រដ្ឋបាលអាមេរិករបស់លោកប្រធានាធិបតីដូណាល់ ត្រាំ បានជូនដំណឹងដល់សភាពីការបិទស្ថានកុងស៊ុលចំនួន២របស់ខ្លួននៅរុស្ស៊ី។ ការបិទស្ថានកុងស៊ុលនេះ នាំឲ្យអាមេរិកនៅសល់តែស្ថានទូតនៅទីក្រុងមូស្គូតែមួយគត់ក្នុងការ សម្រាប់បេសកកម្មការទូតរបស់ខ្លួននៅរុស្ស៊ី។
ក្រសួងការបរទេសអាមេរិក បានជូនដំណឹងដល់សមាជិកសភាអាមេរិកពីការបិទជាអចិន្ត្រៃយ៍នូវស្ថានកុងស៊ុលរបស់ខ្លួនចំនួន១នៅទីក្រុងVladivostok និងផ្អាកដំណើរការជាបណ្តោះអាសន្ននូវស្ថានកុងស៊ុលនៅទីក្រុងYekaterinburg។ ព័ត៌មានពីការបិទស្ថានកុងស៊ុលនេះ ទើបតែនឹងបែកធ្លាយនៅថ្ងៃទី១៨ ធ្នូ ប៉ុន្តែក្រសួងការបរទេសបានជូនដំណឹងទៅសភាតាំងតែពីថ្ងៃទី១០ ធ្នូមកម្ល៉េះ។នេះយោងតាមទីភ្នាក់ងារព័ត៌មានAP។
ការជូនដំណឹងទៅសភានេះ ធ្វើឡើង៣ថ្ងៃក្រោយពេលលេចចេញដំណឹងជាសាធារណៈថា ប្រព័ន្ធព័ត៌មាន និងកុំព្យូទ័រនៃក្រសួង និងទីភ្នាក់ងារសហព័ន្ធអាមេរិក និងក្រុមហ៊ុនឯកជនត្រូវរងការវាយប្រហារអ៊ីធើណែត ហើយអាមេរិកបានដាក់ការសង្ស័យទៅលើទីភ្នាក់ងារចារកិច្ចរុស្ស៊ី។
ក្នុងសេចក្តីជូនដំណឹងទៅសភា ក្រសួងការបរទេសអាមេរិកនិយាយថាការបិទស្ថានកុងស៊ុលនេះ គឺដោយសារតែមានការរឹតត្បិតពីអាជ្ញាធររុស្ស៊ីទៅលើមន្ត្រីការទូតអាមេរិកចាប់តាំងតែពីឆ្នាំ២០១៧មកម្ល៉េះ។ ការសម្រេចបិទស្ថានកុងស៊ុលនេះ គឺជាការឆ្លើយតបទៅនឹងបញ្ហាប្រឈមរបស់បុគ្គលិកក្នុងការបំពេញបេសកកម្ម ក្រោយការរឹតត្បិតលើបុគ្គលិកអាមេរិកក្នុងឆ្នាំ២០១៧ ដែលជាលទ្ធផលបណ្តាលឲ្យមានបញ្ហាទិដ្ឋាការ។សេចក្តីជូនដំណឹងក៏បន្តដែរថាការបិទនេះ គឺដើម្បីធានាសុវត្ថិភាពមន្ត្រីការទូត និងកុងស៊ុលរបស់ខ្លួន។
បើសិនជាស្ថានកុងស៊ុលទាំង២នេះ បិទដូចការគ្រោងទុក បេសកកម្មការទូតអាមេរិកនៅរុស្ស៊ី មានត្រឹមតែស្ថានទូតនៅរដ្ឋធានីមូស្គូតែប៉ុណ្ណោះ។កាលពីឆ្នាំ២០១៨ រុស្ស៊ីបានបិទស្ថានកុងស៊ុលរបស់អាមេរិកនៅទីក្រុងSt. Petersburg ជាការឆ្លើយតបការដែលអាមេរិកបិទស្ថានកុងស៊ុលរុស្ស៊ីនៅក្រុងSeattle ដោយអះអាងថារុស្ស៊ីជាអ្នកនៅពីក្រោយការបំពុលអតីតចារកិច្ចខ្លួន ក្នុងទឹកដីអង់គ្លេស។
ស្ថានកុងស៊ុលនៅទីក្រុងVladivostok ត្រូវបានបិទជាបណ្តោះអាសន្នដោយសារការផ្ទុះជំងឺកូវីត-១៩ក្នុងខែមីនា ចំណែកឯបុគ្គលិកត្រូវបានបញ្ជូនមករដ្ឋធានីមូស្គូ រីឯសំភារៈ និងឯកសារសំខាន់ៗក៏ត្រូវបានប្រមូលចេញហើយអស់ដែរ។ការបិទស្ថានកុងស៊ុលទាំង២នេះ នឹងសន្សំប្រាក់បានប្រមាណ៣,២លានដុល្លារក្នុងមួយឆ្នាំ។
ការបិទស្ថានកុងស៊ុលនេះ នាំឲ្យការងារទាំងអស់ត្រូវប្រមូលផ្តុំទៅស្ថានទូតអាមេរិកនៅមូស្គូ ដែលបណ្តាលឲ្យពលរដ្ឋអាមេរិកពិបាកក្នុងការរកសេវា និងជំនួយពីមន្ត្រីទូតនៅលើទឹកដីរុស្ស៊ីដ៏ធំល្វឹងល្វើយ។ដូចគ្នានេះដែរ ពលរដ្ឋរុស្ស៊ីដែលរស់នៅភាគខាងកើតប្រទេសរុស្ស៊ី ក៏ពិបាកក្នុងការទទួលបានទិដ្ឋាការផងដែរដោយសារតែសេវាកុងស៊ុលត្រូវបញ្ជូនមកស្ថានទូតអស់ហើយ។
ពេលវេលានៃការបិទស្ថានកុងស៊ុលនេះពុំទាន់ច្បាស់នៅឡើយថាអាចនឹងបញ្ចប់មុនលោកចូ បៃឌិនស្បថចូលកាន់ដំណែងប្រធានាធិបតីអាមេរិកនៅថ្ងៃទី២០ មករា ឆ្នាំ២០២១។
លោកបៃឌិន និងក្រុមការងារអះអាងថាត្រៀមរួចជាស្រេចក្នុងការតបទៅរុស្ស៊ីវិញចំពោះការជ្រែតជ្រែកចូលក្នុងការបោះឆ្នោត ឬការវាយប្រហារអ៊ីធើណែតនាពេលថ្មីៗនេះបើសិនរុស្ស៊ីជាអ្នកប្រព្រឹត្តមែន។លោកបៃឌិន អះអាងថាវិធានការទល់នឹងរុស្ស៊ី មិនកំណត់ត្រឹមតែការដាក់ទណ្ឌកម្មឡើយ៕