ជាតិ
កសិករខេត្តបន្ទាយមានជ័យ កំពុងមមាញឹកដាំបន្លែ ក្រោយការងារស្ដារដំណាំស្រូវបញ្ចប់
19, Dec 2020 , 4:59 pm        
រូបភាព
លោក អ៊ុំ រាត្រី នាឱកាសចុះពិនិត្យស្ថានភាពស្រូវ​ និងបន្លែ របស់កសិករ
លោក អ៊ុំ រាត្រី នាឱកាសចុះពិនិត្យស្ថានភាពស្រូវ​ និងបន្លែ របស់កសិករ
ដោយ:
បន្ទាប់ពីបញ្ចប់ការងារស្ដារដំណាំស្រូវដែលខូចខាត ដោយទឹកជំនន់ កសិករ ក្នុងខេត្តបន្ទាយមានជ័យ កំពុងមមាញឹកនឹងការដាំដំណាំរួមផ្សំវិញម្តង។ នេះបើតាមលោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ ដែលបានប្រាប់សារព័ត៌មានThmeyThmey25 បន្តថា ដំណាំបង្ការទាំងនោះ មានដូចជាស្ពៃ សាឡាដ ខាត់ណា ប៉េងបោះ ម្ទេស ការ៉ុត ឆៃថាវ និងបន្លែជាច្រើនទៀត។

 
លោកប្រធានមន្ទីរកសិកម្ម ខេត្តបន្ទាយមានជ័យ បានអួតសរសើរពីភាពឧស្សាហ៍របស់ពលរដ្ឋនៅក្នុងខេត្តនេះដូច្នេះ៖« ស្របពេលដំណាំស្រូវវស្សា របស់កសិករ ក្នុងខេត្តបន្ទាយមានជ័យ កំពុងមានការលូតលាស់ កសិករ មិនទុកពេលទំនេរចោល នោះទេ ក៏ឆ្លៀតដាំបន្លែ បង្ការ គ្រប់ប្រភេទ ដូចជាប្រភេទបន្លែស្លឹក និងបន្លែមើម ជាដើម ដើម្បីផ្គត់ផ្គត់សេដ្ឋកិច្ចគ្រួសារ»។
 
មិនត្រឹមមានភាពឧស្សាហ៍នោះទេ ប្រជាកសិករ មានភាពឆ្លាតវៃនៅក្នុងការដាំដុះដែរ ដើម្បីឲ្យមានបន្លែចម្រុះនៅលើទីផ្សារ និងរក្សាបានស្ថិរភាពតម្លៃផងដែរ។ នេះបើតាមលោក ប៉ាង វណ្ណាសេដ្ឋ។ ប្រធានមន្ទីរកសិកម្មរូបនេះ គូសបញ្ជាក់បន្តថា៖« គាត់មិនដាំដំណាំដដែលៗនោះទេ គាត់តែង ប្ដូរការដាំជានិច្ច ដូច្នេះរឿងទីផ្សារ មិនសូវមានបញ្ហាទេ។ ម្យ៉ាងក្នុងខេត្តបន្ទាយមានជ័យ មានការចងក្រងបណ្ដុំអាជីវម្ម។ ពេលប្រមូលផល តែងមានអ្នកទិញ ដោយកំណត់តម្លៃត្រឹមត្រូវ»។ 


ដំណាំស្រូវរបស់កសិករ ដែលស្ដារឡើងវិញ
 
លោក ប៉ាវ វណ្ណាសេដ្ឋ បន្តអះអាងថា បច្ចុប្បន្នខេត្តបន្ទាយមានជ័យ មិនមានការនាំចូលបន្លែពីប្រទេសជិតខាងនោះទេ ប៉ុន្តែក៏នៅមានកសិករ មិនបានសិក្សាពីផ្សារ ហើយបន្លែដាំតាមគ្នាផងដែរ។ ការណ៍នេះ បានធ្វើឲ្យបន្លែរបស់គាត់លើសការផ្គត់ផ្គង់ និងមានតម្លៃទាប។ លោក ប្រធានមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ បានលើកបញ្ហា ជាក់ស្តែងថា បច្ចុប្បន្នបន្លែស្ពៃដែលកំពុងសម្បូរហូរហៀរ លក់បានតែ ១ ០០០រៀល ទៅ ១ ២០០រៀលប៉ុណ្ណោះ ក្នុងមួយគីឡូក្រាម ខណៈម្ទេសឡើងថ្លៃ ១០ ០០០រៀល ក្នុង១គីឡូក្រាម ព្រោះមិនសូវមានអ្នកដាំ។  
 
ដោយឡេក លោក អ៊ុំ រាត្រី អភិបាល ខេត្តបន្ទាយមានជ័យ នាឱកាសចុះ ពិនិត្យស្ថានភាព ដំណាំស្រូវដែលស្ដារឡើងវិញ នាថ្ងៃទី១៨ ខែធ្នូ ក៏បានក្រើនរំលឹក ឲ្យអាជ្ញាធរ និងពលរដ្ឋ ឲ្យប្រើប្រាស់ដោយសន្សំសំចៃផងដែរ ដើម្បីកុំឲ្យមានការខ្វះខាតទឹកប្រើ ក្នុងវិស័យកសិកម្ម នាពេលខាងមុខ៕
 


Tag:
 ស្រូវ
 បន្លែ
 ប៉ាង វណ្ណាសេដ្ឋ
© រក្សាសិទ្ធិដោយ thmeythmey.com