អន្តរជាតិ
វៀតណាម ប្រកាសជោគជ័យជាទីគាប់ចិត្ត ក្រោយអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ EU
20, Dec 2020 , 5:29 pm        
រូបភាព
រូបភាព VNA
រូបភាព VNA
ដោយ:
រដ្ឋាភិបាលវៀតណាម បានប្រកាសពីជោគជ័យកំណើននៃការនាំចេញតាមរយៈការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងសហភាពអឺរ៉ុបដែលទើបតែចូលធរមានបានរយៈពេលបីខែប៉ុណ្ណោះ។ សម្រាប់វៀតណាម ដ្បិតនេះ ត្រឹមតែលទ្ធផលរយៈពេលខ្លី តែវាឆ្លុះបញ្ចាំងពីភាពផ្លែផ្កាយ៉ាងពិតប្រាកដរវាងវៀតណាម និងសហភាពអឺរ៉ុប (EU) ។

 
អនុរដ្ឋមន្ត្រីឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Tran Quoc Khanh តាមរយៈជំនួបតុមូលជាមួយនឹងប្រតិភូសហភាពអឺរ៉ុបប្រចាំវៀតណាម ក្នុងសប្តាហ៍នេះ បានអះអាងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសហភាពអឺរ៉ុប-វៀតណាម (EVFTA) គឺជាចំណងមួយដ៏ពិសេសនៃទំនាក់ទំនងវៀតណាម និងសហភាពអឺរ៉ុប។ លោកអនុរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់លើកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ។ 
 
តាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam News ចំពោះមុខប្រតិភូសហភាពអឺរ៉ុប មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលរូបនេះ បានគូសបញ្ជាក់ថា ក្នុងរយៈពេលបីខែនៃការអនុវត្តកិច្ចព្រមព្រៀងនេះ បានបង្ហាញឲ្យឃើញថា EVFTA ពិតជាបានបើកឱកាសយ៉ាងសន្ធឹកសន្ធាប់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៃទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី។ 
 
លោក បានឲ្យដឹងថា ខែទីមួយ ក្រោយ EVFTA ចូលធរមាន ការនាំចេញរបស់វៀតណាមទៅសហភាពអឺរ៉ុប បានកើនត្រឹម ៧ ភាគរយ ហើយខែទីពីរ កើនបាន ៩ ភាគរយ និងខែទីបី កើនរហូតដល់ ១៥ ភាគរយ។ ចំណុចនេះ លោកអនុរដ្ឋមន្ត្រី ព្យាករថា ក្នុងរយៈពេលបីខែនេះ កំណើននៃការនាំចេញរបស់វៀតណាមទៅកាន់អឺរ៉ុប បានកើនឡើងជាមធ្យម ១០-១១ ភាគរយ។ 
 
បើតាមក្រសួងផែនការ និងវិនិយោគវៀតណាម EVFTA មិនត្រឹមតែបង្កើនទំហំពាណិជ្ជកម្មវៀតណាម និងសហភាពអឺរ៉ុបប៉ុណ្ណោះនោះទេ តែថែមទាំងបង្កើនការវិនិយោគរបស់សហភាពអឺរ៉ុបនៅក្នុងប្រទេសវៀតណាមទៀតផង។ គ្រាន់តែរយៈពេលបីខែចុងក្រោយនេះ សហភាពអឺរ៉ុប បានទម្លាក់ទុនវិនិយោគតម្លៃប្រមាណជាង ៧០០ លានដុល្លារ៕ 
 

Tag:
 វៀតណាម
  EVFTA
© រក្សាសិទ្ធិដោយ thmeythmey.com