ជាតិ
សិល្បះ
លោក អុល រស្មី គូរមកុដអប្សរាតាមក្បាច់បុរាណ រួមផ្សំគំនិតច្នៃប្រឌិតថ្មី រំលេចភាពល្អវិចិត្រ
21, Dec 2020 , 9:29 am        
រូបភាព
ភ្នំពេញ៖ ព្រោះតែក្ដីស្រឡាញ់តាំងតែពីក្មេង លោក អុល រស្មី ដែលធ្វើការក្នុងវិស័យព័ត៌មានបច្ចេកវិទ្យា(IT) បានគូររូបមកុដអប្សរាប្រមាណជិត៣០ម៉ូដ រំលេចភាពល្អវិចិត្រប្លែកៗគ្នា។ ការគូរគំនូរនេះ លោក រស្មី អះអាងថាលោកធ្វើឡើងដើម្បីផ្សព្វផ្សាយសិល្បៈបុរាណខ្មែរ ទៅដល់អ្នកដែលពុំទាន់បានទៅទស្សនា រូបចម្លាក់ផ្ទាល់នៅលើប្រាង្គថ្មក្នុងប្រាសាទអង្គរ ក៏ដូចជាសម្រាប់ក្មេងជំនាន់ក្រោយ។


 
ឆ្លើយប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទ លោក អុល រស្មី  ថាលោកស្រឡាញ់ការគូររូបតាំងតែពីក្មេង។ ក្នុងវ័យ២៣ឆ្នាំនេះ លោក រស្មី ដែលមានស្រុកកំណើតនៅរាជធានីភ្នំពេញ បានបញ្ចប់បរិញ្ញាបត្រ លើជំនាញព័ត៌មានបច្ចេកវិទ្យា(IT) កាលពីឆ្នាំ២០១៩។ ចាប់ផ្ដើមធ្វើការដោយការយកចិត្តទុកដាក់ បុរសដែលកំពុងធ្វើការងារក្នុងផ្នែកព័ត៌មានបច្ចេកវិទ្យារូបនេះ អះអាងថា មកុដអប្សរាដែលបានគូរជិត៣០ម៉ូដនោះ គឺលោកមើលតាមចម្លាក់លើជញ្ជាំងប្រាសាទខ្មែរខ្លះ និងចេញពីគំនិតច្នៃប្រឌិតរបស់លោកខ្លះ។
 
លោក អុល រស្មី បន្ថែម៖«ខ្ញុំស្រឡាញ់ការគូររូបតាំងតែពីក្មេង ហើយផ្នែក IT ក៏ខ្ញុំស្រឡាញ់ដូចគ្នា។ ខ្ញុំចាប់ផ្ដើមគូរមកុដនេះ តាំងពីខ្ញុំរៀនចប់ គឺក្នុងឆ្នាំ២០១៩ នៅពេលដែលខ្ញុំទំនេរ។ ខ្ញុំចង់ផ្សព្វផ្សាយមកុដខ្មែរយើង ឱ្យក្មេងជំនាន់ក្រោយបានឃើញ ម្យ៉ាងក៏ចង់ឱ្យអ្នកដែលមិនទាន់បានទៅមើលចម្លាក់ផ្ទាល់នៅប្រាសាទ គាត់បានឃើញដែរ។ រូបប្រហែល៣០ម៉ូដហ្នឹង ខ្ញុំចម្លងចេញពីរូបថត ដែលត្រូវបានថតចេញពីជញ្ជាំងប្រាសាទខ្លះ ខ្ញុំច្នៃបន្ថែមខ្លះ ហើយរូបខ្លះទៀត ខ្ញុំមើលតាមរូបថតអត់សូវច្បាស់ ខ្ញុំក៏ច្នៃបន្ថែមដែរ។ ខ្ញុំសុំអធ្យាស្រ័យពីបងប្អូនជនរួមជាតិផង ប្រសិនបើរូបគំនូររបស់ខ្ញុំ មានឆ្គាំឆ្គងត្រង់ចំណុចណាមួយ»។
 
ជាការងារបន្តរបស់លោក អុល រស្មី គឺការស្រាវជ្រាវម៉ូដមកុដអប្សរាផ្សេងៗនៅជញ្ជាំងប្រាសាទ ហើយលោកក៏មានបំណងទៅរៀនដំឡើងមកុដខ្មែរផងដែរ៕
 




















Tag:
 មកុដ
  សិល្បៈ
  គំនិតច្នៃប្រឌិត
© រក្សាសិទ្ធិដោយ thmeythmey.com