ជាតិ
មុខរបរចិញ្ចឹមទា និងភ្ញាស់ពងទា ជារបរប្រពៃណី របស់ពលរដ្ឋឃុំស្រែរនោង ស្រុកត្រាំកក់
20, Dec 2020 , 2:29 pm        
រូបភាព
ដោយ:
លោក សូត សុផល ជាកសិករឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ ដែលល្បីល្បាញពីពងទាកូនឆ្ងាញ់។ លោក សុផល និងគ្រួសារ បានចាប់ផ្តើមប្រកបរបរទិញលក់ពងទា និងកូនទា តាំងពីឆ្នាំ២០០៣មកម្ល៉េះ។ នេះបើតាមលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ដែលបានទស្សនកិច្ចនៅទីតាំងអាជីវកម្មរបស់ កាលពីថ្ងៃទី១៨ ធ្នូកន្លងទៅ។

 
តាមលោក រដ្ឋមន្ត្រី  របរចិញ្ចឹមទា និងភ្ញាស់ពងទា បានក្លាយជារបរប្រពៃណីទៅហើយ សម្រាប់គ្រួសារលោក សុផល និងកសិករជាង ៥០គ្រួសារទៀត នៅស្រុកត្រាំកក់នេះ។ របរនេះ បានផ្តល់ចំណូលខ្ពស់ ដល់ប្រជាកសិករ ហើយពួកគាត់ ក៏បានបង្កើនការភ្ញាស់ពីមួយឆ្នាំទៅមួយឆ្នាំ។
 
គ្រួសារលោក សូត សុផល មានប្រាក់ចំណូលកើនឡើងជាបន្តបន្ទាប់ តាំងពីចាប់ផ្តើមរបរនេះមក ហើយលោក ក៏ចេះតែពង្រីករបរនេះបន្តិចម្តងៗ។ លោក រដ្ឋមន្ត្រីវេង សាខុន បញ្ជាក់ដូច្នេះ រួចបន្តទៀតថា កាលពីឆ្នាំ២០០៣នោះ គ្រួសារលោក សុផល អាចមានចំណូល ពី ៥០ម៉ឺនរៀលទៅ ៦០ម៉ឺនរៀលក្នុងមួយខែ និងបន្តកើនឡើងដល់  ២ លានរៀលទៅ ៣ លានរៀល នៅឆ្នាំ២០០៧។ 


អ្នកចិញ្ចឹមទា ក្នុងឃុំស្រែរនោង រូបភាពពីលោក វេង សាខុន

មកទល់បច្ចុប្បន្ន លោក សូត សុផល មានឡភ្ញាស់ពងទាចំនួន២ ដែលអាចដាក់ពងភ្ញាស់បានចំនួន ៣០ម៉ឺនគ្រាប់ ក្នុងមួយខែ។ ក្នុងនោះ ក្នុងមួយខែៗ លោកអាចលក់ ពងទាធម្មតា ៦ម៉ឺនគ្រាប់  ដោយមួយគ្រាប់តម្លៃ ពី៥០០រៀល-៥៥០រៀល។ លក់ទាកូន បាន ៧,៥០០ គ្រាប់ ដែលមួយគ្រាប់ៗ តម្លៃពី ៥០០រៀល-៦០០រៀល  និងអាចលក់កូនទា  អាចលក់បាន ១២,០០០ ទៅ១៥,០០០ក្បាល ដែលកូនទាមួយក្បាលតម្លៃពី ១,៨០០រៀល ទៅ ២,០០០រៀល។  
 
សព្វថ្ងៃ ជាមធ្យម ឃុំស្រែរនោងទាំងមូល អាចផ្គត់ផ្គង់ពងទាកូន ឲ្យទីផ្សារបានចំនួន ២០ម៉ឺនគ្រាប់ក្នុងមួយថ្ងៃ ហើយភ្នំពេញជាទីផ្សារធំជាងគេ។ ដោយសារ ភាពល្បីល្បាញ នៃពងទាកូនស្រែរនោងនេះហើយ ទើបក្លាយជា ផលិតផលសម្គាល់ភូមិសាស្ត្រ និងបានឲ្យប្រមុខថ្នាក់ដឹកនាំសម្តេច ហ៊ុន សែន ចាត់ទុកខេត្តតាកែវជា «ខេត្តនៃអធិរាជពងទាកូន» ផងដែរ៕





Tag:
 ពងទា
© រក្សាសិទ្ធិដោយ thmeythmey.com