កីឡាជាតិ
ជាតិ
ក្លិបបាល់ទាត់កម្ពុជាចំនួន៥ ត្រូវបាន AFC ទទួលស្គាល់សម្រាប់ AFC Cup 2021
× ក្លិបបាល់ទាត់របស់កម្ពុជាចំនួន៥ ទទួលបានអាជ្ញាប័ណ្ណ Club Licensing ពីសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី(AFC)ក្នុងការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ AFC Cup 2021។ ចំនួននេះ មានការកើនឡើងបើធៀបនឹងឆ្នាំមុន ដែលមាន៣ក្លិប។
កម្ពុជាមានក្លិបបាល់ទាត់ចំនួន៥រួមមានក្លិបបឹងកេត ព្រះខ័នរាជស្វាយរៀង ភ្នំពេញក្រោន វិសាខា និងអង្គរថាយហ្គឺរ ដែលមានសិទ្ធិចូលរួមប្រកួតក្នុងពានរង្វាន់លំដាប់ទីពីរប្រចាំទ្វីបអាស៊ី AFC Cup។ សិទ្ធិនេះ កើតឡើងក្រោយក្លិបទាំង៥ទទួលបានអាជ្ញាប័ណ្ណ Club Licensing ដែលទទួលស្គាល់ដោយសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី។
ចំនួននេះ កើនឡើងចំនួនពីរក្លិបបើធៀបនឹងឆ្នាំ២០២០ ដោយកាលណោះមានតែក្លិបបឹងកេត ព្រះខ័នរាជស្វាយរៀង និងអង្គរថាយហ្គឺរតែប៉ុណ្ណោះ។
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ AFC ស្តីពីអាជ្ញាប័ណ្ណក្លិបសម្រាប់ព្រឹត្តិការណ៍ AFC Cup 2021 កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ មានក្លិបបាល់ទាត់កម្ពុជាចំនួន១២បានដាក់ស្នើសុំអាជ្ញាប័ណ្ណ ប៉ុន្តែមានតែ៥ក្លិបប៉ុណ្ណោះ ដែលទទួលបានការទទួលស្គាល់ពី AFC។ ចំណែកក្លិប៧ផ្សេងទៀត ពុំទទួលបានឡើយ ដោយសារពុំមានលក្ខណសម្បត្តិគ្រប់គ្រាន់តាមការតម្រូវរបស់ AFC។
បើតាមលក្ខខណ្ឌរបស់ AFC ដើម្បីទទួលបានអាជ្ញាប័ណ្ណ AFC Club Licensing ក្លិបនីមួយៗត្រូវគ្រូបង្វឹកកម្រិត A License, មានក្រុមយុវជនយ៉ាងតិចពីរ ហើយគ្រូបង្វឹកត្រូវសញ្ញាបត្រទាបបំផុត C License, មានកីឡដ្ឋានស្តង់ដា រួមជាមួយទីលានហ្វឹកហាត់ និងមានកិច្ចសន្យាត្រឹមត្រូវរវាងក្លិបជាមួយកីឡាករ។ បន្ថែមលើនេះ ត្រូវមានកម្មវិធីអភិវឌ្ឍន៍យុវជន, ក្រុមគ្រូពេទ្យ, ការិយាល័យក្លិប, រចនាសម្ព័ន្ធក្លិប, កញ្ចប់ថវិកា និងរបាយការណ៍ហិរញ្ញវត្ថុ និងមន្ត្រីរដ្ឋបាល៕
© រក្សាសិទ្ធិដោយ thmeythmey.com