ជាតិ
សេដ្ឋកិច្ច
ជប៉ុន​ផ្ដល់ជំនួយ​ជិត​៤០​ម៉ឺន​ដុល្លារ សម្រាប់​ស្ថាបនា​ផ្លូវថ្នល់ ស្ដារ​ប្រព័ន្ធធារាសាស្ត្រ និង​ពង្រឹង​សហគមន៍​កសិកម្ម​នៅ​កម្ពុជា​
20, Dec 2020 , 11:50 am        
រូបភាព
រូបភាពផ្តល់ដោយស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា
រូបភាពផ្តល់ដោយស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា
​ភ្នំពេញ​៖ រដ្ឋាភិបាល​ជប៉ុន បានផ្ដល់​ជំនួយឥតសំណង​ជិត​៤០​ម៉ឺន​ដុល្លារ ដល់​អង្គភាព​ចំនួន​៣ របស់​រដ្ឋាភិបាល​កម្ពុ​ជា ដែល​ផ្ដោតលើ​ការស្ថាបនា​ផ្លូវថ្នល់ ស្ដារ​ប្រព័ន្ធធារាសាស្ត្រ និង​ពង្រឹង​សហគមន៍​កសិកម្ម​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចុះផ្សាយ​ថ្ងៃទី​១៨ ធ្នូ​។​


 
​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា នៅ​ថ្ងៃទី​១៨ ធ្នូ​កន្លងទៅ បាន​ប្រារព្ធ​ពិធី​ចុះហត្ថលេខា​ប្រគល់​ថវិកា​ចំនួន ៣៩២,៣៧១​ដុល្លារ​ដល់​អង្គភាព​ចំនួន ៣​។ កិច្ចសន្យា​ផ្ដល់ជំនួយ​នេះ ត្រូវបាន​ចុះហត្ថលេខា​ដោយ​លោក មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​។​


 
​បើតាម​ស្ថានទូត​ជប៉ុន ថវិកា​ចំនួន ១៩៦,៣៥០​ដុល្លារ ត្រូវបាន​ផ្ដល់​ឲ្យ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តកោះកុង ក្នុង​ការជួស​ជុស​ផ្លូវថ្នល់​ក្នុង​ឃុំ​អណ្ដូងទឹក ស្រុក​បុ​ទុម​សាគរ ខេត្តកោះកុង​។ ក្នុង​គម្រោង​កែលម្អ​ផ្លូវ​នេះ ផ្លូវ​គ្រួស​ប្រវែង ៧៥០​ម៉ែត្រ នឹងត្រូវ​ចាក់​បេតុង និង​ដាក់លូ​ចំនួន ២ ដើម្បី​ប​ញ្ជ្រ​ស​កុំ​ឲ្យ​មានទឹក​ដក់​។ 
 
​ដោយឡែក​ជំនួយ​ទី​២ ជប៉ុន បានផ្ដល់​ថវិកា​ចំនួន ៩០,១៥៨​ដុល្លារ សម្រាប់​ការស្ដារ​ប្រព័ន្ធធារាសាស្ត្រ​រោងដំរី ដែល​ស្ថិតនៅ​ខេត្តកំពង់ឆ្នាំង​។ គម្រោង​នេះ នឹង​ស្ដារ​ទំនប់ទឹក​ចាស់​មួយ​ស្ថិតនៅ​ស្រុក​រលាប្អៀរ​ដែលមាន​ប្រវែង ៩៤០​ម៉ែត្រ​។ តាមរយៈ​គម្រោង​នេះ នឹង​ផ្ដល់​ផលប្រយោជន៍​ដល់​ប្រជាជន​ប្រមាណ ២៣០០​នាក់ ដោយ​ធានា​ការផ្គត់ផ្គង់​ទឹក​សម្រាប់​វិស័យ​កសិកម្ម​។​
 
​ចំណែក​ជំនួយ​ចុងក្រោយ ជប៉ុន​បានផ្ដល់​ដល់​មន្ទីរ​កសិក​ម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តមណ្ឌលគិរី សម្រាប់​ពង្រឹង​សហគមន៍​កសិកម្ម​នៅ​ស្រុក​កោះ​ញែក និង​ក្រុង​សែន​មនោ​រម្យ ដែលមាន​ទឹកប្រាក់​ចំនួន ១០៥,៨៦៣​ដុល្លារ​។ សេចក្ដីប្រកាស​ព័ត៌មាន​ខាងលើនេះ បញ្ជាក់ថា គម្រោង​ពង្រឹង​សហគមន៍​កសិកម្ម​នេះ នឹង​ផ្ដល់​ឃ្លាំង​ស្ដុក និង​ម៉ាស៊ីនកិនស្រូវ​ដល់​សហ​គម​ន៍​កសិកម្ម​សាមគ្គី​មាន​រិ​ទ្ធ នៅ​ស្រុក​កោះ​ញែក​។ បន្ថែម​លើ​នេះ មជ្ឈមណ្ឌល​ប្រមូលផ្ដុំ​វេច​ខ្ចប់ និង​ចែកចាយ​កសិផល រួមទាំង​បន្ទប់​ត្រជាក់​រក្សា​កសិផល នឹង​ត្រូវបាន​សាងសង់​នៅក្នុង​សហគមន៍​កសិកម្ម​សាមគ្គី​មនោ​រម្យ នៅ​ក្រុង​សែន​មនោ​រម្យ​។ គម្រោង​នេះ នឹងចូលរួម​ចំណែក​កែលម្អ​គុណភាព​ផលិតផល​កសិកម្ម​រប​ស់​កសិករ​៕ 
 
 
 
 





Tag:
 ជំនួយ​
  ជប៉ុន​
  កសិកម្ម​
  កោះកុង​
  កំពង់ឆ្នាំង​
  មណ្ឌលគិរី
© រក្សាសិទ្ធិដោយ thmeythmey.com