COVID-19
អន្តរជាតិ
អាមេរិក អនុញ្ញាតឲ្យប្រើវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩របស់ក្រុមហ៊ុនModerna
19, Dec 2020 , 3:59 pm        
រូបភាព
វ៉ាក់សាំងបង្ការជំងឺកូវីត ១៩របស់ក្រុមហ៊ុនModerna។ រូបភាព៖AFP
វ៉ាក់សាំងបង្ការជំងឺកូវីត ១៩របស់ក្រុមហ៊ុនModerna។ រូបភាព៖AFP
ដោយ:
អាជ្ញាធរស្បៀង និងឱសថអាមេរិក នៅថ្ងៃទី១៨ ធ្នូ បានអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន Moderna សម្រាប់ស្ថានការណ៍អាសន្ន។ ការអនុញ្ញាតឲ្យប្រើប្រាស់នេះ នាំឲ្យអាមេរិកមានវ៉ាក់សាំង ចំនួន៦លានដូសបន្ថែម ក្រោយពីបានអនុញ្ញាត ឲ្យប្រើប្រាស់វ៉ាក់សាំង របស់ក្រុមហ៊ុន Pfizer កាលពីថ្ងៃទី១១ ធ្នូកន្លងទៅ។


 
ការសម្រចឲ្យប្រើប្រាស់វ៉ាក់សាំងនេះ ធ្វើឡើងផ្អែកលើទិន្ន័យ នៃការធ្វើតេស្តចុងក្រោយ ទៅលើអ្នកស្ម័គ្រចិត្តចំនួន៣ម៉ឺននាក់ ដោយវ៉ាក់សាំងនេះ បង្ហាញប្រសិទ្ធភាព៩៥ភាគរយ ក្នុងការបង្ការជំងឺកូវីដ-១៩ និងពុំមានផល់ប៉ះពាល់ធ្ងន់ធ្ងរអ្វីឡើយ។ វ៉ាក់សាំងនេះ ត្រូវចាក់ពីរដង ដោយការចាក់លើកទីពីរ ត្រូវធ្វើឡើង២៨ថ្ងៃក្រោយ ការចាក់លើកទី១។
 
ជាទូទៅ ផលប៉ះពាល់បន្តិបន្តួច ក្រោយចាក់វ៉ាក់សាំងនេះ គឺឈឺចាប់នៅកន្លែងចាក់ថ្នាំ អស់កម្លាំង ឈឺក្បាល ឈឺសាច់ដុំ ឈឺសន្លាក់ ហើមកូនកណ្តុរនៅដៃ កន្លែងចាក់ថ្នាំ ចង្អោរ និងក្អួត ក៏ដូចជាគ្រុនក្តៅ។ វ៉ាក់សាំងនេះ ក៏បណ្តាលឲ្យមានប្រតិកម្មអាឡែរហ្ស៊ី ដូចវ៉ាក់សាំង Pfizerដែរ ហើយ FDA ក៏ផ្តល់អនុសាសន៍ ដល់អ្នកមានជំងឺអាឡែរហ្ស៊ី កុំទាន់ចាក់វ៉ាក់សាំងនេះ។
 
សម្រាប់ការចាក់វ៉ាក់សាំងនេះ បុគ្គលិកសុខាភិបាល និងមនុស្សចាស់ ដែលរស់នៅមណ្ឌលចាសជរា នឹងទទួលបានអាទិភាព ទទួលវ៉ាក់សាំងនេះ ខណៈ FDA កំពុងពិចារណាបន្ថែម លើក្រុមមនុស្សប្រភេទណា ដែលនឹងទទួលបានអាទិភាពនេះជាបន្តបន្ទាប់។
 
វ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna ត្រូវបានរំពឹងថា នឹងត្រូវប្រើនៅតំបន់ ដែលពិបាកធ្វើដំណើរ ដូចជាមន្ទីរពេទ្យតាមជនបទ។ វ៉ាក់សាំងរបស់ Moderna អាចស្តុកទុកបានក្នុងទូរទឹកកកធម្មតាសម្រាប់សីតុណ្ហភាព២០អង្សាក្រោមសូន្យ ដែលខុសពីវ៉ាក់សាំងរបស់ Pfizer ដែលត្រូវដាក់ក្នុងទូរទឹកកក ពិសេសសម្រាប់សីតុណ្ហភាព៩០អង្សាក្រោមសូន្យ។
 
លោកវេជ្ជបណ្ឌិត Stephen M. Hahn ស្នងការអាជ្ញាធរស្បៀង និងឱសថអាមេរិកនិយាយថា ដោយមានវ៉ាក់សាំងចំនួន២ FDA បានឈានដល់ដំណាក់កាលសំខាន់មួយទៀត ក្នុងការប្រយុទ្ធនឹងជំងឺរាតត្បាតសាកល ដែលបណ្តាលឲ្យមនុស្សជាច្រើន ត្រូវព្យាបាលក្នុងមន្ទីរពេទ្យ និងសម្លាប់ប្រជាជនអាមេរិក ចំនួនជាង៣សែននាក់។ នេះយោងតាមទីភ្នាក់ងារព័ត៌មានAFP។
 
វ៉ាក់សាំងរបស់ Pfizer និង Moderna ប្រើប្រាស់បច្ចេកវិទ្យា mRNA ដែលបញ្ជូនសារធាតុសេនេទិក ទៅក្នុងរាងកាយរបស់មនុស្ស ដើម្បីឲ្យកោសិកាបង្កើតប្រូតេអ៊ីនប្រឆាំងនឹងវីរុស។ ការធ្វើបែបនេះ ប្រៀបដូចជាការបង្រៀនភាពស៊ាំរបស់រាងកាយឲ្យស្គាល់ និងត្រៀមខ្លួនកម្ចាត់មេរោគ SARS-CoV-2 ដែលបង្កទៅជាជំងឺ COVID-19 នៅពេលចូលទៅក្នុងរាងកាយ។
 
ដោយអនុញ្ញាតឲ្យប្រើវ៉ាក់សាំងPfizer និង Moderna អាមេរិកមានវ៉ាក់សាំងចំនួន៤០លានដូស សម្រាប់ចាក់ឲ្យពលរដ្ឋចំនួន២០លាននាក់ ត្រឹមចុងឆ្នាំ២០២០នេះ។ ក្រុមហ៊ុន Moderna បានសន្យាផ្គត់ផ្គង់វ៉ាក់សាំង ពីចំនួន៨០លានដូសទៀត សម្រាប់៣ខែ ដើមឆ្នាំ២០២១ និង១០០លានដូសបន្ថែមទៀត សម្រាប់ពីខែមេសា ដល់ចុងខែមិថុនា៕
 

Tag:
 អាមេរិក
 កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com