សង្គមអន្តរជាតិ​
អន្តរជាតិ
សារមន្ទីរ «សុភមង្គល» ត្រូវបានបើកដំណើរការនៅដាណឺម៉ាក
19, Dec 2020 , 8:59 pm        
រូបភាព
ដោយ: ធីតា
ដាណឺម៉ាកជាប់ឈ្មោះជាប្រទេសទីពីរនៅលើលោកដែលមានសុភមង្គលជាងគេ។ កាលពីពេលថ្មីៗកន្លងមក រដ្ឋ Nordic មួយនេះ បានបើកដំណើរ សារមន្ទីរ «សុភមង្គល» (Happiness Museum) ទីមួយលើពិភពលោក ដើម្បីពង្រឹងគុណភាពជីវិតរបស់ពលរដ្ឋ។

 
«យើងទាំងអស់គ្នាសុទ្ធតែព្យាយាមស្វែងរកភាពរីករាយ សុភមង្គល ប៉ុន្តែប្រហែលជាពេលខ្លះ យើងរកខុសកន្លែង។ យើងកាន់តែមានគ្រប់បែបយ៉ាងក្នុងសង្គម តែជាញឹកញាប់ ពិបាកឈានទៅដល់ចំណុចរីករាយខ្លាំងណាស់»។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់វិទ្យាស្ថាន Happiness Research Institute ដែលមានមូលដ្ឋាននៅក្រុងកូប៉ិនហាក។
 
វិទ្យាស្ថានស្រាវជ្រាវសុភមង្គល ដែលបានផ្តួចផ្តើមបង្កើតសារមន្ទីរសុភមង្គល បានអះអាងថា សារមន្ទីររបស់ខ្លួនដែលមានទំហំ២៤០ម៉ែត្រការេ ពិតជារួមចំណែកផ្តល់ភាពរីករាយនៅក្នុងជីវិត បើគិតចាប់តាំងពីដំណើរការកាលពីថ្ងៃទី១៤ ខែកក្កដា មក។
 
យោងតាមការផ្សាយរបស់ទស្សនាវដ្តី Smithsonian សារមន្ទីរមាន៨បន្ទប់ ដែលបង្ហាញពីទ្រឹស្តីផ្សេងៗគ្នាទាក់ទងនឹងធម្មជាតិនៃសុភមង្គល។ សារមន្ទីរបង្ហាញនូវកម្រងឯកសារ ផ្ទាំងរូបភាព និងឧបករណ៍ផ្សេងៗ ដែលនាំឲ្យមានភាពសប្បាយរីករាយ។


 
សារមន្ទីរក៏មានដាក់បង្ហាញផែនទីនៃបណ្តាប្រទេសដែលមានភាពសប្បាយរីករាយជាងគេបំផុត និងមិនសប្បាយបំផុតផងដែរ ហើយជាមួយគ្នានេះ ក៏មានកម្រងឯកសារពាក់ព័ន្ធនឹងដាណឺម៉ាក និងរដ្ឋណ័រឌីកផ្សេងទៀត ដែលជាប់ចំណាត់ថ្នាក់លើគេ ជារដ្ឋដែលមានសុភមង្គលបំផុតលើលោក។
 
លោក Meik Wiking អគ្គនាយកវិទ្យាស្ថានស្រាវជ្រាវសុភមង្គ បានថ្លែងប្រាប់ BBC Newsround ថា៖ «យើងអាចជាដាណឺម៉ាក ឬម៉ិកស៊ិក ឬអាមេរិក ឬក៏ចិន ប៉ុន្តែយើងគឺជាមនុស្សដំបូងបំផុត។ អ្វីដែលដូចគ្នានោះ គឺថា ការស្វែងរកសុមង្គល មិនសំខាន់ថា យើងមកពីណានោះឡើយ ហើយខ្ញុំសង្ឃឹមថា អ្នកទស្សនាសារមន្ទីរក៏អាចទទួលបានភាពសប្បាយរីករាយបន្ថែមផងដែរ»។
 
នៅក្នុងសារមន្ទីរ ភ្ញៀវអាចផ្តល់ការបរិច្ចាគផ្សេងៗ ដោយភ្ជាប់ជាមួយវត្ថុដែលមានរូបញញឹម។ នាអំឡុងវិបត្តិកូវីដ-១៩ លោក Meik បានបញ្ជាក់ថា សារមន្ទីរលោកមិនទទួលបានភ្ញៀវច្រើននោះឡើយ។
 
ក្រៅពីនេះ សារមន្ទីរក៏មានលក់វត្ថុអនុស្សាវរីយ៍ ដូចជាកែវទឹក កាបូប ផ្ទាំងរូបភាព ក៏ដូចជាស្នាដៃនិពន្ធផ្សេងៗ ដែលទាក់ទងនឹងសុមង្គលផងដែរ។ សៀវភៅដែលគួរឲ្យចាប់អារម្មណ៍មួយចំនួនមានដូចជា The Little Book of Hygge, The Little Book of Lykke, The Art of Making Memories, The Hygge Game, The Happy Course ជាដើម៕




 

© រក្សាសិទ្ធិដោយ thmeythmey.com