ជាតិ
ក្រសួងកសិកម្ម បង្កើតគណៈកម្មការជំរុញវារីវប្បកម្មកម្ពុជា ដើម្បីដោះបញ្ហាប្រឈមជូនវារីវប្បករ
20, Dec 2020 , 3:29 pm        
រូបភាព
លោករដ្ឋមន្រ្តី វេង សាខុន ដឹកនាំកិច្ចប្រជុំដោះស្រាយបញ្ហាក្នុងវិស័យវារីវប្បកម្ម កាលពីថ្ងៃទី១៤ ធ្នូ ២០២០ (រូបភាពពី វេង សាខុន)
លោករដ្ឋមន្រ្តី វេង សាខុន ដឹកនាំកិច្ចប្រជុំដោះស្រាយបញ្ហាក្នុងវិស័យវារីវប្បកម្ម កាលពីថ្ងៃទី១៤ ធ្នូ ២០២០ (រូបភាពពី វេង សាខុន)
ដោយ:
ក្រសួងកសិកម្ម បានសម្រេចបង្កើតគណៈកម្មការ ជំរុញវារីវប្បកម្មកម្ពុជា ដើម្បីដោះស្រាយបញ្ហា ដល់វារីវប្បករកម្ពុជា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងកសិកម្ម កាលពីថ្ងៃទី ១៧ ខែធ្នូ ដែលសេចក្តីប្រកាសព័ត៌មាននោះ គូសបញ្ជាក់ថា គណៈកម្មការបង្កើតឡើង ដើម្បីឆ្លើយតបនឹងបញ្ហាដែលកើតមានក្នុងវិស័យវារីវប្បកម្មឲ្យបានទាន់ពេលវេលា។

 
គណៈកម្មការ ជំរុញវារីវប្បកម្មកម្ពុជា មានភារកិច្ចសម្របសម្រួល ក្នុងកិច្ចការផលិតកម្ម អាជីវកម្មរបស់សមាគមវារីវប្បករនៅកម្ពុជា សំដៅបង្កើនសមត្ថភាពផលិត ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ ដោយពិនិត្យឲ្យបានស៊ីជម្រៅ លើដំណើរការផលិតកម្មអាជីវកម្ម បញ្ហាប្រឈមនានា និងលើកទិសដៅ អនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់។ 
 
គណៈកម្មការដែលមានលោក ហាស់ សារ៉េត ជាប្រធាននេះ ក៏នឹងសហការជំរុញការអភិវឌ្ឍវារីវប្បកម្ម គ្រប់រូបភាពដល់កសិករ និងសម្រួលកិច្ចការវិនិយោគផ្នែកនេះ ឲ្យមានដំណើរការល្អប្រសើរ ក៏ដូចជាជំរុញការផ្សព្វផ្សាយបច្ចេកទេស វារីវប្បកម្មឲ្យបានទូលាយ បង្កើតបណ្ដុំអាជីវកម្មឲ្យមានបរិមាណ និងគុណភាព និងឆ្លើយតបតម្រូវការទីផ្សារផងដែរ។
 
បង្កើនកិច្ចសហការគ្នា ក្នុងការងារជួយទប់ស្កាត់បទល្មើស នាំចូលផលិតផលដោយខុសច្បាប់។ ជំរុញការសិក្សាស្រាវជ្រាវ ពីបច្ចេកទេសចិញ្ចឹម បង្កើនផលិតភាពចិញ្ចឹម កែច្នៃ និងទីផ្សារ ដើម្បីធានាបាននិរន្តរភាព ផ្នែកវារីវប្បកម្មនៅកម្ពុជា។ នេះជាភារកិច្ចរបស់គណៈកម្មការជំរុញវារីវប្បកម្មកម្ពុជា ដែលកាតព្វកិច្ចមួយទៀត គឺរាយការណ៍ពីវឌ្ឍនភាព និងបញ្ហាប្រឈមក្នុងការអនុវត្តការងារ ជូនរដ្ឋមន្រ្តីក្រសួងកសិកម្ម។
 
សូមរំឮកថា បន្ទាប់ពីមានការត្អូញត្អែរ ពីវារីវប្បករកម្ពុជា លើការនាំចូលត្រី ពីវៀតណាម ដ៏ច្រើនលើសលុប រដ្ឋមន្ត្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៤ ខែធ្នូ កន្លងមក លោក វេង  សាខុន រដ្ឋមន្រ្តីកសិកម្ម បានដឹកនាំកិច្ចប្រជុំបន្ទាន់ ដើម្បីដោះស្រាយបញ្ហា ក្នុងវិស័យវារីវប្បកម្ម។ នាឱកាសនោះ លោករដ្ឋមន្រ្តី ក៏បានបញ្ជាឲ្យមន្ត្រីពាក់ព័ន្ធទាំងអស់ ពិសេសខាងរដ្ឋបាលជល តាមដានត្រួតពិនិត្យឱ្យច្បាស់លាស់   និងទប់ស្កាត់ បទល្មើសការនាំចូលផលវារីវប្បកម្ម ពីប្រទេសវៀតណាម និងស្នើឲ្យវារីវប្បករកម្ពុជា ចុះស្រង់ស្ថិតិកសិដ្ឋានចិញ្ចឹម, កន្លែងចិញ្ចឹម និងបណ្តុំអាជីវកម្មផ្សេងៗទៀត ដើម្បីដឹងអំពីបរិមាណផ្គត់ផ្គង់ត្រីនៅក្នុងស្រុក ដើម្បីឆ្លើយតប នឹងតម្រូវការទីផ្សារ ឲ្យមានតុល្យភាពគ្នា នៃការនាំចូលត្រីពីវៀតណាម។៕
 

Tag:
 វារីវប្បកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com