ជាតិ
ព្រឹទ្ធសភា នឹងពិនិត្យសេចក្តីព្រាងច្បាប់ចំនួន៧ នៅសម័យប្រជុំលើកទី៦ ដែលនឹងរៀបចំនៅថ្ងៃទី២១-២២ធ្នូ
19, Dec 2020 , 7:59 pm        
រូបភាព
រូបភាពពីគេហទំព័រព្រឹទ្ធសភាកម្ពុជា
រូបភាពពីគេហទំព័រព្រឹទ្ធសភាកម្ពុជា
ដោយ:
ភ្នំពេញ៖ គណៈកម្មាធិការអចិន្រ្តៃព្រឹទ្ធសភា បានកំណត់យកថ្ងៃទី២១ និងថ្ងៃទី២២ ខែធ្នូ ដើម្បីបន្តសម័យប្រជុំលើកទី៦ ព្រឹទ្ធសភានីតិកាលទី៤ ដោយផ្តោតការពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ចំនួន៧។ ការសម្រេចនេះធ្វើឡើង នាកិច្ចប្រជុំមួយនៅថ្ងៃទី១៨ ខែធ្នូ  ដែលដឹកនាំដោយ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា។

 
បើតាមនាយកដ្ឋានព័ត៌មានរបស់ព្រឹទ្ធសភា នៅក្នុងសម័យប្រជុំលើកទី៦នោះ គណៈម្មាធិការអចិន្រ្តៃព្រឹទ្ធសភា នឹងផ្ដោតសំខាន់លើរបៀបវារៈ ចំនួន៧ រួមមាន៖
 
១.ពិនិត្យ និងឲ្យយោបល់ លើសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។ ២.ពិនិត្យ និងឲ្យយោបល់ លើសេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ ។ 
៣.ពិនិត្យ និងឲ្យយោបល់ លើសេចក្តីព្រាងច្បាប់ ស្តីពីមូលបត្ររដ្ឋ។
៤.ពិនិត្យ និងឲ្យយោបល់ លើសេចក្តីព្រាងច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃអាជ្ញាធរ សេវាហិរញ្ញវត្ថុមិនមែនធនាគារ។ 
៥.ពិនិត្យ និងឲ្យយោបល់ លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័ត យល់ព្រម លើកិច្ចព្រមព្រៀងអាស៊ាន ស្តីពីការទទួលស្គាល់ទៅវិញទៅមកលើការផ្តល់អាជ្ញាបណ្ណក្រុមអាកាសយានិក។
៦.ពិនិត្យ និងឲ្យយោបល់ លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើ ពិធីសារទី៣ ស្តីពី សិទ្ធិសហការ លើជើងហោះហើរ ក្នុងស្រុក ក្នុងរង្វង់ ទឹកដី នៃប្រទេសជាសមាជិកអាស៊ានណាមួយ ។ និងពិធីសារទី៤ ស្តីពីសិទ្ធិហោះហើរ កូធ័រមីណល រវាងអាកាសយានដ្ឋាន នៅក្នុងទឹកដីនៃប្រទេសជាសមាជិកអាស៊ាន។
៧.ពិនិត្យ និងឲ្យយោបល់ លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារអនុម័តកញ្ចប់កិច្ចសន្យាទី៩ និងទី១០ នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ក្រោមកិច្ចព្រមព្រៀង ក្របខ័ណ្ឌអាស៊ាន ស្តីពីសេវាកម្ម៕
 




Tag:
 ព្រឹទ្ធសភា
 សាយ ឈុំ
© រក្សាសិទ្ធិដោយ thmeythmey.com