COVID-19
អន្តរជាតិ
ឡាវ ជ្រើសរើសយកវ៉ាក់សាំងកូវីដ-១៩ ផលិតនៅអង់គ្លេសដើម្បីប្រើប្រាស់
20, Dec 2020 , 6:29 pm        
រូបភាព
គំរូវ៉ាក់សាំងរបស់ក្រុមហ៊ុនអង់គ្លេស AstraZeneca ។ រូបភាព AFP
គំរូវ៉ាក់សាំងរបស់ក្រុមហ៊ុនអង់គ្លេស AstraZeneca ។ រូបភាព AFP
ដោយ:
រដ្ឋាភិបាលក្រុងវៀងចន្ទន៍ នៅថ្ងៃទី១៧ ខែធ្នូ កន្លងទៅ បានប្រកាសជ្រើសរើសយកវ៉ាក់សាំងការពារកូវីដ-១៩ ដែលផលិតនៅក្នុងប្រទេសអង់គ្លេស សម្រាប់ប្រើប្រាស់នៅក្នុងប្រទេសរបស់ខ្លួន។ នេះ គឺជាសេចក្តីថ្លែងការណ៍បឋម និងចុងក្រោយរបស់រដ្ឋាភិបាល ខណៈកន្លងមក រដ្ឋាភិបាល ធ្លាប់ដាក់ការពិចារណាក្នុងការជ្រើសរើសវ៉ាក់សាំង ដែលផលិតដោយរុស្ស៊ី។

 
តាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងរបស់ក្រសួងសុខាភិបាលឡាវ ឡាវ នឹងទទួលបានវ៉ាក់សាំងការពារ និងប្រឆាំងជំងឺកូវីដ-១៩ នៅក្នុងឆ្នាំ២០២១ខាងមុខនេះ។ សម្រាប់ក្រសួងសុខាភិបាលឡាវ ជំងឺរាតត្បាតនេះ មិនងាយនឹងគ្រប់គ្រងឡើយនៅពេលខាងមុខ ខណៈមានប្រទេសជាច្រើន កំពុងចូលដល់រដូវរងារ និងផ្សេងទៀត បានបរាជ័យក្នុងការធានាពីការទប់ស្កាត់ការផ្ទុះឡើងរបស់វីរុសកូរ៉ូណា។ 
 
តាមការចុះផ្សាយរបស់សារព័ត៌មាន Laotian Times មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលឡាវ លោក Rattanaxay Phetsouvanh បានឲ្យដឹងថា វ៉ាក់សាំងប្រមាណ ២០៩ ប្រភេទផ្សេងគ្នា កំពុងត្រូវបានផលិតជុំវិញពិភពលោក ក៏ប៉ុន្តែមាន១០ ប៉ុណ្ណោះ ដែលត្រូវបានទទួលយកជាផ្លូវការពីប្រទេសនានា។ 
 
ពាក់ព័ន្ធនឹងវ៉ាក់សាំង ដែលនឹងប្រើប្រាស់នៅក្នុងប្រទេសឡាវ លោក Ratanxay សង្កត់ធ្ងន់ថា រដ្ឋាភិបាលឡាវ បានជ្រើសជ្រើសវ៉ាក់សាំងផលិតនៅអង់គ្លេស ដែលលោកអះអាងថា វ៉ាក់សាំងនេះ បានបង្ហាញពីប្រសិទ្ធភាពខ្ពស់បំផុតក្នុងការប្រឆាំងនឹងវីរុសរហូតដល់៩៥ ភាគរយ។ 
 
គួរជម្រាបបន្តិចថា គិតចាប់ពីវិបត្តិកូវីដ-១៩ បានផ្ទុះឡើងមក ឡាវ មានករណីឆ្លងសរុបចំនួន ៤១ ករណី ហើយគិតត្រឹមថ្ងៃ១៧ ធ្នូ មានតែអ្នកជំងឺ ៥ នាក់ប៉ុណ្ណោះ ដែលនៅបន្តព្យាបាលនៅមន្ទីរពេទ្យ។ មិនមានករណីស្លាប់ពាក់ព័ន្ធនឹងជំងឺនេះនោះទេនៅក្នុងប្រទេសឡាវ៕ 
 

Tag:
 ឡាវ
  វ៉ាក់សាំង
  Covid19
© រក្សាសិទ្ធិដោយ thmeythmey.com