ជាតិ
អាល្លឺម៉ង់ផ្ដល់កម្ចី៣០លានអឺរ៉ូបន្ថែមដល់កម្ពុជា ដើម្បីជួយផ្គត់ផ្គង់អគ្គិសនីនៅជនបទ
19, Dec 2020 , 10:59 pm        
រូបភាព
បណ្តាញ​អគ្គិសនី​រដ្ឋ​ដែល​ស្ថិតនៅ​ក្នុងភូមិ​ក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប។ រូបថត អ៊ឹង ចំរើន​
បណ្តាញ​អគ្គិសនី​រដ្ឋ​ដែល​ស្ថិតនៅ​ក្នុងភូមិ​ក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប។ រូបថត អ៊ឹង ចំរើន​
ជាតិ៖ អាល្លឺម៉ងសម្រេចផ្ដល់កម្ចីសម្បទាន៣០លានអឺរ៉ូបន្ថែមដល់កម្ពុជា ដើម្បីពង្រីកបណ្ដាញអគ្គិសនីនៅតាមជនបទនៃប្រទេសកម្ពុជា និងរួមចំណែកកាត់បន្ថយការភាយចេញឧស្ម័នផ្ទះកញ្ចក់។


 
សេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតរបស់អាល្លឺម៉ង់ចេញថ្ងៃទី១៤ធ្នូនេះ បានបញ្ជាក់ថា កម្ចីសម្បទានគឺជួយកាត់បន្ថយការប្រាក់ សម្រាប់ធ្វើឲ្យថាមពលអគ្គិសនីនៅជនបទប្រសើរឡើង ដោយទទួលបានថាមពលលប្រើប្រាស់ជាសកលនៅឆ្នាំ២០៣០។ លោក Christian Berger ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់បញ្ជាក់ក្នុងសេចក្ដីប្រកាសថា៖ «...គោលដៅនៃការវិនិយោគរបស់អាល្លឺម៉ង់ គឺការទទួលបានអគ្គិសនីប្រើប្រាសប្រសើរជាងមុន ថាមពលមានតម្លៃទាបជាងមុន ការផ្គត់ផ្គង់ថាមពលដែលអាចទុកចិត្តបានជាងមុន និងការភាយចេញឧស្ម័នផ្ទះកញ្ចក់តិចជាងមុន»។ 
 
ការផ្ដល់កម្ចី៣០លានអឺរ៉ូ ក្នុងលក្ខខណ្ឌកាត់បន្ថយការប្រាក់នេះ គឺជាកម្ចីលើកទី២ហើយ ដែលអាល្លឺម៉ង់ផ្ដល់ឲ្យកម្ពុជា ដែលធ្វើឡើងតាមការសន្យារកាលពីឆ្នាំ២០១៨។ កម្ចីសរុបគឺ៦០លានអឺរ៉ូ សម្រាប់ធ្វើឲ្យប្រសិទ្ធិភាពថាមពលអគ្គិសនីនៅកម្ពុជាប្រសើរជាមុន។ ជាមួយគ្នាដែរ កាលពីឆ្នាំ២០១៨ ការផ្ដល់កម្ចីវិនិយោគនេះ បានជួយកាត់បន្ថយការភាយចេញឧស្ម័នកាបូនិក២ម៉ឺនតោនក្នុងមួយឆ្នាំ ហើយការបញ្ជូនថាមពលសុទ្ធកើនឡើង២០ភាគរយជាមួយនឹងបណ្ដាលអគ្គិសនីប្រសើរជាមុន។ លើសពីនេះ បានជួយឲ្យពលរដ្ឋប្រមាណ១.៥ម៉ឺនគ្រួសារ ទទួលបានអគ្គិសនីប្រើប្រាស់។ 
 
បើតាមផែនការថាមពលអគ្គិសនីឆ្នាំ២០១៩ របស់ក្រសួងរ៉ែ និងថាមពល និងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាននិងអាស៊ីបូព៌ា បានព្យាករថា តម្រូវការថាមពលអគ្គិសនីនឹងកើនឡើងជាមធ្យម៩ភាគរយ នៅចន្លោះឆ្នាំ២០១៥ដល់២០៤០។ 
 
ទោះបីកម្ពុជាមានគម្រោងក្នុងការកាត់បន្ថយការបម្រែបម្រួលយ៉ាណាក៏ដោយ រដ្ឋាភិបាលកម្ពុជាក៏បានអនុញ្ញាតមានការបង្កើតរោងចក្រថាមពលធ្យូងថ្ម ជាប្រភេទថាមពលដ៏ខ្លាំងមួយក្នុងការជំរុញឲ្យមានការបម្រែបម្រួលអាកាសធាតុផងដែរ។ រោងចក្រធ្យូងថ្មនេះ មាននៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ, ស្រុកបុទុមសាគរ ខេត្តកោះកុង និងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ៕ 
 

Tag:
 អាល្លឺម៉ង់
  កម្ចីសម្បទាន
  អគ្គិសនី
  ជនបទ
© រក្សាសិទ្ធិដោយ thmeythmey.com