ជាតិ
ពានរង្វាន់ព្រះនាងឥន្ទ្រទេវីឆ្នាំ២០២១ ផ្ដល់ឱកាសដល់អ្នកតែងនិពន្ធជាថ្មី
19, Dec 2020 , 7:29 pm        
រូបភាព
​ជយលាភីពានរង្វាន់ព្រះនាងឥន្ទ្រទេវីកាលឆ្នាំមុន (រូប​ផ្ដល់​ឱ្យ)
​ជយលាភីពានរង្វាន់ព្រះនាងឥន្ទ្រទេវីកាលឆ្នាំមុន (រូប​ផ្ដល់​ឱ្យ)
ភ្នំពេញ៖ ក្នុងគោលបំណងថែរក្សាលើកតម្កើង និងជំរុញវិស័យអក្សរសិល្ប៍ អក្សរសាស្ត្រជាតិ ឱ្យកាន់តែប្រសើរឡើងថែមទៀត ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នឹងរៀបចំប្រឡងជ្រើសរើសស្នាដៃតែងនិពន្ធប្រលោមលោកខ្នាតខ្លី និងកំណាព្យរឿង ពានរង្វាន់ “ព្រះនាងឥន្រ្ទទេវី” ឆ្នាំ២០២១។


 
ពានរង្វាន់នេះធ្វើឡើង ក្រោមប្រធានបទ “សេរី” ហើយផ្ទៃរឿងទាំងមូលត្រូវមានលក្ខណៈសមស្រប។ អត្ថន័យមាន៣ចំណុច គឺសច្ចធម៌ សីលធម៌ និងគុណធម៌។ អត្ថរូបមាន៣ចំណុច គឺវិធីតែង រចនាបថ និងសិល្ប៍សោភ័ណ។ អត្ថរស ក៏មាន៣ចំណុច គឺបង្ហាញឱ្យឃើញពីការអប់រំ ការអភិវឌ្ឍ និងការរក្សាតម្លៃអត្តសញ្ញាណជាតិ។
 
អត្ថបទត្រូវសរសេរលើខ្នាតក្រដាស A4 ចាប់ពី១៥-៣០ទំព័រ។ អក្សរត្រូវវាយដោយកំព្យូទ័រ Font យូនីកូត Khmer OS Simreap ទំហំ ១២។ ចំពោះអក្ខរាវិរុទ្ធ ត្រូវយកតាមវចនានុក្រមខ្មែរ (សម្ដេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ)។
 
ស្នាដៃតែងនិពន្ធ មានជយលាភីលេខ១-៣ ដោយប្រលោមលោក៣រូប និងកំណាព្យរឿង៣រូប។ ជយលាភីលេខ១ ទទួលបានពានមាស១ ប្រកាសនីយបត្រ១ និងថវិកា។ ជយលាភីលេខ២ ទទួលបានពានប្រាក់១ ប្រកាសនីយបត្រ១ និងថបវិកា។ ជយលាភីលេខ៣ ពានសំរិទ្ធ១ ប្រកាសនីយបត្រ១ និងថវិកា។ 
 
រង្វាន់កិត្តិយសមានលេខ៤-៥ ដោយប្រលោមលោក២រូប និងកំណាព្យរឿង២រូប និងទទួលបានបណ្ណសរសើរ១ អមដោយទឹកប្រាក់។ បេក្ខជនម្នាក់អាចដាក់ស្នាដៃរបស់ខ្លួនបាន២ គឺប្រលោមលោកខ្នាតខ្លី១ និងកំណាព្យរឿង១។
 
ប្រសិនបើសាធារណជនមានចំណាប់អារម្មណ៍ អាចផ្ញើស្នាដៃតែងនិពន្ធរបស់ខ្លួនចូលរួមប្រកួត ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ម៉ោង១៧.០០ ជាកំហិត៕
 
ចំណាំ៖ ទីកន្លែងទទួលស្នាដៃប្រឡង នៅនាយកដ្ឋានសៀវភៅនិងការអាន អគារលេខ៤៤ ផ្លូវសម្ដេចប៉ាន (លេខ២១៤) សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅរៀងរាល់ម៉ោងធ្វើការ។ ឬផ្ញើតាម Telegram លោក កុក រស់ ០១១ ៨៥០ ០៩៤ និងកញ្ញា ញ៉ឹក ថារី ០១២ ៨០១ ១២២ ឬលោក សំអាត សិលា ០៧៨ ៦៦៨ ៩៧៧។
 

Tag:
 អក្សរសាស្ត្រ
  អក្សរសិល្ប៍
  តែងនិពន្ធ
  និពន្ធ
  រឿងខ្លី
  កំណាព្យ
  សិល្បៈ
  ពានរង្វាន់
  ឥន្ទ្រទេវី
© រក្សាសិទ្ធិដោយ thmeythmey.com