អន្តរជាតិ
រដ្ឋមន្ត្រីការបរទេសចិនថា អាមេរិកគួរតែសន្ទនា និងពិភាក្សាជាមួយចិនជាជាងការដាក់ទណ្ឌកម្ម
19, Dec 2020 , 9:59 pm        
រូបភាព
​រដ្ឋមន្ត្រីការបរទេស និង​ជាទី​ប្រឹក្សា​រដ្ឋ​ចិន លោក វ៉ាង យី។រូបភាព៖AFP
​រដ្ឋមន្ត្រីការបរទេស និង​ជាទី​ប្រឹក្សា​រដ្ឋ​ចិន លោក វ៉ាង យី។រូបភាព៖AFP
ដោយ:
រដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី នៅថ្ងៃទី១៨ ធ្នូ បានលើកឡើងថា អាមេរិកគួរតែជ្រើសរើសការសន្ទនា និងពិភាក្សាជាមួយចិនជាជាងការដាក់ទណ្ឌកម្មឯកតោភាគី ទៅលើក្រុមហ៊ុនចិន។ រដ្ឋមន្ត្រីការបរទេស និងជាទីប្រឹក្សារដ្ឋចិន សង្កត់ធ្ងន់ថា ការដាក់ទណ្ឌកម្មរបស់អាមេរិក មកលើចិន ជាកត្តាមួយដែលបណ្តាលឲ្យមានអស្ថិរភាព ក្នុងទំនាក់ទំនងប្រទេសទាំងពីរ។


 
នៅថ្ងៃទី១៨ ធ្នូ ក្រសួងពាណិជ្ជកម្មអាមេរិក បញ្ជាក់ថា ខ្លួនបានដាក់បញ្ចូលក្រុមហ៊ុន SMIC ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបធំបង្អស់របស់ចិន ចូលក្នុងបញ្ជីខ្មៅ។ អាមេរិកអះអាងថា ក្រុមហ៊ុននេះ ពាក់ព័ន្ធជាមួយកងទ័ពចិន។ នេះយោងតាមទីភ្នាក់ងារព័ត៌មានAFP។
 
នៅក្នុងសន្ទរកថាពិសេសមួយនៅអង្គការ Asia Society ដែលផ្តោតទៅលើទំនាក់ទំនងអាមេរិក-ចិន លោកវ៉ាងយីរដ្ឋមន្ត្រីការបរទេសចិន លើកឡើងថា អាមេរិកត្រូវតែបញ្ឈប់ការពង្រីកបញ្ហាសន្តិសុខជាតិខ្លួន ជ្រុលហួសហេតុ និងការគាបសង្កត់តាមអំពើចិត្ត ទៅលើក្រុមហ៊ុនចិន តាមរយៈការដាក់ទណ្ឌកម្ម ឬប្តឹងផ្តល់ជាដើម។
 
«យើងត្រូវជំនួសទណ្ឌកម្ម ដោយការសន្ទនា និងពិភាក្សា»។ នេះជាការលើកឡើងរបស់ លោកវ៉ាង ដោយសង្កត់ធ្ងន់ថា ប្រទេសទាំងពីរ អាចពង្រីកកិច្ចសហប្រតិបត្តិការ និងគ្រប់គ្រងភាពខុសគ្នាបាន តាមរយៈការសន្ទនា។ លោកវ៉ាង អះអាងថា វាជារឿងសំខាន់ណាស់ ដែលគោលនយោបាយរបស់អាមេរិក ចំពោះចិន ដែលផ្អែកលើហេតុផល និងប្រកបដោយនិរន្តរភាព។
 
ចំពោះកិច្ចសហប្រតិបត្តិការវិញ លោកវ៉ាង អះអាងថាចិន និងអាមេរិក អាចធ្វើការរួមគ្នា លើបញ្ហាចំនួន៣បាន គឺការឆ្លើយតបនឹងជំងឺកូវីដ-១៩ បម្រែបម្រួលអាកាសធាតុ និងការស្តារសេដ្ឋកិច្ចឡើងវិញ។ លោកបន្តថា ឥរិយាបថឯកតោភាគី របស់អាមេរិក និងការដើរចេញពីការប្តេជ្ញាចិត្តអន្តរជាតិ បានធ្វើឲ្យបាក់បែកដល់ប្រព័ន្ធអន្តរជាតិ ពហុភាគីនិយម។
 
ប្រមុខការទូតចិន និយាយថា ចិននៅពេលនេះ និងនាពេលអនាគត មិនមែនជាការគំរាមដល់អាមេរិកឡើយ ប៉ុន្តែលោកថា ទំនាក់ទំនងទ្វេភាគីធ្លាក់ចុះ ដល់កម្រិតទាបបំផុត ចាប់តាំងពីភ្ជាប់ទំនាក់ទំនងការទូត ពេញលេញនឹងគ្នា ក្នុងឆ្នាំ១៩៧៩មក។ ឆ្លៀតឱកាសនោះ លោកវ៉ាង ក៏បានរិះគន់អ្នកនយោបាយអាមេរិកមួយចំនួន ដែលបរិហារបក្សកុម្មុយនីស្តចិន ដោយគ្មានភស្តុតាង ហើយលោកចាត់ទុករឿងនេះ ជាអំពើដែលគ្មានការទទួលខុសត្រូវ។ ប្រមុខការទូតចិនរូបនេះ ក៏ទាមទារផងដែរ ឲ្យអាមេរិក គោរពផលប្រយោជន៍ចិន ក្នុងតំបន់ស៊ីនជាំង និងទីបេ ដែលជាកិច្ចការផ្ទៃក្នុងរបស់ចិន។
 
លោកវ៉ាងយី ធ្លាប់បាននិយាយកាលពីថ្ងៃទី៧ ធ្នូ ម្តងហើយថា អនាគតនៃទំនាក់ទំនងទ្វេភាគីរវាងអាមេរិក និងចិន អាស្រ័យទៅលើអាមេរិក ក្នុងការសម្រេចចិត្តឲ្យបានត្រឹមត្រូវ។ ប្រមុខការបរទេសចិន រូបនេះ ក៏បានអំពាវនាវឲ្យប្រទេសទាំងពីរ បន្តកិច្ចពិភាក្សាគ្នាឡើងវិញនៅគ្រប់កម្រិតទាំងអស់។
 
ការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសចិន ធ្វើឡើងចំពេលដែលរដ្ឋបាលអាមេរិក ដាក់ចេញនូវវិធានការជាច្រើនប្រឆាំងនឹងចិន រួមមានការរឹតត្បិតទិដ្ឋាការ ដល់គ្រួសារនៃសមាជិកបក្សកុម្មុយនីស្តចិន និងទណ្ឌកម្មលើមន្ត្រីចិន ដែលគាបសង្កត់ចលនាប្រជាធិបតេយ្យនៅហុងកុង ក៏ដូចជាការរំលោភសិទ្ធិមនុស្សនៅតំបន់ស៊ីនជាំង ក៏ដូចជាចំបរិបទដែលលោកចូ បៃឌិន នឹងចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក នៅថ្ងៃទី២០ មករា ២០២១៕
 
 
 
 

Tag:
 ចិន
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com