ជាតិ
ដាំតាសក់ជាន់គ្នា ធ្វើឲ្យតម្លៃតាសក់ ក្នុងស្រុកក្រូចឆ្មារ ធ្លាក់ដល់ ៣០០រៀល ក្នុងមួយគីឡូក្រាម
19, Dec 2020 , 8:29 pm        
រូបភាព
ដោយ:
កសិករក្នុងស្រុកក្រូចឆ្មារ ភាគច្រើន បានងាកមកដាំតាសក់ចំណារ បន្ទាប់ពីដំណាំត្រឡាច ល្ពៅ ប៉េងប៉ោះ ដោយសារជាបន្លែងាយដាំ មានរយៈពេលខ្លី។ ប៉ុន្តែការដាំតាសក់ ជាន់គ្នា ដោយមិនមានការផ្លាស់ប្ដូរ ធ្វើឲ្យតម្លៃតាសក់ ក្នុងស្រុកក្រូចឆ្មារ ធ្លាក់ដល់ ២៥០រៀល ទៅ ៣០០រៀល ក្នុងមួយគីឡូក្រាម។ នេះបើតាមលោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម ខេត្តត្បូងឃ្មុំ ប្រាប់សារព័ត៌មានThmeyThmey25 តាមទូរសព្ទនៅថ្ងៃទី ១៧ ខែធ្នូ។

 
លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម ខេត្តត្បូងឃ្មុំ បានប្រាប់សារព័ត៌មានThmeyThmey25 តាមទូរសព្ទ នៅថ្ងៃទី ១៧ ខែធ្នូនេះថា តម្លៃតាសក់ចំណារ ក្នុងខេត្តត្បូងឃ្មុំពិតជា មានការធ្លាក់ចុះពិតមែន។ លោកបញ្ជាក់ថា ការធ្លាក់ថ្លៃនេះ ទើបរយៈពេលប្រមាណ ១សប្ដាហ៍ប៉ុណ្ណោះ។ លោក ហេង ពិសិដ្ឋ បានពន្យល់យ៉ាងដូច្នេះ៖«តម្លៃតាសក់ ធ្លាក់ចុះមែន តែទើបធ្លាក់ក្នុងសប្ដាហ៍នេះទេ ហើយតម្លៃ ៣០០រៀល ក្នុងមួយគីឡូ តែក្នុងស្រុកក្រូចឆ្មារប៉ុណ្ណោះ ព្រោះមានអ្នកដាំច្រើន។ បើនៅតំបន់ផ្សេង លក់បានតម្លៃ ៥០០រៀល ទៅ ៦០០រៀល ក្នុងមួយគីឡូក្រាម»។
 
ប្រធានមន្ទីរកសិកម្មរូបនេះ បានបន្ថែមថា មានកសិករច្រើន ដែលដាំតាសក់ ព្រោះជាបន្លែមានរយៈពេលខ្លី និងងាយដាំ។ ក្នុងខេត្តត្បូងឃ្មុំ ទាំងមូល មានផ្លៃដីប្រមាណ ៦០ហិកតាទៅហើយ សម្រាប់ដាំតាសក់នេះ ខណៈអ្នកស្រុកក្រូចឆ្មារ ស្ទើរទាំងអស់បានដាំតាសក់ដែរ។ «ការដាំតាសក់ជាន់គ្នា មិនផ្លាស់ប្ដូរដំណាំ និងមិនគិតពីតម្រូវការ ទីផ្សារ ធ្វើឲ្យកសិករ ជួបបញ្ហាទីផ្សារ។ ដូច្នេះ កសិករមិនគួរ ដាំអ្វីតាមគ្នានោះទេ ត្រូវស្វែងយល់ ពីទីផ្សារសិន និងត្រូវរៀបចំក្រុមដាំ ឲ្យបានត្រឹមត្រូវ»។ នេះជាការបញ្ជាក់របស់ប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ។


 
អ្នកស្រី ហេង រ៉ែម អ្នកដាំតាសក់ចំណារ នៅភូមិក្ដុលក្រោម ឃុំព្រែកអាជី ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ អ្នកស្រី បានប្រាប់សារព័ត៌មានThmeyThmey25 តាមទូរសព្ទថា អ្នកស្រីផ្ដើមដាំតាសក់ កាលឆ្នាំ២០១៩ បូករួម ជាមួយ ដំណាំល្ពៅ និងត្រឡាច បន្ទាប់ពី ការធ្វើស្រូវវស្សា។ កសិកររូបនេះ បានបន្ថែមថា៖«ជិត ១០ថ្ងៃមកហើយ ដែលតាសក់ ធ្លាក់ថ្លៃ ដល់ ២៥០រៀល ទៅ ៣០០រៀល។ កន្លងមក តាសក់ លក់បាន ១ ០០០រៀល បន្ទាប់មកធ្លាក់ដល់ ៦០០រៀល ហើយពេលនេះ ត្រឹម ៣០០រៀលទេ ហើយមិនសូវមានអ្នកទិញផង»។
 
កសិករដាំតាសក់ក្នុងស្រុកក្រូចឆ្មាររូបនេះ ប្រាប់ទៀតថា៖«ឆ្នាំនេះពិបាកខ្លាំង ព្រោះដាំតាសក់ មិនចំណេញ ហើយដំណាំស្រូវត្រូវជំនន់ទឹកភ្លៀង បំផ្លាញគ្មានសល់( ២ហិកតា)»។ លើសពីនេះ ដំណាំស្រូវ ដែលខូចខាត ទើបស្ដារបានប្រមាណ ២ខែប៉ុណ្ណោះ កសិករ ហេង រ៉ែម នៅសល់តែដំណាំត្រឡាច និងល្ពៅ ជាក្ដីរំពឹង ដោយដំណាំត្រឡាច អាចលក់បាន ១ឡូ (១២ផ្លែ) តម្លៃ ៧ ០០០រៀល និងដំណាំល្ពៅ តម្លៃ ៨០០រៀល ទៅ ១ ៥០០រៀល ក្នុងមួយគីឡូក្រាម។ នេះបើតាមកសិករ ហេង រ៉ែម៕


ផលតាសក់ របស់ពលរដ្ឋខេត្តត្បូងឃ្មុំ


Tag:
 តាសក់
© រក្សាសិទ្ធិដោយ thmeythmey.com