កីឡាជាតិ
ជាតិ
ទ័ព ចែកផ្លូវជាមួយកីឡាករ៥រូប និងនាំចូលវិញ២រូប កីឡាករបរទេស៣រូប និងកម្ពុជា២រូប ដែលត្រូវបានសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទចែកផ្លុវ រូបភាពពី Tiffy Army FC
× សមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទ បានរុះរើកីឡាករបរទេសគួរឲ្យកត់សម្គាល់ ក្រោយបញ្ចប់ត្រឹមចំណា់ត់ថ្នាក់លេខ៤ក្នុងពានរង្វាន់លីគកំពូល។ ក្រៅពីកីឡាករបរទេស ក្លិបដែលបាននាំចូលកីឡាករកម្ពុជាពីររូបមួយនេះ ក៏បានចែកផ្លូវជាមួយកីឡាករកម្ពុជាពីររូបទៀតផងដែរ។
ត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ បានចែកផ្លូវជាមួយកីឡាករបរទេស និងកម្ពុជាចំនួន៥រូប ក្នុងនោះមានកីឡាករបរទេស៣រូប និងកម្ពុជាពីររូប។ កីឡាករបរទេសទាំង៣រូបរួមមាន Mikito Endo, Magson Dourado និង Kouanou Yannick រីឯកីឡាករកម្ពុជារួមមានកីឡាករ ទូច រ៉ូម៉ា និង ស៊ឹម មេសា។
កីឡាករបរទេសទាំង៣រូបខាងលើបានចូលរួមជាមួយសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទនៅរដូវកាលឆ្នាំ២០២០។ ចំណែកកីឡាករ ទូច រ៉ូម៉ា ជាយុវជនដែលសមាគមនេះ បានបណ្តុះបណ្តាលតាំងពីឆ្នាំ២០១២ ក្រោយចាកចេញពីក្លិបបាល់ទាត់ឆ្មាខ្មៅខេត្តស្វាយរៀង ខណៈកីឡាករ ស៊ឹម មេសា ទើបតែរួមរស់ជាមួយគ្នាបានពាក់កណ្តាលរដូវកាលប៉ុណ្ណោះ។
ទន្ទឹមនឹងនេះ សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ក៏បានប្រកាសពីការបន្តកិច្ចសន្យាជាមួយខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Romario Alves និងនាំចូលអ្នកចាំទី គង់ រ៉ាហ្វាត់ អតីតកីឡាកររបស់ក្លិបបាល់ទាត់គីរីវង់សុខសែនជ័យ។ ការនាំចូលអ្នកចាំទីវ័យក្មេងរូបនេះ គឺដើម្បីជំនួសអ្នកចាំទីដៃទី១កីឡាករ អ៊ុំ សេរីរ័ត្ន ដែលពុំទាន់ជាសះស្បើយពីរបួស។
រ៉ាហ្វាត់ ជាអតីតយុវជនរបស់ភ្នំពេញក្រោនចន្លោះពីឆ្នាំ២០១៣-២០១៤ បន្ទាប់រូបគេក៏ផ្លាស់ទៅសាលាបាល់ទាត់ជាតិបាទី។ រូបគេធ្លាប់ការពារសំណាញ់ទីឲ្យក្លិបអគ្គិសនីកម្ពុជានៅឆ្នាំ២០១៧ និងក្លិបសូលទីឡូអង្គរនៅឆ្នាំ២០១៨, ២០១៩ មុនផ្ទេរមកកាន់ក្លិបគីរីវង់សុខសែនជ័យនៅឆ្នាំ២០២០។
ជាមួយគ្នានេះ ក្លិបក៏បានប្រកាសស្វាគមន៍ការវិលត្រឡប់របស់កីឡាករជើងចាស់ ឈិន ឈឿន ដែលទើបចែកផ្លូវជាមួយក្លិបព្រះខ័នរាជស្វាយរៀង មកកាន់សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទផងដែរ។ កីឡាករវ័យ៣១ឆ្នាំរូបនេះបានចាកចេញពីទ័ពទៅចូលរួមជាមួយព្រះខ័នរាជស្វាយរៀងកាលពីអំឡុងខែធ្នូ ឆ្នាំ២០១៩។
កីឡាករមានស្រុកកំណើតនៅខេត្តព្រៃវែងរូបនេះ បានចូលប្រឡូកក្នុងវិស័យកីឡាបាល់ទាត់ដំបូងដោយធ្វើជាយុវជនថ្នាលរបស់ទ័ព ហើយត្រូវបានដំឡើងឲ្យលេងក្នុងឈុតធំនៅឆ្នាំ២០១០ រហូតដល់ឆ្នាំ២០១៩។ រូបគេ បានក្លាយជាសមាជិកក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំ ២៣ឆ្នាំ និងក្រុមជម្រើសជាតិនៅអំឡុងឆ្នាំ២០១១៕
Tag:
បាល់ទាត់
សមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទ
© រក្សាសិទ្ធិដោយ thmeythmey.com