ជាតិ
ខេត្តមណ្ឌលគិរី នៅតែរំពឹងមានទេសចរទៅលេងដូចឆ្នាំមុន នាថ្ងៃឆ្លងឆ្នាំសកល
20, Dec 2020 , 9:59 pm        
រូបភាព
ទឹកជ្រោះប៊ូស្រា រូបភាពពីមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី
ទឹកជ្រោះប៊ូស្រា រូបភាពពីមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី
ដោយ:
ខេត្តមណ្ឌលគិរី នៅមិនទាន់មានការរៀបចំពិធីឆ្លងឆ្នាំសកលនៅឡើយទេ ព្រោះរង់ចាំឲ្យស្ថានភាពកូវីដ-១៩ ស្ងប់ស្ងាត់ជាងនេះសិន តែបច្ចុប្បន្នខេត្តនៅតែបើកដំណើរការធម្មតា នៅតាមតំបន់កម្សាន្តនានា លើកលែងតែរមណីយដ្ឋានទឹកជ្រោះប៊ូស្រា ត្រូវផ្អាករយៈពេល ១៤ថ្ងៃ។ លោក ងិន សុវិមាន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី ប្រាប់សារព័ត៌មានThmeyThmey25 តាមទូរសព្ទថា នៅតែរំពឹងមានទេសចរ ទៅលេងដូចឆ្នាំមុន អំឡុងពេលឆ្លងឆ្នាំសាកល នាពេលខាងមុខ។

 
ខណៈបច្ចុប្បន្ន កម្ពុជានៅតែរងការគំរាមកំហែង ពីជំងឺកូវីដ១៩ ដូច្នេះខេត្តមណ្ឌលគិរី មិនទាន់មានការៀបចំ ត្រៀមសម្រាប់ពិធីឆ្លងឆ្នាំសាកល នៅឡើយទេ និងបន្តរង់ចាំពីស្ថានភាពរបស់កូវីដ-១៩សិន។ ដ្បិតខេត្តមណ្ឌលគិរី មិនទាន់មានការរៀបចំ ដើម្បីត្រៀមនាឱកាសឆ្លងឆ្នាំសាកល នាពេលខាងមុខក៏ដោយ តែលោក ងិន សុវិមាន នៅតែរំពឹងថាភ្ញៀវទេសចរនៅតែទៅលេងខេត្តមណ្ឌលគិរី នៅថ្ងៃឆ្លងឆ្នាំសកល២០២១ ដូចឆ្នាំមុនៗ។ 
 
បើតាមលោកប្រធានមន្ទីរទេសចរណ៍ បច្ចុប្បន្នខេត្តនៅបើកដំណើរការធម្មតា នៅកន្លែងកម្សាន្តនានា ក្នុងខេត្តមណ្ឌលគិរី ប៉ុន្តែត្រូវផ្អាកបណ្ដោះអាសន្ន តែរមណីយដ្ឋានទឹកជ្រោះប៊ូស្រា រយៈពេល១៤ថ្ងៃ ប៉ុណ្ណោះ ដោយសារអំឡុងដើមខែធ្នូ មានអ្នកជាប់ពាក់ព័ន្ធព្រឹត្តិការណ៍ ២៨វិច្ឆិកា បានទៅលេងនៅរមណីយដ្ឋានទឹកជ្រោះប៊ូស្រា។ លោក ងិន សុវិមាន បន្តថា ដោយត្រូវផ្អាក តំបន់នោះចាប់ពីថ្ងៃទី ៩ធ្នូ រហូតដល់ថ្ងៃទី ២២ធ្នូ ក្នុងគោលបំណងចូលរួម សហការជាមួយអាជ្ញាធរខេត្តមណ្ឌលគិរី ក៏ដូចជារាជរដ្ឋាភិបាល ដើម្បីបង្ការទប់ស្កាត់ ការឆ្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍។
 
ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២០ មានភ្ញៀវបរទេសប្រមាណ ៤ពាន់នាក់ និងភ្ញៀវជាតិប្រមាណជិត ២១ម៉ឺននាក់ បានទៅកម្សាន្តនៅខេត្តមណ្ឌលគិរី កើនឡើងចំនួន ១២,៣៦ភាគរយ បើប្រៀបធៀបនឹងរយៈពេល ដូចគ្នាក្នុងឆ្នាំ២០១៩។ ដោយឆ្នាំ២០១៩ មានភ្ញៀវទេសចរចំនួនជិត ២០ម៉ឺន បានទៅលេងខេត្តមណ្ឌលគិរី ក្នុងនោះមានទេសចរជាតិប្រមាណ ១៨ម៉ឺននាក់ និងទេសចរបរទេសប្រមាណ ១ម៉ឺននាក់។ អំឡុងពេលវិបិត្តកូវីដ១៩ ធ្វើឲ្យចំនួនភ្ញៀវបរទេសថយចុះ ៥៧,៨០ភាគរយ តែចំនួនទេសចរជាតិមានការកើនឡើង ១៦,៣២ភាគរយ។ នេះជាការបញ្ជាក់របស់ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី៕
 

រូបភាពពីមន្ទីរទេសចរណ៍មណ្ឌលគិរី


Tag:
 ជ្រោះប៊ូស្រា
© រក្សាសិទ្ធិដោយ thmeythmey.com