COVID-19
ជាតិ
ក្រោយកូវីដ-១៩ផ្ទុះនៅថៃ សម្ដេច ហ៊ុន សែន ផ្ដល់ថវិកា៣៥០លានរៀល ដល់ខេត្តជាប់ព្រំដែនដើម្បីចាត់ចែងការងារបន្ទាន់
20, Dec 2020 , 5:59 pm        
រូបភាព
ទិដ្ឋភាព នៃការយកវត្ថុសំណាកពលរដ្ឋ របស់អាជ្ញាធរថៃ នៅបរិវេណផ្សារលក់បង្គាមួយ នៅខេត្តសាមុត សាខន។
ទិដ្ឋភាព នៃការយកវត្ថុសំណាកពលរដ្ឋ របស់អាជ្ញាធរថៃ នៅបរិវេណផ្សារលក់បង្គាមួយ នៅខេត្តសាមុត សាខន។
ដោយ:
ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្តល់ថវិកាសរុប៣៥០លានរៀល ដល់ខេត្តជាប់ប្រទេសថៃ ចំនួន៧ ដើម្បីចាត់ចែងការងារចំពោះមុខរួមមាន ការរឹតបន្តឹងការធ្វើចត្តាឡីស័កជាដើម ក្នុងន័យទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ពីប្រទេសថៃ។

 
ខេត្តទាំង៧រួមមាន ខេត្តព្រះវិហារ ឧត្តរមានជ័យ បាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន ពោធិ៍សាត់ និងខេត្តកោះកុង ដោយខេត្តនីមួយៗទទួលបាន ៥០លានរៀល។ នេះបើតាមការចុះផ្សាយរបស់អង្គភាពFresh news ដែលស្រង់ប្រសាសន៍អ្នកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល។ 
 
គួរកត់សម្គាល់ថា ក្រោយខេត្តសាមុត សាខន របស់ថៃ ដែលស្ថិតនៅចម្ងាយប្រមាណ៣០០គីឡូម៉ែត្រ ពីប្រទេសកម្ពុជា ផ្ទុះការរាលដាលជំងឺកូវីដ-១៩ជាង៥០០ករណីនោះ នៅថ្ងៃទី២០ ខែធ្នូនេះ ក្រសួងសុខាភិបាលកម្ពុជា បានណែនាំឲ្យបណ្តាខេត្ត នៅតាមបណ្តោយព្រំដែនប្រទេសថៃទាំង៧ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងការត្រួតពិនិត្យរាល់អ្នកដំណើរដែលចូលមកកម្ពុជា ដោយត្រូវឆែកសុខភាព ឲ្យបានម៉ត់ចត់ជាទីបំផុត ពិសេសត្រូវវាស់កម្តៅ និងបំពេញទម្រង់ប្រកាសសុខភាពអ្នកដំណើរ។ 
 
រាល់អ្នកដំណើរចូលមកកម្ពុជា ត្រូវដាក់ឲ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ ជាចាំបាច់ ហើយវត្ថុសំណាករបស់អ្នកដំណើរ ត្រូវបញ្ជូនមកធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា វិទ្យាស្ថានជាតិសុខភាពសាធារណៈ និងមន្ទីរពេទ្យខេត្តសៀមរាប នៅថ្ងៃដែលអ្នកដំណើរទាំងនោះមកដល់ច្រកចូលប្រទេសកម្ពុជា។  នេះជាការណែនាំរបស់ក្រសួងសុខាភិបាល និងដែលបានណែនាំឲ្យ បណ្តាខេត្តជាប់ព្រំដែនថៃ ត្រូវរៀបចំកន្លែងមានគម្លាតសុវត្ថិភាព ពីបុគ្គលម្នាក់ទៅម្នាក់ នៅកន្លែងវាស់កម្តៅ កន្លែងបំពេញបែបបទចូលកម្ពុជា ឬកន្លែងរង់ចាំយកវត្ថុសំណាកផងដែរ។ 
 
លើសពីនេះ ក្រសួងក៏ណែនាំ ដល់អាជ្ញាធរថ្នាក់ក្រោមជាតិ ឲ្យចូលរួមក្នុងការត្រួតពិនិត្យការធ្វើចត្តាឡីស័កអ្នកដំណើរចូលមកកម្ពុជាឲ្យបានត្រឹមត្រូវផងដែរ។ ក្រៅពីណែនាំដល់អាជ្ញាក្រសួងសុខាភិបាល ក៏ស្នើឲ្យប្រជាពលរដ្ឋនៅតាមសហគមន៍  ផ្តល់ព័ត៌មានដល់អាជ្ញាធរភូមិ-ឃុំ ប្រសិនបើមានអ្នកចំណូលថ្មីចូលក្នុងសហគមន៍របស់ខ្លួន ហើយមិនបានត្រួតពិនិត្យសុខភាព និងការធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃទេនោះ៕

© រក្សាសិទ្ធិដោយ thmeythmey.com