ជាតិ
ចិន នឹងផ្ដល់ថ្នាំការពារជំងឺឆ្លងអុតក្តាមសត្វគោ និងក្របី ដល់កម្ពុជាចំនួន ២០ម៉ឺនដូស
× ក្រសួងកសិកម្ម និងកិច្ចការជនបទ នៃសាធារណរដ្ឋប្រជាមានិតចិន នឹងផ្តល់ថ្នាំការពារជំងឺឆ្លងអុតក្តាម សត្វគោ ក្របី ចំនួន ២០ម៉ឺនដូស ដើម្បីជួយដោះស្រាយបញ្ហាក្នុងវិស័យសុខភាពសត្វ និងផលិតកម្មសត្វកម្ពុជា។ នេះបើតាមលោក វេង សាខុន បានសរសេរសារលើគណនីហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២០។
ការផ្ដល់ថ្នាំការពារ ជំងឺឆ្លងអុតក្តាម សត្វគោ ក្របី ចំនួន ២០ម៉ឺនដូស នាពេលនេះ ស្របតាមសំណើរបស់ លោក វេង សាខុន កាលពីថ្ងៃទី៤ ខែធ្នូ បានស្នើទៅរដ្ឋមន្រ្តីក្រសួងកសិកម្ម និងកិច្ចការជនបទនៃសាធារណរដ្ឋប្រជាមានិតចិន ជួយផ្តល់ថ្នាំការពារ ជំងឺឆ្លងអុតក្តាមសត្វគោ ក្របី ដែលកម្ពុជាកំពុងប្រឈម នាពេលបច្ចុប្បន្ន។ បើតាមលោក វេង សាខុន កិច្ចការនេះ មានការសម្របសម្រួលជាមួយ វិទ្យាស្ថានស្រាវជ្រាវ បសុពេទ្យឡានចូវ សមាគមថ្នាំពេទ្យ និងបសុពេទ្យចិន និងក្រុមការងារនៃសាកលវិទ្យាល័យកសិកម្មចិនសម្រាប់សម្ព័ន្ធភាពឧស្សាហកម្មឡានឆាង-មេគង្គបសុពេទ្យ និងថ្នាំការពារជំងឺ ដើម្បីផ្តល់ជូនភាគីកម្ពុជាផ្នែកបច្ចេកទេស និងបង្កើនសមត្ថភាពក្នុងការឃ្លាំមើល ការបង្ការ និងការគ្រប់គ្រងការរាលដាលជំងឺឆ្លងសត្វ។
ដោយឡែក ការផលិតថ្នាំ ការពារជំងឺឆ្លងសត្វ នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទាំងពីរ បាននិងកំពុងសម្របសម្រួល ផ្នែកលិខិតបទដ្ឋាន គតិយុត្តនានា ធ្វើយ៉ាងណាបង្កើតភាពងាយស្រួលជូនដល់ក្រុមហ៊ុនវិនិយោគិនចិន ដែលមានបំណងធ្វើការវិនិយោគ ដើម្បីសិក្សាស្រាវជ្រាវ និងផលិតនៅកម្ពុជានាពេលខាងមុខ។ បច្ចុប្បន្ន កម្ពុជាកំពុងជួបបញ្ហាជំងឺអុតក្ដាម លើពពួកសត្វស្រុក និងសត្វព្រៃ ដូចជាសត្វជ្រូក គោ ចៀម និងពពែជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com