ថា គ្មាន​កូ​វីដ​-១៩ មាន​សុពលភាព​រយៈពេល​៧២​ម៉ោង មុនពេល​ចេញដំណើរ និង​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល ១៤​ថ្ងៃ ពេញលេញ​។​


 
​ក្រោយ​ចំណារ​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា សម្ដេច ហ៊ុន សែន នៅ​ថ្ងៃទី​១៨ ធ្នូ​កន្លងទៅ ក្រសួងសុខាភិបាល ប្រកាស​កែសម្រួល​ការអនុវត្ត​វិធានការ​សុខាភិបាល និង​ការធ្វើ​ច​ត្តា​ឡី​ស័ក ចំពោះ​អ្នកការទូត និង​មន្ត្រី​អង្គការ​អន្តរជាតិ ដែល​កាន់​ទិដ្ឋាការ​ការទូត (Visa A)​។ សេចក្ដីប្រកាស​ព័ត៌មាន​ខាងលើ បញ្ជាក់ថា អ្នកការទូត និង​មន្ត្រី​អង្គការ​អន្តរជាតិ ដែល​កាន់​ទិដ្ឋាការ​ការទូត (Visa A) ត្រូវមាន​វិញ្ញាបនបត្រ​បញ្ជាក់​សុខភាព  ចេញ​ដោយ​អាជ្ញាធរ​សុខាភិបាល​ទទួលស្គាល់​ដោយ​ប្រទេស​សាមី បញ្ជាក់ថា​គ្មាន​កូ​វីដ​-១៩ មាន​សុពលភាព​រយៈពេល​៧២​ម៉ោង មុនពេល​ចេញដំណើរ​។ បន្ថែម​លើ​នេះ នៅពេល​មកដល់​កម្ពុជា អ្នក​ទាំងនោះ ត្រូវ​ឆ្លងកាត់​ការយក​សំណាក​ទៅធ្វើ​តេស្ត​ដោយ​ក្រុមគ្រូពេទ្យ​កម្ពុជា​។​
 
​ក្រសួងសុខាភិបាល បន្តថា ស្ថាន​តំណាង​បរទេស និង​ក្រុមការងារ​អង្គការសហប្រជាជាតិ​នៅ​កម្ពុជា ត្រូវ​ធានា​លើ​ការត្រួតពិនិត្យ​ឲ្យ​បាន​ហ្មត់ចត់ ក្នុងការ​អនុវត្ត​រប​ស់​អ្នកទទួលបាន​ទិដ្ឋាការ​ការទូត​ក​ម្ពូ​ជា (Visa A) ក្នុងការ​ធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ ពេញលេញ​។ ជាមួយគ្នានេះ ក្នុងការ​ករណី​មាន​អ្នកដំណើរ​ណា​ម្នាក់ ធ្វើ​តេស​ត្ត​វិជ្ជមាន​កូ​វីដ​-១៩ ក្រសួង នឹង​បញ្ជូន​អ្នក​វិជ្ជមាន​នោះ ទៅ​មន្ទីរពេទ្យ​តាម​ការកំណត់​របស់​ក្រសួង​។ 
 
​ចំពោះ​ការធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ ពេញលេញ អាចធ្វើ​នៅ​និវេសនដ្ឋាន​របស់​ស្ថានទូត ឬ​គេហដ្ឋាន​ដាច់ដោយឡែក​។ សេចក្ដីប្រកាស​ដដែល បញ្ជាក់ថា ក្នុងការ​ករណី​អ្នកការទូត​ដែល​មិន​ស្នាក់​នៅក្នុង​និវេសនដ្ឋាន​របស់​ស្ថានទូត ឬ​គេហដ្ឋាន​ដាច់ដោយឡែក ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​សណ្ឋាគារ Himawari និង​ស្ថិតក្រោម​ការត្រួតពិនិត្យ​របស់​ស្ថានទូត អង្គការ​អន្តរជាតិ​សាមី និង​មន្ត្រី​សុខាភិបាល ដោយ​ការចំណាយ​ជា​បន្ទុក​របស់​សាមីខ្លួន​។  
 
​បើតាម​ក្រសួងសុខាភិបាល ក្នុងពេល​ធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ ពេញលេញ មិន​អនុញ្ញាត​ឲ្យ​ជួប​ភ្ញៀវ​ឡើយ​។ ទន្ទឹមនឹងនេះ ការធ្វើដំណើរ​ពី​អាកាសយានដ្ឋាន​ទៅ​និវេសនដ្ឋាន​របស់​ស្ថានទូត ឬ​គេហដ្ឋាន​ដាច់ដោយឡែក ត្រូវ​ប្រើតែ​មធ្យោបាយ​ដឹកជញ្ជូន​របស់​ស្ថានទូត ឬ​អង្គការ​អន្តរជាតិ​ប៉ុណ្ណោះ​។​
 
​សូមបញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​១៩​ធ្នូ កម្ពុ​ជាមាន​ករណី​ឆ្លង​កូ​វីដ​-១៩ សរុប ៣៦២​ករណី ក្នុងនោះ​សះស្បើយ​អស់ ៣៤៥​នាក់​ហើយ​។ បច្ចុប្បន្ន មាន​អ្នកជំងឺ ១៣​នាក់​កំពុង​សម្រាក់​ព្យាបា​ន​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ២​នាក់ នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ និង​២​នាក់ ទៀត នៅ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺរបេង និង​ហង់​សិន​៕
 
 
 

Tag:
 សុខាភិបាល​
  COVID-19
  អ្នកការទូត​
  មន្ត្រី​អង្គការ​អន្តរជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com